ជាតិ
លោក ឃឹម ឆៃយ៉ា អាចផលិតពូជត្រីផ្គត់ផ្គង់ទីផ្សារបានប្រមាណ៣តោន ក្នុងមួយថ្ងៃ
20, Jun 2021 , 10:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកកសិដ្ឋានចិញ្ចឹមត្រី និងលក់ពូជកូនត្រីគ្រប់ប្រភេទ
រូបភាពពីហ្វេសប៊ុកកសិដ្ឋានចិញ្ចឹមត្រី និងលក់ពូជកូនត្រីគ្រប់ប្រភេទ
លោក ឃឹម ឆៃយ៉ា ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងលក់ពូជកូនត្រី ដែលមានទីតាំង នៅស្រុក ព្រៃឈរ ខេត្តកំពង់ចាម។ ក្រៅពីត្រីសាច់ ពូជកូនត្រី កសិដ្ឋានរបស់លោក ក៏មានលក់កូន កង្កែប កូនកន្ធាយ និងកូនអន្ទង់ជាដើម។ អាជីវកររូបនេះបញ្ជាក់ថា លោកអាចផលិតកូនត្រី ប្រមាណ៣តោន ឬច្រើនជាងនេះក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គត់ទីផ្សារ បើសិនជាមានមនុស្សចាប់ អារម្មណ៍ទិញទៅចិញ្ចឹមត្រីច្រើន។


លោក ឃឹម ឆៃយ៉ា បង្កើតកសិដ្ឋានចិញ្ចឹមត្រី និងលក់ពូជកូនត្រីនេះ រយៈពេល៣ឆ្នាំហើយ។ លោក ឆៃយ៉ា បានពន្យល់ប្រាប់សារព័ត៌មានThmeythmey25 ថា លោកបង្កើតកសិដ្ឋាន ចិញ្ចឹមត្រី និងលក់ពូជកូនត្រីនេះ ព្រោះចង់រក្សាពូជកូនត្រី បង្កើនការផ្គត់ផ្គង់ត្រីក្នុងស្រុក កាត់បន្ថយការនាំចូលត្រីពីបរទេស។  
 
បច្ចុប្បន្ននៅកសិដ្ឋានរបស់លោក ឆៃយ៉ា មានលក់ពូជកូនត្រីច្រើនប្រភេទដូចជា ត្រីអណ្ដែងទន់សាច់លឿង ត្រីប្រា ត្រីរ៉ស់ ត្រីឆ្ពិន ត្រីក្រាញ់ ត្រីកន្ធរ ត្រីពោ ត្រីទីឡាបព្យា កង្កែប អន្ទង់ និងកន្ធាយ។ ក្នុងចំណោមនោះត្រីប្រា និងត្រីអណ្ដែង លក់ដាច់ជាងគេ ព្រោះជាប្រភេទ ត្រី ដែលងាយស្រួលចិញ្ចឹម និងប្រើរយៈពេលខ្លី។ 
 
តាមលោក ឃឹម ឆៃយ៉ា ការរាលដាលនៃជំងឺកូវីដ-១៩ មិនបានជះផលអាក្រក់ ដល់ការផ្គត់ផ្គង់ កូនត្រីនៅកសិដ្ឋានខ្លួនឡើយ ពោលគឺមានតែកើនឡើង បន្ថែមទៀត ព្រោះមានអតិថិជនចាប់ អារម្មណ៍ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារកាន់តែច្រើន។
 
លោក ឃឹម ឆៃយ៉ា ទទួលបានបច្ចេកទេសចិញ្ចឹមត្រីសាច់ និងបង្កាត់ពូជកូនត្រីពីបងប្រុស ដែលជាអ្នកលក់កូនត្រីដូចគ្នា ហើយលោក ក៏បានចែករំលែកបន្តទៅអតិថិជនរបស់ខ្លួន។ កសិកររូបនេះបានប្រាប់សារព័ត៌មានThmeythmey25 ដូច្នេះថា៖ «ខ្ញុំអាចបង្កាត់ពូជកូនត្រីបាន ២-៣តោន ក្នុងមួយថ្ងៃ ឬលើសហ្នឹង បើមានតម្រូវច្រើន។ ប៉ុន្តែការលក់មិនបានច្រើនដល់ ថ្នាក់ហ្នឹងទេ»។ 
 
លោក បន្តថា ពូជកូនត្រីក្នុងកសិដ្ឋានលោក មានមួយចំនួននាំចូលពីប្រទេសវៀតណាម បង្កាត់ លក់ដែរ មិនមែនពូជត្រីក្នុងស្រុកទាំងស្រុងឡើយ។ ដោយឡែក ត្រីសាច់ដែលលោក លក់ក្នុង កសិដ្ឋាន គឺចិញ្ចឹមដោយផ្ទាល់។ 
 
លោក ឆៃយ៉ា ក៏ចង់ឱ្យមានការចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ច្រើនជាងការនាំចូលត្រីពីក្រៅ ប្រទេសដែរ ព្រោះសម្រាប់លោក ឆៃយ៉ា  ការចិញ្ចឹមត្រីមិនពិបាកខ្លាំងឡើយបើសិន ជាមាន បច្ចេកទេសចិញ្ចឹមត្រឹមត្រូវ។ តាមរយៈរបរលក់ត្រីសាច់ និងពូជកូនត្រីនេះ លោក ឆៃយ៉ា អាច រកចំណូលបានចន្លោះ ពី ៣-៤ពាន់ដុល្លារក្នុងមួយខែ៕
 

Tag:
 ពូជត្រី
 ឃឹម ឆៃយ៉ា
  កសិដ្ឋាន
 ចិញ្ចឹមត្រី
 កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com