អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
20, Jun 2021 , 9:59 pm        
រូបភាព
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ទៅទឹកដីអឺរ៉ុប និងជួបជាមួយសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានក្លាយជាប្រធានបទដ៏សំខាន់ នៅក្នុងសប្តាហ៍នេះ។ ការកើនឡើងឥទ្ធិពលចិន និងរុស្ស៊ី ត្រូវបានលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7), បក្សសម្ពន្ធណាតូ និងកិច្ចប្រជុំអាមេរិក-សហភាពអឺរ៉ុប។

 
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍។ 
 
ថ្ងៃទី១៤ ខែមិថុនា
 
ចិន បានប្រតិកម្មមេដឹកនាំប្រទេសអ្នកមានទាំង៧ (G7) ដែលរិះគន់ខ្លួនលើបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង និងការធ្លាក់ចុះសេរីភាពនៅហុងកុង។ ចិនចាត់ទុកការរិះគន់ដែលមានក្នុងសេចក្ដីថ្លែងការណ៍រួម ជាការបំភាន់ផ្នែកនយោបាយ។
 
មេដឹកនាំបក្សសម្ពន្ធយោធាណាតូ (NATO) បានប្តេជ្ញាសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន និងការបំពានច្បាប់អន្តរជាតិពីសំណាក់រុស្ស៊ី។
 
ថ្ងៃទី១៥ ខែមិថុនា
 
រដ្ឋាភិបាលហ្វីលីពីន បដិសេធ មិនសហការជាមួយតុលាការICC ដោយចាត់ទុកជារឿងមិនត្រឹមត្រូវ។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បានស្វះស្វែងរកការស៊ើបអង្កេតពេញលេញមួយ ទាក់ទិននឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងពេលហ្វីលីពីនបើកយុទ្ធនាការសង្រ្គាមប្រឆាំងនឹងគ្រឿងញៀន។ 
 
ចិន ចេញសេចក្ដីថ្លែងការណ៍មួយតបនឹងសម្ពន្ធយោធាណាតូ ដែលរិះគន់ការងើបឡើងរបស់ខ្លួន។ ស្ថានបេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុប អះអាងថា ចិន មិនបានបង្កបញ្ហាប្រឈមដាក់ប្រទេសណាមួយឡើយ ហើយគោលនយោបាយការពារជាតិរបស់ខ្លួន ក៏មានលក្ខណៈការពារខ្លួនសុទ្ធសាធ មិនបានបង្កការគំរាមដាក់នរណាឡើយ។
 
ថ្ងៃទី១៦ ខែមិថុនា
 
ទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារជាថ្មីលើក្រុមហាម៉ាស់នៅក្នុងតំបន់កាហ្សា ដើម្បីឆ្លើយតបនឹងបាឡុងផ្ទុកសារធាតុឆេះ ដែលហោះចូលក្នុងដីរបស់ខ្លួន។ វាជាការវាយប្រហារផ្លូវអាកាសលើកដំបូង បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ ទើបតែមានបទឈប់បាញ់ជាមួយគ្នា។
 
ស្ថានបេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុប បានច្រានចោលសេចក្តីថ្លែងការណ៍រួមមួយរបស់អាមេរិក និងសហភាពអឺរ៉ុប ដែលបានអះអាង ចិនបានប្រើប្រាស់ការបង្ខិតបង្ខំដោយប្រើសេដ្ឋកិច្ចជាអាវុធ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ បើតាមស្ថានបេសកកម្ម ចិនបដិសេធដាច់ខាតលើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
 
ថ្ងៃទី១៧ ខែមិថុនា
 
ប៉ូលិសហុងកុង បានចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់ចំនួន ៥នាក់របស់កាសែត Apple Daily ដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង។ កាសែតនេះ គ្រប់គ្រងដោយមហាសេដ្ឋី ជីមី ឡៃ ដែលត្រូវចាប់ខ្លួនរួចហើយក្រោមច្បាប់សន្តិសុខជាតិ។
 
ចិន បានប្រកាសជោគជ័យលើការបង្ហោះយានអវកាសខ្លួន ដែលដឹកអវកាសយានិកជនជាតិចិនចំនួន៣រូបដំបូង ទៅស្ថានីយអវកាស Tiangong ដែលកំពុងសាងសង់។ នេះគឺជាការបោះជំហានដ៏សំខាន់មួយរបស់ចិន ដើម្បីក្លាយជាមហាអំណាចទីលំហ។
 
ថ្ងៃទី១៨ ខែមិថុនា
 
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានស្បថចូលកាន់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណត្តិទីពីរ។ លោក ហ្គូតេរ៉េស សន្យារៀនសូត្រពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក។
 
មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៨ អះអាងថា វីរុសបំប្លែងខ្លួនដែលបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា (B.1.1617.2) កំពុងក្លាយជាវីរុសគ្របដណ្ដប់លើពិភពលោក។ វីរុសបំប្លែងខ្លួននេះ ដែលត្រូវរកឃើញដំបូងនៅឥណ្ឌា ត្រូវរាយការណ៍ថា កំពុងរាលដាលខ្លាំងនៅអង់គ្លេស និងរុស្ស៊ីផងដែរ ខណៈស្ថានភាពឆ្លងនៅអាហ្វ្រិកក៏នៅតែក្ដីបារម្ភ ទោះមានករណីឆ្លងតិចក្ដី។
 
ថ្ងៃទី១៩ ខែមិថុនា
 
បព្វជិតសាសនាមាននិន្នាការអភិរក្សខ្លាំង អ៊ីប្រាហ៊ីម រ៉ៃស៊ី បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ជាមួយសំឡេងភាគច្រើនក្នុងការបោះឆ្នោតថ្ងៃទី១៨ ខែមិថុនា។ លោក រ៉ៃស៊ី ដែលជាចៅក្រម និងជាមនុស្សស្និទ្ធមេដឹកនាំកំពូល អាយ៉ាតុឡាហ៍ អាលី ខាមេណី ផងនោះ នឹងបន្តតំណែងពីលោក ហាសាន់ រូហានី ដែលកាន់តំណែងពីរអាណត្តិជាប់គ្នារួចមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com