COVID-19
ជាតិ
កូវីដ-១៩៖ កំពង់ចាមឆ្លងថ្មី៤៣នាក់ សៀមរាប២៩នាក់ និងព្រៃវែង២៧នាក់
19, Jun 2021 , 3:00 pm        
រូបភាព
តួលេខនៃអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅតាមខេត្តនៅតែកើន។ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម រកឃើញមនុស្ស៤៣នាក់ទៀត ឆ្លងកូវីដ-១៩, ខេត្តសៀមរាប មានអ្នកឆ្លងថ្មីនៃជំងឺនេះ២៩នាក់ និងព្រៃវែងមាន២៧នាក់។   សម្រាប់ថ្ងៃទី១៨មិថុនា ក្រៅពីខេត្តទាំងបីនេះ ខេត្តកំពត និងស្វាយរៀង ក៏បន្តរកឃើញនៃអ្នកករណីឆ្លងកូវីដ-១៩ ផងដែរ។

 
កំពង់ចាម៖ ឆ្លងថ្មី៤៣នាក់ និងសះស្បើយពីកូវីដ-១៩ មាន៧៩នាក់ និងស្លាប់២នាក់
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៤៣នាក់ ដែលរដ្ឋបាលខេត្តកំពង់ចាមប្រកាសរកឃើញនាថ្ងៃទី១៨មិថុនា នោះមាននៅក្នុងព្រៃឈរ១៦នាក់, ស្រុកជើងព្រៃមាន៧នាក់, ក្រុងកំពង់ចាម មាន៦នាក់, ស្រុកបាធាយមាន២នាក់, ស្រុកចំការលើមាន៤នាក់។ សម្រាប់ ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកកោះសូទិន ស្រុកស្ទឹងត្រង់ គឺរកឃើញមានវិជ្ជមានកូវីដ-១៩ មួយករណីក្នុងស្រុកនីមួយៗ។  ដោយឡែក អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតនោះ គឺមាន៣នាក់ ជាអ្នកដំណើរមកពីខាងត្បូងឃ្មុំ និងម្នាក់ទៀតមកពីខេត្តកំពង់ធំ។
 
ទន្ទឹមនឹងគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសនូវដំណឹងល្អចំពោះអ្នកជំងឺចំនួន៧៩នាក់ បានជាសះស្បើយកូវីដ-១៩ ផងដែរ។ ចំនួនដែលជាសះស្បើយពីកូវីដ-១៩នេះ ធ្វើឱ្យខេត្តកំពង់ចាមមានអ្នកជាពីកូវីដ-១៩ កើនដល់ ៩៧៧នាក់ ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន៥០៧នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរនានា។
 
សៀមរាប៖ ឆ្លងថ្មី២៩នាក់, ជាសះស្បើយ១០នាក់ និងស្លាប់ម្នាក់
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញមនុស្ស២៩នាក់ឆ្លងកូវីដ-១៩។ ក្នុងនោះមាន ១២នាក់ជាពលរដ្ឋរស់នៅក្នុងសៀមរាប និង១៧នាក់ទៀត ជាអ្នករស់នៅក្នុងស្រុកប្រាសាទបាគង។ ក្រៅពីករណីឆ្លងថ្មីនេះ ក្នុងខេត្តសៀមរាប គឺមានបុរសវ័យ៤០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ-១៩ នាម៉ោងជាង១រសៀលក្នុងថ្ងៃទី១៨មិថុនា។ ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានប្រកាសថាមានអ្នកជំងឺ១០នាក់ទៀត បានជាសះស្បើយពីផងដែរ។  
 
ព្រៃវែង៖ ឆ្លងថ្មី២៧នាក់ នាំឱ្យកើនចំនួនឆ្លងសរុប ១,១៣៥នាក់
 
ខេត្តព្រៃវែង បន្តរកឃើញមនុស្ស២៧នាក់ទៀត ឆ្លងកូវីដ-១៩ ដោយRapid Test។ មនុស្សទាំង២៧នាក់ដែលរកឃើញវិជ្ជាមានកូវីដ-១៩នោះ គឺមានអាយុពី១០ខែ ដល់ ៧០ឆ្នាំ។ ក្នុងចំណោមមនុស្សទាំង២៧មនាក់ដែលឆ្លងកូវីដ-១៩នោះមាន១៣នាក់នៅស្រុកព្រះស្តេច, មាន៧នាក់នៅស្រុកស្វាយអន្ទរ, មាន២នាក់នៅស្រុកកំចាយមារ, ២នាក់នៅក្រុងព្រៃវែង, ម្នាក់នៅស្រុកកំពង់ត្របែក និងអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតស្រុកពោធិ៍រៀង ខណៈអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ជាអ្នកដំណើរមកពីខេត្តកណ្តាល។
 
រដ្ឋបាលខេត្តព្រៃវែងបានបញ្ជាក់ថា ការរកឃើញវិជ្ជមានកូវីដ-១៩លើមនុស្សទាំង២៧នាក់នេះ បានធ្វើឱ្យខេត្តព្រៃវែង មានជំងឺកូវីដ-១៩សរុប ១,១៣៥នាក់ ដោយក្នុងនោះមាន៥៩៩នាក់ បានជាសះស្បើយពីកូវីដ-១៩ និងមាន១២នាក់បានស្លាបដោយសារជំងឺនេះ។ 
 
កំពត៖ ឆ្លងថ្មី២៧នាក់ ក្នុងនោះមាន១៣នាក់
ដូចនឹងខេត្តព្រៃវែងដែរ ខេត្តកំពតក៏រកឃើញមនុស្ស២៧នាក់ទៀត បានឆ្លងកូវីដ-១៩ផងដែរ។  រដ្ឋបាលខេត្តកំពតបានរៀបរាប់ថា ក្នុងចំណោមដែលឆ្លងកូវីដ-១៩ គឺមាននៅស្រុកកំពង់ត្រាចចំនួន៥នាក់, ស្រុកឈូក៤នាក់, ស្រុកដងទង់មាន២នាក់, ស្រុកទឹកឈូ មាន៦នាក់ និងក្រុងកំពត មាន២នាក់។ ចំពោះអ្នកជំងឺកូវីដ-១៩ ចំនួន៨នាក់ទៀតនោះ មានម្នាក់មកពីខេត្តកែប, ៣នាក់មកពីខេត្តតាកែវ, ២នាក់មកពីខេត្តត្បូងឃ្មុំ, ម្នាក់មកពីសីហនុ និងម្នាក់ទៀតមកពីស្វាយរៀង។
មកដល់ពេលនេះ ខេត្តកំពត មានអ្នកឆ្លងកូវីដ-១៩សរុប ៩៦៨នាក់ ដោយក្នុងនោះ ៤២២នាក់បានជាសះស្បើយ និង៥៣៨នាក់កំពុងសម្រាកព្យាបាលជំងឺ ខណៈមនុស្ស៨នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ។
 
ស្វាយរៀង៖ឆ្លងថ្មី១៧នាក់ ដែលសុទ្ធសឹងជាកម្មករ-កម្មការិនីរោងចក្រ
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តស្វាយរៀងរកឃើញនៅថ្ងៃទី១៨មិថុនា មាន៤នាក់ គឺជាកម្មកររោងចក្រTokyo  Parks, និង៤នាក់ ជាកម្មករនៅរោងចក្រ King Marker។ រោងចក្រ កៅ វ៉េ មានអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់, រោងចក្រ Elite មាន៣នាក់។ ដោយឡែក នៅរោងចក្រBrill land Lighting, រោងចក្រ DL និងរោងចក្រសាន់ហ្វាង ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩មួយករណី តាមរោងចក្រនីមួយផងដែរ។ គិតត្រឹមថ្ងៃទី១៨មិថុនា ខេត្តស្វាយវៀង រកឃើញអ្នកឆ្លងកូវីដ-១៩សរុប ១,៣៨១នាក់។ ក្នុងនោះ មាន៩០៩នាក់ បានជាសះស្បើយ , ស្លាប់៩នាក់ និង៤៦៣នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺ។ 
 
គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤២០៥២នាក់ ជាសះស្បើយសរុប៣៦៨៦៨នាក់ និង ស្លាប់សរុប៤១៤នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com