ជាតិ
ជីវិតសិស្សនៅជនបទ៖ ការសិក្សានិងការងារគ្រួសារ សឹងមានទម្ងន់ស្មើគ្នា
18, Jun 2021 , 12:59 pm        
រូបភាព
ភ្នំពេញ៖ ក្រៅតែពីការសិក្សារៀនសូត្រនៅក្នុងសាលា សិស្សានុសិស្សនៅជនបទ តែជួយសម្រាលបន្ទុកការងារក្នុងគ្រួសារ ជាពិសេសជួយជំនួសការងារម្ដាយឪពុក លើមុខការណាដែលពួកគេអាចធ្វើបាន។ មិនថាការងារស្រែចម្ការ ឬការងារចង្ក្រានជើងឆ្នាំងឡើយ សិស្សនៅជនបទទាំងស្រីទាំងប្រុស ធ្វើបានទាំងអស់។ នេះគឺជាវប្បធម៌នៃការអប់រំកូនៗ របស់អាណាព្យាបាលនៅជនបទ ដើម្បីឱ្យពួកគេចេះរៀនទីពឹងខ្លួនឯងតាំងតែពីក្មេង។



ភាគដ៏ច្រើន សិស្សនៅជនបទ ត្រូវបានទម្លាប់ឱ្យចេះធ្វើការងារផ្ទះ ដើម្បីជួយជំនួសដៃជើងម្ដាយឪពុក តាំងតែពីពួកគេនៅតូចៗ។ ការទៅរៀននៅសាលាទៀងទាត់ គឺជាកាតព្វកិច្ចសិស្សនៅជនបទត្រូវតែបំពេញ។ ក្រោយចេញពីសាលារៀនវិញ ម៉ោងដែលទំនេរពីការរំឭកមេរៀននៅផ្ទះ សិស្សានុសិស្សនៅជនបទ ត្រូវតែជួយការងារផ្ទះ ដូចមនុស្សធំដែរ ប៉ុន្តែធ្វើការងារណាដែលសមស្របនឹងកម្លាំងរបស់ពួកគេ។
 
ចាប់រាប់ពីសិស្សដែលរៀននៅថ្នាក់បឋមសិក្សាឡើងទៅ ពួកគេត្រូវក្រោកពីម៉ោង៥ទៀបភ្លឺ ឬយ៉ាងយូរម៉ោង៥កន្លះព្រឹក ដើម្បីរំឭកមេរៀន បន្ទាប់មកសាមុងកន្ទេល បោសជូតផ្ទះ ហើយចុះទៅបោសសំរាមជុំវិញផ្ទះ ខ្លះទៅដាំទឹក និងដាំបាយព្រឹក ខ្លះបញ្ចេញគោពីក្រោល បន្ទាប់មកទើបទៅងូតទឹក និងស្រស់ស្រូបអាហារពេលព្រឹក មុនចេញដំណើរទៅសាលារៀន។


 
ចេញពីរៀនវិញវេលាថ្ងៃត្រង់ ប្រសិនបើបាយមិនទាន់ឆ្អិនទេ ពួកគេរូតរះប្ដូរសម្លៀកបំពាក់ ហើយមកជួយដាំស្ល ដើម្បីឆាប់បានទទួលទាន។ សម្រាកថ្ងៃត្រង់បន្តិចក្រោយពេលបាយ សិស្សខ្លះរំឭកមេរៀន ដែលទើបនឹងបានរៀន ហើយសិស្សខ្លះទៀតលេងល្បែងផ្សេងៗ តាមវិស័យជាក្មេង។ 
 
វេលាថ្ងៃរសៀល ដែលជាម៉ោងអ្នកនៅជនបទចុះទៅដីស្រែចម្ការ ដើម្បីធ្វើការងារផ្សេងៗ ក្មេងៗក៏តម្រូវឱ្យទៅជាមួយដែរ។ មនុស្សធំនឹងធ្វើការបណ្ដើរ ហើយប្រាប់ប្រងពីរបៀបធ្វើការងារដល់ក្មេងៗបណ្ដើរ ដើម្បីឱ្យពួកគេ ចេះធ្វើការងារទាំងនោះបានត្រឹមត្រូវ។
 
នៅពេលល្ងាច ដែលជាវេលាសម្រាកពីការងារ ពួកគេនាំគ្នាទៅផ្ទះ អ្នកណាមើលគោ ក៏ដឹកគោទៅផ្ទះ អ្នកណាធ្វើការងារអ្វី ក៏រៀបចំទុកដាក់របស់របរឱ្យបានរៀបរយ មុននឹងធ្វើដំណើរទៅផ្ទះ។ មកដល់ផ្ទះនោះទៀតសោត ប្រសិនបើបាយពុំទាន់ឆ្អិនទេ ពួកគេក៏ជួយចម្អិនឱ្យឆាប់ឆ្អិន នឹងបានងូតទឹកហើយទៅទទួលទានបាយជុំគ្នា។ 
 
ក្រោយទទួលទានបាយល្ងាចរួច ពួកគេមានតួនាទីរំឭកមេរៀនម្ដងទៀត ចំពោះមេរៀនណាដែលបានរៀនរួច និងមើលមេរៀនថ្មី ដើម្បីត្រៀមទុកសម្រាប់ការសិក្សានៅសាលាក្នុងថ្ងៃស្អែក មុននឹងពួកគេចូលដំណេក។ ជីវិតបែបនេះ វិលជុំដូចកង់រទេះ ដដែលៗជារៀងរាល់ថ្ងៃ។ មិនមែនថាក្មេងៗនៅជនបទ មិនមានពេលទំនេរ ឬសម្រាកលំហែកាយឡើយ ប៉ុន្តែគ្រាន់តែមានតិច។ ពេលវេលាពួកគេភាគច្រើន មិនសូវចំណាយចោលដោយឥតប្រយោជន៍ឡើយ។  
 



វប្បធម៌នៃការអប់រំណែនាំកូនពីការងារផ្សេងៗ និងការបង្រៀនកូនឱ្យចេះជួយការងារផ្ទះ មិនប្រកាន់មុខនាទី សម្រាប់ម្ដាយឪពុកនៅជនបទ ធ្វើឡើងក្រោមទ្រឹស្ដីថា «បង្រៀនវាឱ្យចេះទៅ បើថ្ងៃណាមួយអត់ពីយើង វានឹងអាចទីពឹងខ្លួនឯងបាន» «ពត់ឈើទាន់នៅតូច» «សាលាថាស្រួលនិយាយ ប៉ុន្តែសាលាធ្វើពិបាក»។ ដូច្នោះហើយ ការងារសព្វសារពើ ទាំងការងារធ្ងន់ ការងារស្រាយ ការងារប្រើកម្លាំង និងការងារប្រើបញ្ញា ក្មេងនៅជនបទសុទ្ធតែបានឆ្លងកាត់។
 
ក្មេងនៅជនបទ ត្រូវបានទម្លាប់ឱ្យចេះធ្វើការងារ តាំងតែពីពួកគេចេះដើរម្ល៉េះ គឺធ្វើការងារណាដែលពួកគេអាចធ្វើបាន។ អាណាព្យាបាលនៅជនបទភាគច្រើន មិនទម្លាប់ឱ្យក្មេងត្អូញត្អែរ ឬរអ៊ូរទាំពេលធ្វើការងារ មិនបណ្ដោយឱ្យពួកគេ ក្លាយជាក្មេងរឹងត្អឹង និងទម្រើសឡើយ។ ចាស់ទុំតែងប្រាប់ក្មេងៗថា ចុះបើអត់ពីម៉ែពីពុកទៅ តើកូនរស់ដោយរបៀបណា? ក្មេងនៅជនបទភាគច្រើន ត្រូវបានអប់រំឱ្យចេះគោរពចាស់ទុំ ឱនលំទោនចំពោះអ្នកមានអាយុច្រើនជាង និងចេះគួរសមទៅមនុស្សគ្រប់គ្នាជានិច្ច៕

Tag:
 សិស្ស
  សិក្សា
  អប់រំ
  ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com