COVID-19
អន្តរជាតិ
ឡាវ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្រុមហ៊ុនSinopharm ឱ្យប្រជាជនអាយុ៦០ឆ្នាំឡើង
21, Jun 2021 , 5:58 pm        
រូបភាព
កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឡាវ។ រូបភាព៖ WHO
កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឡាវ។ រូបភាព៖ WHO
ដោយ៖ចាន់ ស៊ីណា

ឡាវ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm សម្រាប់ប្រជាជនខ្លួនដែលមានអាយុលើសពី ៦០ ឆ្នាំ។ រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានគ្រោងចាក់វ៉ាក់សាំងឱ្យបាន ៥០ ភាគរយនៃប្រជាជនសរុប ៧,២ លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១។

 
តាមរបាយការណ៍ដែលបញ្ចេញដោយមជ្ឈមណ្ឌលព័ត៌មាន និងអប់រំសម្រាប់សុខភាពរបស់ក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី២១ ខែមិថុនា អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលឡាវ បានផ្តល់ភ្លើងបៃតង ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំ និងប្រជាជនមានជំងឺមួយចំនួន ដោយប្រើវ៉ាក់សាំងក្រុមហ៊ុន Sinopharm។ 
 
​ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុនចិននៅសប្តាហ៍មុន លោកឧបនាយករដ្ឋមន្រ្តីឡាវ ​ Kikeo Khaykhamphithoune បានបញ្ជាក់ថា វ៉ាក់សាំងចិន មានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការប្រឆាំងជាមួយជំងឺកូវីដ-១៩។ 
 
បើតាមការបញ្ជាក់របស់លោក Kikeo ដែលជាប្រធានគណៈកម្មាធិការកិច្ចការជាតិគ្រប់គ្រង និងទប់ស្កាត់កូវីដ-១៩ ផងនោះ ប្រជាជនប្រមាណជាង ៧០ ម៉ឺននាក់បានទទួលវ៉ាក់សាំងបង្ការជំងឺ-១៩ មួយដូសរួចហើយ ខណៈប្រជាជនឡាវប្រមាណជាង៤០ ម៉ឺនាក់ផ្សេងទៀត បានចាក់យ៉ាងពេញលេញ។ គិតត្រឹមថ្ងៃទី២១ ខែមិថុនាឡាវមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ២០០០ នាក់ និងស្លាប់ ៣ នាក់។ 
 
ទន្ទឹមនេះ ឡាវ បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm ឱ្យមន្ត្រីរាជការ គ្រូពេទ្យ មន្រ្តីតាមព្រំដែន និងប្រជាជនមួយចំនួនរួចហើយ។ លើសពីនេះ ឡាវក៏កំពុងពន្លឿនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានគ្រប់៥០ ភាគរយនៃប្រជាជនសរុបរបស់ខ្លួនត្រឹមដំណាច់ឆ្នាំ ២០២១ នេះដែរ។
 
មកទល់ពេលនេះ ឡាវបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមហ៊ុនចិន Sinopharm សរុបចំនួន ១៩០២០០០ ដូស។ ឡាវបានសម្រចចិត្តផ្តល់វ៉ាក់សាំងឱ្យប្រជាជនក្នុងវ័យចំណាស់នេះ ក្រោយរដ្ឋាភិបាលចិនបានបញ្ជាក់ថា វ៉ាក់សាំងក្រុមហ៊ុន Sinopharm របស់ខ្លួនអាចចាក់ឱ្យមនុស្សដែលមានវ័យលើសពី ៦០ឆ្នាំបាន៕
 

Tag:
 ឡាវ
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com