កីឡាអន្តរជាតិ
អន្តរជាតិ
មេធាវីគិលានុបដ្ឋាយិកាម្នាក់ថា គ្រូពេទ្យជាអ្នកសម្លាប់ Maradona
18, Jun 2021 , 10:57 am        
រូបភាព
ដោយ៖ជា យូគៀង

លោកមេធាវី San Isidro សញ្ជាតិអាហ្សង់ទីន ដែលជាមេធាវីរបស់គិលានុបដ្ឋាយិកាម្នាក់មើលថែលោក Maradona បាននិយាយកាលពីថ្ងៃពុធថា វេជ្ជបណ្ឌិតម្នាក់ ដែលបានព្យាបាលលោក Maradona ជាអ្នកសម្លាប់វីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះ ដោយសារការធ្វេសប្រហែស។



«ពួកគេសម្លាប់គាត់(Maradona)»។ មេធាវី Rodolfo Baque បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកូនក្តីរបស់គាត់គឺគិលានុបដ្ឋាយិកា Dahiana Gisela Madrid ត្រូវបានសាកសួរដោយព្រះរាជអាជ្ញា។ ការស្លាប់របស់លោក Maradona ត្រូវបានកើតឡើងក្នុងវ័យ៦០ ឆ្នាំកាលពីខែវិច្ចិកា ឆ្នាំ២០២០ កន្លងទៅ ដោយសារជំងឺគាំងបេះដូង ក្រោយពីលោក Maradona បានធ្វើការវះកាត់ឈាមកកក្នុងខួរក្បាលរួច។ 
 
អ្នកស្រី Dahiana Gisela Madrid ជាមនុស្សម្នាក់ក្នុងចំណោមជនជាប់ចោទ ៧នាក់ផ្សេងទៀត ដែលត្រូវបានសាកសួរក្នុងករណីការស្លាប់របស់លោក Maradona ។ អ្នកជំនាញរកឃើញថាលោក Maradona ត្រូវបានទទួលការថែទាំមិនបានដិតដល់ ដោយសារគ្រូពេទ្រប្រចាំខ្លួន ទុកឲ្យលោក Maradona មានការឈឺចាប់រយៈពេលយូរ រហូតដល់ស្លាប់។
 
លោក Rodolfo Baque បានបដិសេដថា កូនក្តីលោក មិនគួរត្រូវបានស្តីបន្ទោស ចំពោះមរណភាពរបស់វីរបុរសបាល់ទាត់ Maradona ឡើយ។ លោក Baque បានអះអាងថា អំឡុងលោក Maradona វះកាត់ឈាមកកក្នុងខួរក្បាលនោះ ក្រុមគ្រូពេទ្យបានផ្តល់ថ្នាំវិកលចរិកបន្ថែម ដែលបានប៉ះពាល់ និងបង្កើនអត្រាចង្វាក់បេះដូងកាន់តែខ្លាំង។
 
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញ២០នាក់ នៅប្រទេសអាហ្សង់ទីន បានបញ្ជូនមកស៊ើបអង្គេតក្នុងករណីលោក Maradona កាលពីខែឧសភាកន្លងទៅ ដោយបានរកឃើញថា ការព្យាបាលលោក Maradona គឺមានភាពទន់ខ្សោយ និងមិនទៀងទាត់ បូករួមទាំងក្រុមវេជ្ជសាស្រ្ត បានបណ្តោយឲ្យការរស់រានរបស់ Maradona ទៅជាវេទនា។

មកដល់ពេលនេះ ជនសង្ស័យចំនួន៧នាក់ ដែលកំពុងតែស្ថិតនៅក្រោមការឃុំខ្លួនជាបណ្ដោះអាសន្ន ហើយតុលាការនឹងបន្តសាកសួរជាបន្តបន្ទាប់ ជុំវិញការស្លាប់របស់លោក Maradona នេះ។ បើមានការពាក់ព័ន្ធណាមួយ ត្រូវបានគេរកឃើញថា ជនទាំង៧នាក់នោះ បានប្រព្រឹត្តនោះ ពួគគេនឹងត្រូវបានតុលាការ ដាក់ឲ្យជាប់ឃុំ រយៈពេលពី៨ឆ្នាំទៅ ២៥ឆ្នាំ៕
 

Tag:
 Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com