អន្តរជាតិ
អូស្ត្រាលី ប្ដឹងទៅ WTO រឿងចិនដំឡើងពន្ធនាំចូលស្រា
20, Jun 2021 , 7:59 pm        
រូបភាព
អូស្ត្រាលី នៅថ្ងៃទី១៩ ខែមិថុនា បានដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធការដំឡើងពន្ធនាំចូលស្រាពីសំណាក់ចិនដែលអនុវត្តកាលពីឆ្នាំមុន។ ប្រមុខការទូតអូស្ត្រាលី ម៉ារីស ផេន អះអាងថា ការដាក់ពាក្យបណ្ដឹងនេះ នឹងបើកផ្លូវឱ្យមានការចរចាដោយផ្ទាល់ជាមួយចិន ដែលកន្លងមកបង្ហាញជំហរមិនចូលតុជជែកគ្នាឡើយ។

 
ការដាក់ពាក្យបណ្ដឹងតវ៉ាទៅកាន់ WTO លើរឿងដំឡើងពន្ធនាំចូលស្រាលរបស់អូស្ត្រាលី ជាបណ្ដឹងលើកទីពីរប្រឆាំងចំណាត់ការរបស់ចិនក្នុងពេលកន្លះឆ្នាំមកនេះ។ បណ្ដឹងទីមួយទីក្រុងកង់បេរ៉ា ធ្វើឡើងកាលពីខែធ្នូកន្លងទៅ ក្រោយចិនដាក់ពន្ធនាំចូលយ៉ាងធំលើការនាំចូលស្រូវបាឡី (barley) របស់អូស្ត្រាលី។ ចំណែកពន្ធនាំចូលស្រាក្រហមនេះ អនុវត្តនៅចុងឆ្នាំស២០២០ ដែលធ្វើឱ្យស្រាអូស្ត្រាលីសឹងបាត់មុខពីទីផ្សារចិន។
 
ទាក់ទងបណ្ដឹងចុងក្រោយនេះ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ម៉ារីស ផេន បង្ហាញក្ដីសង្ឃឹមថា នឹងបើកផ្លូវដល់ការចរចាទល់មុខជាមួយចិនមិនខាន។ លោកស្រី ផេន ប្រាប់កម្មវិធី Insider របស់ ABC ថា ការដាក់ពាក្យបណ្ដឹង អាចឱ្យអូស្ត្រាលីចាប់ផ្ដើមការដោះស្រាយជម្លោះ ដែលនោះ គឺការចាប់ផ្ដើមការពិភាក្សាទ្វេភាគីជាមួយចិនលើបញ្ហាដែលមាន។
 
«យើងមើលឃើញពីការដាក់ពន្ធ២០០ភាគរយលើស្រាក្រហមអូស្ត្រាលី។ យើងមិនជឿថា វាស្របតាមកាតព្វកិច្ចរបស់ចិនក្រោមលក្ខខណ្ឌ WTO ឡើយ។ ដូចនេះ ផ្នែកមួយនៃដំណើរការ (ការដោះស្រាយជម្លោះ) អាចឱ្យយើងមានកិច្ចសន្ទនាដោយផ្ទាល់។» ប្រមុខការទូតអូស្ត្រាលីនិយាយបែបនេះក្នុងបទសម្ភាសផ្សាយថ្ងៃទី២០ ខែមិថុនា។ 
 
ទំនាក់ទំនងអូស្ត្រាលីជាមួយចិន បានប្រែទៅជាល្អក់កករក្រោយអូស្ត្រាលីហាមឃាត់បណ្ដាញក្រុមហ៊ុន Huawei ពីការអភិវឌ្ឍបណ្ដាញ 5G និងការទាមទាររបស់អូស្ត្រាលីលើការស្វែងរកប្រភពជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩ ។ ចិនក៏ឆ្លើយតបវិញជាមួយការដំឡើងពន្ធលើទំនិញនាំចូលពីអូស្ត្រាលីតាំងពីស្រាក្រហម ស្រូវ សាច់គោ ធ្យូងថ្ម និងទំពាំងបាយ ដែលវិធានការនេះត្រូវអាមេរិកចាត់ទុកជាការគំរាមផ្នែកសេដ្ឋកិច្ច៕
 
   
 
 

Tag:
 អូស្ត្រាលី
  WTO
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com