ជាតិ
«ទួលព័ន្ធតាឡី» ទទួលទេសចរឡើងវិញ ក្រោយទប់ស្កាត់បានជំងឺផ្តាសាយបក្សី
19, Jun 2021 , 10:39 am        
រូបភាព
កន្លងមក សត្វស្លាបរាប់ពាន់ក្បាលនៅតំបន់ទួលព័ន្ធតាឡី ត្រូវបានងាប់ដោយសារជំងឺផ្ដាសាយបក្សី ហើយអាជ្ញាធរក៏សម្រេចផ្អាកតំបន់នេះបណ្ដោះអាសន្ន។ ក្រោយផ្អាកជាង១ខែ តំបន់ទេសចរណ៍មួយនេះ មានមនុស្សទៅកម្សាន្តរាល់ថ្ងៃ ហើយជាង៣០០នាក់ក្នុងមួយសប្ដាហ៍។



«ទួលព័ន្ធតាឡី» មានផ្ទៃដីប្រមាណជាង៨០ហិចតា និងជាតំបន់អភិរក្សសត្វស្លាបនៃខេត្តព្រៃវែង។ តំបន់នេះ ត្រូវបានដំណើរការឡើងវិញ ក្រោយផ្អាកបណ្ដោះអាសន្ន ដោយសារសត្វស្លាបមួយចំនួនបានងាប់ ព្រោះជំងឺផ្ដាសាយបក្សី។ បើតាមលោក នួន សារ៉េត អនុប្រធានតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី ទីតាំងទេសចរណ៍មួយនេះទទួលភ្ញៀវឡើងវិញ តាំងពីពាក់កណ្ដាលខែឧសភាមកម៉្លេះ។ ជារៀងរាល់ថ្ងៃ មានអ្នកទេសចរយ៉ាងហោចណាស់៥០-៦០នាក់ បានទៅកម្សាន្តនៅតំបន់នោះ។


រូបភាពផ្ដល់ដោយលោក នួន សារ៉េត  

អនុប្រធានរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ដូច្នេះថា៖ «ទោះបីបើកទទួលទេសចរ តែយើងមិនអនុញ្ញាតឲ្យមានការលក់ដូរ នំចំណី ភេសជ្ជៈ ក្នុងតំបន់នេះឡើយ។ បើអ្នកមកលេងចង់ញាំអាហារ អាចខ្ចប់ពីផ្ទះមកញាំនៅទីនេះបាន»។ លោក បន្តថា ការធ្វើបែបនេះ គឺដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ដ្បិតជំងឺផ្ដាសាយបក្សីទើបតែទប់ស្កាត់បាន។
តាមការសង្កេតរបស់លោក នួន សារ៉េត វត្តមានសត្វស្លាបក្នុងតំបន់ទួលព័ន្ធតាឡីមានការកើនឡើងនាពេលបច្ចុប្បន្ន។ លោក ពន្យល់ថា ពេលនេះជារដូវកាលដែលសត្វស្លាបបម្លាស់ទី ដោយសត្វមួយចំនួនចាកចេញពីទីនេះទៅតំបន់ផ្សេង ខណៈសត្វមួយចំនួននៅតំបន់ផ្សេងបានផ្លាស់ទីមករស់នៅទីនេះ។
 
សូមបញ្ជាក់ថា រយៈពេលជាង១ខែកន្លងទៅ សត្វស្លាបក្នុងតំបន់ទួលព័ន្ធតាឡីបានងាប់ដោយសារជំងឺផ្ដាសាយបក្សី A/H5N1 ជាង៣ពាន់ក្បាល។ អាជ្ញាធរ បានសន្និដ្ឋានថាជំងឺនេះកើតមានឡើងដោយសារ ការប្រែប្រួលអាធាតុក្ដៅខ្លាំង និងការពុលក្លិនអាចម៍សត្វទាំងនោះ ហើយជំងឺផ្ដាសាយបក្សីនោះ មិនបានចម្លងទៅពលរដ្ឋណាម្នាក់ឡើយ៕


 រូបភាពផ្ដល់ដោយលោក នួន សារ៉េត 

Tag:
 ទួលព័ន្ធតាឡី
 ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com