ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ប្រគល់ពាន់ដល់ជ័យលាភីទាំង៥ក្រុមក្នុងកម្មវិធី«នវានុវត្តន៍បញ្ច្រាស»
17, Jun 2021 , 9:59 pm        
រូបភាព
មជ្ឈមណ្ឌលបណ្ដុះធរុកិច្ចថ្មី«តេជោ» បានរៀបចំពិធីប្រគល់ពានរង្វាន់ ដល់ម្ចាស់ជ័យចំនួន៥ក្រុម ដែលបានចូលរួមប្រកួតប្រជែង នៅក្នុង«កម្មវិធីនវានុវត្តន៍បញ្ច្រាស» ។ ពិធីប្រគល់រង្វាន់នេះ ធ្វើឡើងនៅថ្ងៃទី១៦ មិថុនាកន្លងទៅ ដោយម្ចាស់ជ័យលាភីលេខ១គឺក្រុម ARSAR ទទួលបានប្រាក់រង្វាន់៤០លានរៀល, លេខ២គឺក្រុម 3S ទទួលបានប្រាក់រង្វាន់៣០លានរៀល, និងលេខ៣គឺក្រុម NAPT ទទួលបានប្រាក់រង្វាន់២០លានរៀល។ គណៈកម្មការបានសម្រេចផ្តល់នូវពានរង្វាន់ចំនួន២បន្ថែមដល់ ក្រុម FaS eKYC សម្រាប់ផ្នែក"The Most Ready-To-Go Solution" និង ក្រុម ដើមលុយ សម្រាប់ ផ្នែក"The Most Innovative Idea"។

 
លោក តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ដែលបានចូលរួមប្រគល់ពានរង្វាន់ជូនក្រុមជ័យលាភីទាំងនោះបានប្រសាសន៍ថា ក្នុងចំណោមក្រុមដែលទទួលបានពានរង្វាន់ មានក្រុមចំនួន៤ បានអភិវឌ្ឍផលិតផល«ការងារស្គាល់អតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (eKYC)» ដោយប្រើបច្ចេកវិទ្យាបញ្ញានិម្មិត។ 
 


 
សម្រាប់លោក តាំង ងួនលី  នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតផលិតផល និងផ្ដល់សេវាកម្មជូនអតិថិជនដែលមានលក្ខណៈនវានុវត្តន៍ និងឌីជីថល eKYC ពិតជាដើរតួនាទីសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវដំណើរការទទួលបានអតិថិជនថ្មីបានឆាប់រហ័ស និងងាយស្រួលជាងមុន ជាពិសេសក្នុងបិរបទនៃជំងឺកូវីដ-១៩នេះ ដែលតម្រូវឱ្យមានការកាត់បន្ថយការជួបគ្នាដោយផ្ទាល់ និងការប្រើក្រដាសស្នាមជាអប្បបរមា។ លោកបន្ថែមថា៖ «ការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីមួយ ដែលមានភាពរស់រវើកសម្រាប់ធ្វើអាជីវកម្ម ពិតជាអាចជំរុញឱ្យមានការលូតលាស់ នូវធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា»។
 
សូមបញ្ជាក់ថា  “កម្មវិធីនវានុវត្តន៍បញ្ច្រាស” គឺជាកម្មវិធីដំបូងគេនៅកម្ពុជា ដែលបានប្រើអភិក្រមបញ្ច្រាសពីកម្មវិធីពន្លឿនអាជីវកម្មទូទៅ ដោយស្វែងរកក្រុមហ៊ុនសាជីវកម្មប្រកាសអំពីបញ្ហាប្រឈមរបស់ពួកគេ ហើយឱ្យក្រុមធុរកិច្ចថ្មី ជាអ្នកអភិវឌ្ឍផលិតផលបែបនវានុវត្តន៍ ក្នុងការដោះស្រាយបញ្ហាទាំងនោះដើម្បីប្រកួតប្រជែងយកជ័យលាភី។ កម្មវិធីនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតអន្តរទំនាក់ទំនង រវាងស្ថាប័ននានាក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ដែលរួមមានរាជរដ្ឋាភិបាល, ស្ថាប័នឯកជន, គ្រឹះស្ថានអប់រំ, ក្រុមធុរកិច្ចថ្មី, វិនិយោគិន, និងដៃគូអភិវឌ្ឍន៍។ ក្រោយភាពជោគជ័យនេះ បច្ចុប្បន្ន មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” កំពុងរៀបចំកម្មវិធីពន្លឿនអាជីវកម្មថ្មីមួយទៀត ដែលនឹងដំណើរការក្នុងពេលឆាប់ៗ ដើម្បីបំផុសឱ្យមានការអភិវឌ្ឍផលិតផលឌីជីថលថ្មីៗបន្ថែម និងកសាងគ្រឹះសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាឱ្យកាន់តែរឹងមាន ក៏ដូចជាជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ឱ្យកាន់តែរស់រវើក៕
 










 

Tag:
 តាំង ងួនលី
 នវានុវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com