ជាតិ
លោក ថោង ខុន៖ ទេសចរណ៍បែបធម្មជាតិ ជានិន្នាការដើរកម្សាន្តថ្មី ក្នុងបរិបទកូវីដ-១៩
21, Jun 2021 , 10:59 pm        
រូបភាព
 លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយ លោកស្រី ត្យូ ឡេ ឆេង ឯកអគ្គររដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍កាលពីថ្ងៃទី ១៦ មិថុនា។ រូបភាព៖ ទំព័ហ្វេសប៊ុកក្រសួងទេសចរណ៍ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយ លោកស្រី ត្យូ ឡេ ឆេង ឯកអគ្គររដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍កាលពីថ្ងៃទី ១៦ មិថុនា។ រូបភាព៖ ទំព័ហ្វេសប៊ុកក្រសួងទេសចរណ៍ ។
ដោយ:
ទេសចរប្រមាណ ១០ម៉ឺននាក់ បានដើរកម្សាន្តទូទាំងប្រទេស នៅចុងសប្តាហ៍ទី៣នៃខែមិថុនា។ ចំនួនភ្ញៀវទេសចរនេះ បានធ្វើឱ្យ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កត់សម្គាល់ថា ភ្ញៀវទេសចរក្នុងបរិបទកូវីដ-១៩ ហាក់ចាប់អារម្មណ៍ខ្លាំងទៅលើតំបន់ទេសចរណ៍បែបធម្មជាតិ។


 
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ថ្ងៃទី១៨-២០មិថុនា កន្លងទៅនេះ មានទេសចរដើរលេងទូទាំងប្រទេសចំនួន ១០៧,៧៦២ នាក់ ក្នុងនោះមានទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១,៣៣៣នាក់។ រាជធានី-ខេត្ត ដែលមានភ្ញៀវច្រើនជាងគេក្នុងសប្តាហ៍ទី៣នេះ គឺ រាជធានីភ្នំពេញមានទេសចរជាង ២ម៉ឺននាក់, កំពតជិត ២ម៉ឺននាក់, កំពង់ស្ពឺជាង ១.២ម៉ឺននាក់ ខណៈបាត់ដំបងមានទេសចរជិត ១ម៉ឺននាក់។
 
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មូលហេតុដែលភ្ញៀវទេសចរក្នុងសប្តាហ៍ទី៣នេះ កើនឡើង ដោយសារពេលវេលាឈប់សម្រាក៣ថ្ងៃ ដោយបូកទាំងថ្ងៃចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ផងដែរ។
 
លោក ថោង ខុន បញ្ជាក់ក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ដូច្នេះថា៖ «គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជន ដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ។ នេះជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណក្រុមគ្រួសារ និងមិត្តភក្តិ»។


 ទិន្នភាពភ្ញៀវទេសចរ បោះតង់សម្រាកនៅភ្នំខ្នងផ្សា កាលពីថ្ងៃទី ១៩មិថុនា។ រូបភាព ៖ លោក ហេង ហ៊ាង
 
ដ្បិតចំនួនភ្ញៀវទេសចរទូទាំងប្រទេសក្នុងសប្តាហ៍ទី៣នេះ ហាក់ឡើងខ្ពស់ ប៉ុន្តែក្នុងនោះក៏មានខេត្តចំនួន៤ ដែលមានទេសចរទៅលេងមិនដល់១០០នាក់ផង។ បើតាមក្រសួងទេសចរណ៍ ខេត្តក្រចេះមានភ្ញៀវ ៨៦នាក់, ឧត្តរមានជ័យ ៧១នាក់, ស្វាយរៀង ៥៧នាក់ ខណៈរតនគិរី ជាខេត្តនៅឆ្ងាយជាងគេមានទេសចរត្រឹម ២៥នាក់ប៉ុណ្ណោះ។
 
យ៉ាងណាមិញ ចំនួនទេសចរក្នុងសប្ដាហ៍ទី៣នៃខែមិថុនានេះ កើនឡើង៥៣.៩៣ភាគរយ បើធៀបនឹងសប្តាហ៍ទី២ ក្នុងខែមិថុនា ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ចំនួននេះថយចុះ ២៨. ៧២ ភាគរយ។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច បិទរមណីយដ្ឋាន និងតំបន់ទេសចរណ៍ ចំនួន១៤ថ្ងៃ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់មានភាពធូរស្រាល។ ការសម្រេចបិទតំបន់ទេសចរណ៍ជាថ្មីនេះ គឺគិតចាប់ពីថ្ងៃទី ២០មិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១៕
 

Tag:
 ទេសចរណ៍
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com