កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ពូល D មិនទាន់កាត់សេចក្តីដោយសារអង់គ្លេសស្មើ ០-០ ជាមួយស្កុតឡែន ក្រោយក្រូអាស៊ីតាមស្មើឆែក ១-១
19, Jun 2021 , 7:59 am        
រូបភាព
ប្រធានក្រុមស្កុតឡែន Andrew Robertson ទាញអាវខ្សែបម្រើអង់គ្លេស Phil Foden។ រូបថត Getty Image
ប្រធានក្រុមស្កុតឡែន Andrew Robertson ទាញអាវខ្សែបម្រើអង់គ្លេស Phil Foden។ រូបថត Getty Image
ពូល D នៃព្រឹត្តិការណ៍ Euro 2020 មិនទាន់​រក​ឃើញ​ក្រុម​ដែលត្រូវឡើង​ទៅ​កាន់វគ្គ​១៦ក្រុម​ចុងក្រោយ​ឡើយ បន្ទាប់ពីលទ្ធផល​ស្មើទាំង​២ប្រកួតនៃជំនួបសប្តាហ៍ទី២។



នៅកីឡដ្ឋាន Wembley ការប្រកួតរវាងម្ចាស់ផ្ទះអង់គ្លេស និងស្កុតឡែន បានបញ្ចប់ដោយមិនមានគ្រាប់បាល់បញ្ចូលទី។ លទ្ធផលនេះ នាំឲ្យក្រុម​លោក Gareth Southgate មាន៤ពិន្ទុ រីឯស្កុតឡែនដែលដឹកនាំដោយ លោក Steve Clarke មាន១ពិន្ទុជាលើកដំបូង។ ខ្សែបម្រើស្កុតឡែន Billy Gilmour ដែលលេងបានយ៉ាងល្អនៅតំបន់កណ្តាល បាន​ក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត Star of the Match។

ចំណែក​ឯការប្រកួត​រវាងសាធារណរដ្ឋឆែក និង​ក្រូអាស៊ី បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ឆែកបាននាំមុខមុននៅនាទី​៣៧ ដែលជាការស៊ុត​ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Patrik Schick ហើយ​ក៏ជាគ្រាប់ទី៣របស់គេក្នុងព្រឹត្តិការណ៍។ នាទី៤៧ ខ្សែបម្រើក្រូអាស៊ី Ivan Perisic តាមស្មើវិញ ដើម្បីចែក​រំលែកម្នាក់១ពិន្ទុ។ ខ្សែបម្រើជើងចាស់ Luka Modric ជាកីឡាករឆ្នើម​ប្រចាំការប្រកួត។



បច្ចុប្បន្នសាធារណរដ្ឋឆែក និងអង់គ្លេស​មាន​៤ពិន្ទុរៀងៗខ្លួន ដោយពួកគេត្រូវប៉ះគ្នាក្នុងសប្តាហ៍ទី៣។ បើការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ក្រុមទាំងពីរនឹងបាន​កៅអីវគ្គ១៦ក្រុម​ចុងក្រោយ។ សម្រាប់ជំនួបចុងក្រោយរវាងក្រូអាស៊ី និងស្កុតឡែន ពួក​គេចាំបាច់ត្រូវការជ័យជម្នះ ដោយ​យ៉ាងណាស់សង្ឃឹមថា ស្ថិតក្នុងចំណោម​ក្រុម​លេខ​៣ឆ្នើម​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com