ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទេសអង់គ្លេស មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ២២-២៣មិថុនា
19, Jun 2021 , 5:19 pm        
រូបភាព
លោក Dominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេស ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅអារ៉ាប់។ រូបពី AFP
លោក Dominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេស ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅអារ៉ាប់។ រូបពី AFP
តាមគ្រោងទុក លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការផ្សាយគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



នគរបាលជាតិ អះអាងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Dominic Raab គ្រោងជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេសកម្ពុជា។ ចំពោះជំនួបរវាងសម្តេច ហ៊ុន សែន និង លោក Dominic Raab ត្រូវលុបចោល។ សម្តេច ហ៊ុន ប្រកាសលើទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី១៩ ខែមិថុនានេះថា សម្តេច ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដូច្នេះ សម្តេច ត្រូវធ្វើតេស្តនិងធ្វើចត្តាឡីស័ក១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

មិនមែនតែជំនួបជាមួយលោក Dominic Raab ទេ គឺជំនួបទាំងអស់ មិនថាជំនួបផ្ទាល់ ឬជំនួបតាមប្រព័ន្ធវីដេអូ ត្រូវប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាលលុបចោល។ ប្រមុខរដ្ឋាភិបាលកមម្ពុជា សុំការយោគយល់ពីលោក Dominic Raab។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស មានគម្រោងដើរទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ មុននឹងលោក ចាកចេញពីកម្ពុជា។ 
 
នៅថ្ងៃទី១៨ ខែមិថុនាម្សិលមិញ អគ្គស្នងការរងពីររូបនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និង ឧត្តមសេនីយ៍ឯក យឹម លាង បានបើកប្រជុំពិភាក្សាផែនការការពារសន្តិសុខ សម្រាប់ដំណើររទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស។ តំណាងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក៏ចូលរួមកិច្ចប្រជុំនេះដែរ។ 
 
នគរបាលជាតិ បានស្រង់សម្តីរបស់លោក ឆៃ ស៊ីណារិទ្ធ ក្នុងកិច្ចប្រជុំថា៖«ព្រះរាជាណាចក្រកម្ពុជា តែងបានគិតគូរការពារយ៉ាងម៉ត់ចត់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនានា ត្បិតកម្ពុជាមិនបានរងនូវការគំរាមកំហែងធ្ងន់ធ្ងរណាមួយក៏ដោយ»៕
 
 
 
 

Tag:
 កម្ពុជា-អង់គ្លេស
  Dominic Raab
© រក្សាសិទ្ធិដោយ thmeythmey.com