អន្តរជាតិ
តៃវ៉ាន់ អរគុណអាមេរិកដែលបង្កើនជំនួយវ៉ាក់សាំងកូវីដ-១៩ លើសការសន្យាបីដង
20, Jun 2021 , 11:59 am        
រូបភាព
កោះតៃវ៉ាន់ បានបង្ហាញការដឹងគុណយ៉ាងអនេកទៅកាន់អាមេរិកដែលបានបង្កើនការផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើសការសន្យាដំបូងដល់ទៅ៣ដង។ ទាំងប្រធានាធិបតី ទាំងរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ សុទ្ធតែបានផ្ញើសារអរគុណរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ចំពោះកាយវិការសប្បុរសនេះ ខណៈតៃវ៉ាន់កំពុងតស៊ូប្រយុទ្ធករណីឆ្លងក្នុងស្រុកដែលបន្តកើនឡើង។

 
ពីដំបូង រដ្ឋការក្រុងវ៉ាស៊ីនតោនប្រកាសផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យតៃវ៉ាន់ចំនួន៧៥ម៉ឺនដូសប៉ុណ្ណោះ។ ប៉ុន្តែស្របពេលលោកប្រធានាធិបតី ចូ បៃឌិន ប្រកាសផ្ដល់វ៉ាក់សាំងជាង៨០លានដូសដែលផលិតនៅអាមេរិកទៅឱ្យប្រទេសនានាលើពិភពលោក ជំនួយទៅកាន់តៃវ៉ាន់ក៏ត្រូវបានបង្កើនដល់ទៅ២,៥លានដូសតែម្ដង។ វ៉ាក់សាំងនេះ ត្រូវទៅដល់តៃវ៉ាន់នៅថ្ងៃទី២០ ខែមិថុនានេះ។
 
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph បានចែករំលែកលើបណ្ដាញសង្គម Twitter របស់លោកពីរូបភាពវ៉ាក់សាំងត្រូវបានលើកដាក់យន្តហោះដឹកជញ្ជូនរបស់អាកាសចរណ៍ China Airline ដោយមានភ្ជាប់សារអរគុណអាមេរិក និងបានរំលេចទំនាក់ទំនងទ្វេភាគីដ៏រឹងមាំផងដែរ។ លោក Wu ក៏ប្រកាសជំហររបស់តៃវ៉ាន់ក្នុងការបន្តធ្វើការជាមួយអាមេរិកលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
 
ចំណែកប្រធានាធិបតី Tsai Ing-wen វិញ ក៏អរគុណសណ្ដានចិត្តរបស់អាមេរិកដែរ។ លោកស្រីសរសេរលើ Twitter ថា៖ «វ៉ាក់សាំងទាំងនេះ នឹងជួយតៃវ៉ាន់មានសុខភាពល្អ និងសុវត្ថិភាពយូរអង្វែង។»
 
ដូចដឹងស្រាប់ អាមេរិក និងតៃវ៉ាន់គ្មានទំនាក់ទំនងការទូតផ្លូវការឡើយ តែអាមេរិកជាខ្នងបង្អែកដ៏ធំមួយរបស់តៃវ៉ាន់ បើទោះជាខ្លួនមានចំណងការទូតជាមួយចិនដីគោកក្ដី។ វ៉ាក់សាំង២,៥លានដូសរបស់ក្រុមហ៊ុន Moderna នឹងធ្វើឱ្យឃ្លាំងវ៉ាក់សាំងរបស់តៃវ៉ាន់កើនឡើងលើសទ្វេដង ហើយនឹងដើរតួនាទីសំខាន់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ដែនកោះនោះ។ តៃវ៉ាន់ ក៏ទើបទទួលបានវ៉ាក់សាំង១,២៤លានដូសពីជប៉ុនផងដែរ៕
 
 
 
 
 

Tag:
 អាមេរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com