ជាតិ
សង្គមជាតិ
សកម្មជនបរិស្ថាន ត្រូវសង្ស័យថា រួមគំនិតក្បត់ជាតិ?
18, Jun 2021 , 10:59 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវតី ស៊ុន រដ្ឋា និង យុវជន សិដ្ឋ ឈីវលីម៉េង (រូបពីទំព័រហ្វេសប៊ុក Mother Nature Cambodia)
ពីឆ្វេងដៃទៅ៖ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវតី ស៊ុន រដ្ឋា និង យុវជន សិដ្ឋ ឈីវលីម៉េង (រូបពីទំព័រហ្វេសប៊ុក Mother Nature Cambodia)
អ្នកប្រឆាំង ចាត់ទុកថា «អយុត្តិធម៌បំផុត» ចំពោះការដាក់ក្តីសង្ស័យលើសកម្មជនបរិស្ថានបីនាក់ ថាពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ជាតិ ឬប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។



យុវជនពីរនាក់ និងយុវតីម្នាក់ ដែលជាសមាជិកនៃក្រុមមាតាធម្មជាតិ ត្រូវរាយការណ៍ថា ត្រូវចាប់ខ្លួននិងបញ្ជូនទៅតុលាការភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ គេ កំពុងតែតាមដានមើលបទចោទ ដែលតុលាការ នឹងចោទលើសកម្មជនបរិស្ថានវ័យក្មេងទាំងបីនាក់នោះ គឺយុវតី ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុទ្ធ និង យុវជន សិដ្ឋ ឈីវលីម៉េង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យនិងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានវីអូអេថា៖«ការចាប់ហ្នឹង គឺអនុវត្តតាមសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ។ ចោទពីបទរួមគំនិតក្បត់ [ជាតិ]»។

បន្ថែមពីនេះ លោក ឆាយ គឹមខឿន បាននិយាយជាមួយសារព័ត៌មានហ្រ្វេសញូថា សកម្មជនទាំងនោះ ជាក្រុម ដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីលោក អាឡិច (Alejandro Gonzalez Davidson) ជនជាតិអេស្បាញ ដែលជាអ្នកបង្កើតអង្គការមាតាធម្មជាតិនៅកម្ពុជា (Mother Nature Cambodia)។ លោក និយាយទៀតថា សកម្មជនទាំងនោះ ជ្រកក្រោមស្លាកបរិស្ថាន ដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មានពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីញុះញង់ប្រជាពលរដ្ឋ ឲ្យប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាល។ 
 
តាមរយៈហ្វ្រេសញូដដែល លោក ឆាយ គឹមខឿន ថែមទាំងអះអាងថា ពួកគេ ធ្វើសកម្មភាពបាន ដោយសារតែមានការផ្តល់ហិរញ្ញប្បទាន ដែលផ្គត់ផ្គង់ដោយមេកើយរបស់ពួកគេ ជាជនបរទេសនៅក្រៅប្រទេស។ លោក ហៅហិរញ្ញប្បទាននេះ ថាជា ហិរញ្ញប្បទានភេរវកម្ម។
 
មិនខុសពីលោក ឆាយ គឹមខឿន នោះទេ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមថា មូលហេតុនៃការចាប់សកម្មជនបរិស្ថានខាងលើ គឺដោយសារពួកគេ ធ្វើសកម្មភាពក្នុងអង្គការចាត់តាំងខុសច្បាប់ ដោយមានជនបរទេសបញ្ជាពីក្រៅប្រទេស។ លោក ក៏ចាត់ទុកការធ្វើសកម្មភាព ដែលមានជនបរទេសបញ្ជាពីក្រោយខ្នងនេះ ថាស្ថិតក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលដែរ ក្រោមការយកការងារបរិស្ថានធ្វើជាលេស និងប្រើប្រាស់ថវិកាភេរវកម្ម។ លោក ក្រើនរម្លឹកថា៖«យុវជនខ្មែរមួយចំនួន មិនគួរឈ្លក់វង្វេងនឹងល្បិចកលជនបរទេសទេ»។ 
 
អ្នកប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស បានប្រតិកម្មខ្លាំងៗ ក្រោយឃើញសារព័ត៌មាន ចុះផ្សាយពីសម្តីរបស់មន្រ្តីជាន់ខ្ពស់នគរបាលជាតិ ដែលដាក់ការសង្ស័យលើសកម្មជនបរិស្ថាន ថា ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ជាតិ ឬពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល រហូតដល់ការប្រើពាក្យថា សកម្មជនបរិស្ថានទាំងនោះ ទទួលជំនួយហិរញ្ញប្បទានភេរវកម្ម។ 
 
អនុប្រធានទាំងពីរនៃអតីតគណបក្សសង្គ្រោះជាតិ គឺអ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង បានបង្ហោះសារតែមួយដូចគ្នា លើទំព័រហ្វេសប៊ុករបស់ពួកគាត់ថា៖«វា ពិតជាអយុត្តិធម៌បំផុត ចំពោះយុវជនខ្មែរ ដែលមានស្មារតីក្នុងការការពារបរិស្ថាន ដើម្បីប្រយោជន៍សាធារណៈ និងសង្គមជាតិទាំងមូល តែផ្ទុយទៅវិញពួកគាត់ ត្រូវបានរបបក្រុងភ្នំពេញ ចោទថាជា ពួកភេរវកម្ម ផ្ដួលរំលំរដ្ឋាភិបាលទៅវិញ»។
 
លោក ឆាយ គឹមខឿន មិនឆ្លើយតបនឹងមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឆាំងឡើយ ដោយលោក យល់ថា ទោះអាជ្ញាធរ ធ្វើអ្វីក៏ដោយ ក៏មិនដែលត្រូវដែរ សម្រាប់ក្រុមក្រុមប្រឆាំង ដូច្នេះ ទោះលោក បកស្រាយយ៉ាងណា ក៏មិនត្រូវដូចគ្នា សម្រាប់ក្រុមប្រឆាំង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក មានប្រសាសន៍ថា៖«ឲ្យខ្ញុំ ឆ្លើយនឹងពួកប្រឆាំង ខ្ញុំអត់ឆ្លើយទេ ខ្ញុំ ឆ្លើយម៉េចក៏អត់ត្រូវដែរ»។ 
 
ក្រុមមាតាធម្មជាតិ បង្ហោះព័ត៌មានលើទំព័រហ្វេសរបស់ខ្លួនថា សកម្មទាំងអស់ មាន៤នាក់ ដែលស្ថិតក្នុងការតាមចាប់ ដោយក្នុងនោះ បីនាក់ខាងលើ ត្រូវចាប់ខ្លួនបាន ហើយដោយឡែក យុវជនម្នាក់ទៀតឈ្មោះ យីម លាងហ៊ី បានបាត់ខ្លួន ដោយមិនដឹងដំណឹងនោះទេ។ ក្រុមមាតាធម្មជាតិ សរសេរថា៖«អ្នកធ្វើការងារសង្គម អ្នកស្រលាញ់បរិស្ថាន អ្នកស្រលាញ់ជាតិទឹកដីខ្មែរ [ត្រូវ] ចោទ ចាប់ [ជាប់] គុក...។ អ្នកកាប់ព្រៃឈើ អ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ ចូលរួមការពារ និងលើកស្ទួយជាឧកញ៉ា»។ 
 
ដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ទៅកម្លាំងសមត្ថកិច្ច ឲ្យតាមចាប់សកម្មជនទាំងបួននាក់ ដើម្បីយកទៅសួរពី «ដំណើររឿងបង្កអសន្តិសុខសង្គម»។ យ៉ាងណាក៏ដោយ ការចោទប្រកាន់ផ្លូវការលើសកម្មជនបរិស្ថានពីបទចោទអ្វីនោះ គឺជាសិទ្ធិអំណាចរបស់អយ្យការ។

ចំពោះសកម្មបរិស្ថានបីនាក់ ដែលត្រូវបញ្ជូនទៅតុលាការ មកដល់ពេលនេះ គេ មិនទាន់ទទួលដំណឹងទេថា ពួកគេ  ត្រូវយកឃុំបណ្តោះអាសន្នឬយ៉ាងណា។ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយសារប្រព័ន្ធទូរស័ព្ទមិនអាចទាក់ទងបាន។ 
 
សូមរម្លឹកថា លោក អាឡិច ដែលចេះនិយាយភាសាខ្មែរច្បាស់ បានមករស់នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារពាក់ព័ន្ធបរិស្ថាននិងព្រៃឈើ ហើយលោក ត្រូវបានរដ្ឋាភិបាលកម្ពុជាបណ្តេញចេញ កាលពីឆ្នាំ២០១៥ និងលែងឲ្យចូលកម្ពុជាវិញ។ អាឡិច រងការចោទថា ការបំពេញការងាររបស់លោក ពាក់ព័ន្ធនឹងបរិស្ថាននិងព្រៃឈើ បានល្មើសនឹងច្បាប់កម្ពុជា ហើយជាមូលហេតុ ដែលលោក ត្រូវបណ្តេញចេញ។ ក្រោយមក នៅឆ្នាំ២០១៧ អង្គការមាតាធម្មជាតិ ដែលលោក បង្កើតឡើង ត្រូវលុបចេញពីបញ្ជីនៅក្រសួងមហាផ្ទៃ។ 
 
ថ្វីបើអាឡិច ចេញពីកម្ពុជា ហើយអង្គការមាតាធម្មជាតិ ត្រូវលុបចេញពីបញ្ជី តែស្រមោលនៃអង្គការមាតាធម្មជាតិ នៅតែមាន ពោលគឺ អង្គការនេះ នៅតែមានបណ្តាញយុវជនរបស់ខ្លួន បន្តធ្វើសកម្មភាពពាក់ព័ន្ធនឹងបរិស្ថាននិងព្រៃឈើដដែល។ ចំណែកអាឡិច នៅតែបន្តរិះគន់ពីបញ្ហាបរិស្ថាននិងព្រៃឈើនៅកម្ពុជា ពីក្រៅប្រទេសមក៕  
 
 

Tag:
 សកម្មជាតិបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com