ជាតិ
សម្ដេច ហ៊ុន សែន៖«ការបាត់បង់លោក ទឹង វ៉ាន់ គឺជាការបាត់បង់វីរសិល្បករអាយ៉ៃដ៏ឆ្នើមមួយរូប»
18, Jun 2021 , 3:59 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងសាររំលែកទុក្ខ ជូនចំពោះអ្នកស្រី នូ សុភី ចំពោះការបាត់បង់លោក ទឹង វ៉ាន់ ដែលជាវីរសិល្បករផ្នែកចម្រៀងអាយ៉ៃដ៏ឆ្នើម។



សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ក្នុងសាររំលែកទុក្ខថា ការបាត់បង់លោក ទឹង វ៉ាន់ ហៅ តា សាឡាត់ គឺជាការបាត់បង់ស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហាធម៌ និងជាការបាត់បង់វីរសិល្បករ ដ៏ឆ្នើមមួយរូប ដែលធ្លាប់បានលើកស្ទួយវិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈចម្រៀងអាយ៉ៃ។
 
សម្ដេចបន្ថែមដូច្នេះ៖«ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក ទឹង វ៉ាន់ សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។
ដូចគ្នាដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏បានសម្ដែងនូវក្ដីសោកស្ដាយចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ ផងដែរ។ លោកស្រី បានបញ្ជាក់ក្នុងលិខិតរំលែកទុក្ខថា លោកស្រីមានក្ដីរន្ធត់ ស្លុតចិត្ត និងសោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់។ លោកស្រីបន្ថែមថា នេះគឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលធ្លាប់បានលើកស្ទួយវិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈចម្រៀងអាយ៉ៃ។ 
 
«តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ទឹង វ៉ាន់ ហៅលោកតា សាឡាត់ សូមបានទៅកាត់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកស្រី ភឿង សកុណា។
 
តាមការបញ្ជាក់ពីអ្នកស្រី នូ សុភី ដែលត្រូវជាភរិយាសព ប្រាប់សារព័ត៌មានថ្មីៗថា លោកតា សាឡាត់ មានឈ្មោះពី គឺឈ្មោះ ម៉ក់ កាណេន និងឈ្មោះ ទឹង វ័ន (វ័ន សរសេរតាមការប្រកបរបស់ភរិយាសព)។ អ្នកស្រី នូ សុភី ក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឯកសារ លោក ម៉ក់ កាណេន កើតក្នុងឆ្នាំ១៩៤២ ប៉ុន្តែអាយុដែលបានចុះក្នុងអត្តសញ្ញាណប័ន គឺលោកកើតក្នុងឆ្នាំ១៩៤៨។
សូមបញ្ជាក់ថា សិល្បករចម្រៀងអាយ៉ៃជើងចាស់លោក ម៉ក់ កាណេន ឬហៅលោក ទឹង វ័ន ដែលមានឈ្មោះក្នុងសិល្បៈថា នាយសាឡាត់ បានទទួលមរណភាព កាលពីម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ ទោះជាយ៉ាងណា ក្រសួងវប្បធម៌ បញ្ជាក់ថាលោក ទឹង វ័ន ស្លាប់ក្នុងជន្មាយុ៨១ឆ្នាំ៕

Tag:
 វប្បធម៌
  អាយ៉ៃ
  សិល្បៈ
  សិល្បៈបុរាណ
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com