ជាតិ
តំបន់កោះពោធិ៍ ខេត្តកែប ជាដែនជម្រកសុវត្ថិភាព សម្រាប់ក្ដាមសេះពងកូន
19, Jun 2021 , 9:29 pm        
រូបភាព
(Front) តំបន់កោះពោធិ៍ ខេត្តកែប ជាតំបន់អភិរក្សក្ដាមសេះ ក្នុងរដូវពងកូន។ រូបភាព ពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
(Front) តំបន់កោះពោធិ៍ ខេត្តកែប ជាតំបន់អភិរក្សក្ដាមសេះ ក្នុងរដូវពងកូន។ រូបភាព ពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រែក្លាយតំបន់កោះពោធិ៍ខេត្តកែប ជាដែនជម្រក សម្រាប់ក្ដាមសេះពងកូន។ ក្នុងដែនជម្រកនេះ ក្រសួងមិនអនុញ្ញាតឲ្យមានការនេសាទនូវក្ដាមសេះក្នុងតំបន់នេះ នៅចន្លោះខែឧសភា ដល់ខែកក្កដា។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការដាក់តំបន់កោះពោធិ៍ជាដែនជម្រក សម្រាប់ក្ដាមសេះ ដោយសារទីតាំងនេះសម្បូរដោយស្មៅសមុទ្រដែលបង្កការងាយស្រួលដល់ការពងកូនរបស់ក្ដាមនេះ។ ម្យ៉ាងទៀត ក្ដាមសេះនេះជាសម្បត្តិជលផលសំខាន់ សម្រាប់អ្នកនេសាទសមុទ្រ។


រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានបង្កើត និងគ្រប់គ្រងដែនជម្រកសុវត្ថិភាព ក្នុងខេត្តកែបនេះឡើង ក្រោមជំនួយថវិកាពីមូលនិធិបរិស្ថានសហប្រជាជាតិ (UNEP/GEF) រួមនឹងផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលអភិវឌ្ឍជលផលអាស៊ីអាគ្នេយ៍ (SEAFDEC)។ ក្រសួងកសិកម្ម បានចងក្រងរចនាសម្ពន្ធគ្រប់គ្រង ក្នុងការពង្រឹងលើការអនុវត្តច្បាប់ ក្នុងរដូវហាមឃាត់នេសាទក្ដាមសេះនេះ។
 
រដ្ឋបាលជលផល បង្កើតជម្រកសិប្បនិមិត្តដោយប្រអប់បេតុង សម្រាប់ជាជម្រកក្ដាមសេះ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ និងអង្កេតការវិវដ្ដនៃផលស្តុកក្ដាមសេះ រួមទាំងធនធានជលផលដទៃទៀត ក្នុងតំបន់នេះ។ 
 
សូមជម្រាបផងដែរថា ប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបង្កើតជាតំបន់គ្រប់គ្រងជលផលសមុទ្រ កាលពីថ្ងៃទី១២មេសា ឆ្នាំ២០១៨។ ចំពោះវិសាលភាពអនុវត្តនៅតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប រួមមាន កោះពោធិ៍, កោះស្វាយព្រៃ, កោះហាលត្រី, កោះមាក់ប្រាង, កោះអាចម៍សេះ, កោះអង្ក្រង, កោះស្ងួត, កោះទន្សាយ, កោះស្វាយ, កោះកុក, កោះម្ទេស និងកោះត្បាល់ ស្ថិតក្នុងដែននេសាទ នៃភូមិសាស្ត្រក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានផ្ទៃក្រឡាសរុប ១១,៣០៧ ហិកតា៕
 
 
 

Tag:
 វេង សាខុន
  ក្ដាមសេះ
  តំបន់កោះពោធិ៍
  កែប
© រក្សាសិទ្ធិដោយ thmeythmey.com