អន្តរជាតិ
លោក ពូទីន សរសើរលោក បៃឌិន ថា មានវិជ្ជាជីវៈ និងច្បាស់លាស់ក្នុងការងារ
18, Jun 2021 , 9:29 pm        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក (ខាងឆ្វេង) ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ Twitter-ក្រសួងការបរទេសរុស្ស៊ី
លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក (ខាងឆ្វេង) ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ Twitter-ក្រសួងការបរទេសរុស្ស៊ី
ក្រោយជួបគ្នាលើកដំបូង ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៧ ខែមិថុនា បានសរសើរប្រធានាធិបតីអាមេរិក ចូ បៃឌិន ថា មានវិជ្ជាជីវៈត្រឹមត្រូវ និងច្បាស់លាស់ក្នុងការងារ។ លោក ពូទីន ក៏ត្រៀមចរចាបន្ថែមទៀត លើបញ្ហាមួយចំនួនរវាងអាមេរិក និងរុស្ស៊ីផងដែរ។



 
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រើពាក្យសម្តីគោរពទៅកាន់សមភាគីអាមេរិក លោក ចូ បៃឌិន ហើយថែមទាំងសរសើរថា ប្រធានាធិបតីអាមេរិកវ័យ ៧៨ឆ្នាំរូបនេះ មានវិជ្ជាជីវៈថែមទៀត។ 
 
«លោក បៃឌិន ជាបុគ្គលមានវិជ្ជាជីវៈមួយរូប ហើយអ្នកត្រូវតែប្រយ័ត្នក្នុងពេលធ្វើការជាមួយគាត់ ដើម្បីប្រាកដថា អ្នកមិនបានភ្លេចពីបញ្ហាអ្វីមួយ»។ លោក ពូទីន បាននិយាយបែបនេះ នៅក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិតសកលវិទ្យាល័យរុស្ស៊ី តាមប្រព័ន្ធវីដេអូ។ នេះជាការអធិប្បាយលើកដំបូងរបស់លោក ពូទីន ពាក់ព័ន្ធជំនួបនៅហ្សឺណែវ។ 
 
បើតាមលោក ពូទីន បើទោះជាប្រធានាធិបតីអាមេរិក ធ្វើដំណើរយ៉ាងឆ្ងាយ និងមានបញ្ហារំខានមួយចំនួនក្តី មេដឹកនាំអាមេរិក នៅតែបន្តភាពស្រស់ស្រាយដដែល ស្របពេលកិច្ចប្រជុំបានធ្វើឡើងជាច្រើនម៉ោង។ លោក ពូទីន ក៏បានកត់សម្គាល់ឃើញផងដែរថា លោកបៃឌិន បានជជែកនៅក្នុងកិច្ចប្រជុំលើសពីអ្វី ដែលលោកបានសង្ខេបទុកទៅទៀត។ 
 
តាមរយៈប្រព័ន្ធវីដេអូដដែលនោះ លោក ពូទីន ក៏បានបង្ហាញពីជំហរបន្តការ ពិភាក្សាជាមួយអាមេរិកផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី បានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយ ក្នុងការពិភាក្សាបញ្ហាផ្សេងៗជាមួយអាមេរិក។ 
 
គួររំលឹកថា នៅជំនួបក្នុងក្រុងហ្សឺណែវ ថ្នាក់ដឹកនាំអាមេរិក និងរុស្ស៊ី បានឯកភាពលើការចរចា និងសហការជាមួយគ្នាលើបញ្ហាជាច្រើន ក្នុងនោះមានដូចជា ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បញ្ហាអ៊ីរ៉ង់ ស៊ីរី ការបន្ធូរបន្ថយភាពតានតឹងនៃទំនាក់ទំនងប្រទេសទាំងពីរ តាមរយៈការអនុញ្ញាតឱ្យមន្រ្តីទូតចូលធ្វើការវិញ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាដើម៕
 

Tag:
 រុស្ស៊ី
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com