អន្តរជាតិ
ប្រធានាធិបតីអាហ្វហ្កានីស្ថាននឹងទៅជួបលោក បៃឌិន ខណៈតាលីបង់ពង្រីកតំបន់ត្រួតត្រា
21, Jun 2021 , 3:59 pm        
រូបភាព
ប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani ។ រូបថត AFP
ប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani ។ រូបថត AFP
ដោយ ៖ចាន់ ស៊ីណា
 
ប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani នឹងធ្វើទស្សនកិច្ចនៅអាមេរិក ដើម្បីជួបជាមួយសមភាគី ចូ បៃឌិន ក្នុងសប្ដាហ៍នេះដើម្បីជជែកពីការដកទ័ពរបស់អាមេរិក។ ខណៈដែលអាមេរិកកំពុងដកទ័ព ក្រុមតាលីបង់កំពុងពង្រីកតំបន់ត្រួតត្រាកាន់តែធំ ដែលធ្វើឱ្យមានក្ដីបារម្ភថា អស់ពីទ័ពអាមេរិកទៅ អាហ្វហ្កានីស្ថាន នឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមជ្រុលនិយមនេះជាថ្មី។

 
លោក Ashraf Ghani ដែលអមដំណើរដោយប្រធានក្រុមប្រឹក្សាការផ្សះផ្សាជាតិជាន់ខ្ពស់ លោក Abdullah Abdullah នឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃឌិន នៅឯសេតវិមាន នៅថ្ងៃទី២៥ ខែមិថុនា។ មេដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាពីការដកទ័ពរបស់អាមេរិក ស្របមានការកើនឡើងការប្រយុទ្ធគ្នារវាងកងកម្លាំងអាហ្វហ្កានីស្ថាន និងក្រុមឧទ្ទាមតាលីបង់នៅទូទាំងប្រទេស។
 
តាមគម្រោង អាមេរិក នឹងដកទ័ពរបស់ខ្លួនឱ្យអស់ពីអាហ្វហ្កានីស្ថានមុនថ្ងៃទី១១ ខែកញ្ញាឆ្នាំនេះ ដែលជាខួបទី២០ នៃការឈ្លានពានរបស់អាមេរិកដែលផ្ដួលរំលំរបបដឹកនាំតាលីបង់នៅឆ្នាំ២០០១ ។ ប៉ុន្តែក្រុមឧទ្ទាមតាលីបង់ បានធ្វើយុទ្ធនាការពង្រីកឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអាមេរិកចាប់ផ្តើមដកទ័ពនៅដើមខែឧសភា និងបិទមូលដ្ឋានទ័ពមួយចំនួនជាបន្តបន្ទាប់។ កងទ័ពជាតិអាហ្វហ្កានីស្ថាន ត្រូវមើលឃើញថា មានសមត្ថភាពខ្សោយនៅឡើយ បើទោះជាការគាំទ្រពីអាមេរិកក្ដី។
  
«ដំណើរទស្សនកិច្ចរបស់ លោក Ghani និងលោក Abdullah នឹងបង្ហាញពីភាពជាដៃគូយូរអង្វែងរវាងអាមេរិក និងអាហ្វកានីស្ថាន ខណៈការដកទ័ពនៅតែបន្ត»។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២០ ខែមិថុនា ដោយបន្ថែមទៀតថា ក្រុងវ៉ាស៊ីនតោនប្តេជ្ញាផ្តល់ជំនួយការទូត សេដ្ឋកិច្ច និងមនុស្សធម៌ដល់ប្រជាជនអាហ្វហ្កានីស្ថាន ជាពិសេសស្រ្តី ក្មេងស្រី និងជនជនភាគតិច។
 
ក្រុមឧទ្ទាមតាលីបង់ បានអះអាងថា ខ្លួនបានកាន់កាប់ស្រុកចំនួន៤០ទៀត ក្រោយបន្តការប្រយុទ្ធជារៀងរាល់ថ្ងៃជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ស្របគ្នានេះ ប្រជាជនអាហ្វហ្កានីស្ថានដែលបម្រើការងារឱ្យកងទ័ពអាមេរិកជាច្រើនពាន់នាក់មានអ្នកបកប្រែ និងគ្រួសាររបស់ពួកគេ បានសម្រេចចិត្តចាកចេញពីប្រទេស ព្រោះភ័យខ្លាចការសងសឹករបស់ក្រុមឧទ្ទាមតាលីបង់។ ឧត្តមសេនីយ៍ Mark Milley ប្រធានសេនាធិការកងទ័ពអាមេរិកធ្លាប់និយាយថា អាមេរិកកំពុងពន្លឿនពាក្យស្នើសុំ។ 
 
គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងក្រុមឧទ្ទាមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានផ្អាកអស់រយៈពេលជាច្រើនខែ ហើយអំពើហឹង្សាបានរីករាលដាយពេញប្រទេសចាប់តាំងពីខែឧសភា អំឡុងពេលអាមេរិកបានដកទ័ពចុងក្រោយ។ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅដើមខែមិថុនាថា អាមេរិកបានដកទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថានច្រើនជាង៥០ភាគរយហើយ៕
 
 

Tag:
 អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com