កីឡាជាតិ
ជាតិ
កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ដណ្ដើមបានជើងឯក Blue One Resort LPBA Championship លើកដំបូង
21, Jun 2021 , 4:29 pm        
រូបភាព
ភ្នំពេញ៖ កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ដណ្ដើមបានជើងឯក Blue One Resort LPBA Championship លើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម) ផ្នែកនារី នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។ កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីកូរ៉េ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។



ការប្រកួតនេះ វាពិតជាស្វិតស្វាញ និងតានតឹងខ្លាំង សម្រាប់ ស្រួង ភាវី ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជួបកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung។ ចាប់ផ្ដើមការប្រកួតសិតទី១ កីឡាការិនី អាចរកបានតែ៧ពិន្ទុប៉ុណ្ណោះ ខណៈដែលកីឡាការិនី Kim Gayoung សម្រេចបាន១១ពិន្ទុ យកឈ្នះនៅសិតដំបូង។ ប៉ុន្តែការប្រកួតចូលមកដល់សិតទី២នោះ កីឡាការិនី ស្រួង ភារី បានវាយបកឈ្នះលើគូប្រកួតវិញ ក្នុងពិន្ទុ ១១-៤។ 


 
ឈានចូលដល់សិតទី៣ និង៤ នោះ កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជារូបនេះ បានបន្តយកឈ្នះលើគូប្រជែងខ្លួនទៀត ដោយលទ្ធផល ១១-១០ និង ១១-៩ ពិន្ទុ។ ជ័យជម្នះ៣សិតជាប់គ្នានេះ បានជួយឱ្យ ស្រួង ភារី ដែលបានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំនោះ គ្រងជើងឯកពានរង្វាន់ Blue One Resort LPBA Championship។
 
សម្រាប់ជ័យជម្នះនេះ កីឡាការិនី ស្រួង ភាវី ក៏បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ជាង ១,៧ម៉ឹនដុល្លារផងដែរ។ ការប្រកួតដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយមានកីឡាការិនីសរុប ៦៤នាក់ ដែលជាជើងខ្លាំងកម្រិតពិភពលោក ចូលរួមប្រកួត៕





Tag:
 ស្នូកឃ័រ
© រក្សាសិទ្ធិដោយ thmeythmey.com