កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2022៖ កាតា អនុញ្ញាតតែអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ប៉ុណ្ណោះ ចូលកីឡដ្ឋាន
22, Jun 2021 , 8:59 am        
រូបភាព
កាតា នឹងអនុញ្ញាតឱ្យតែអ្នកគាំទ្រណាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចប៉ុណ្ណោះ ចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន នាការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០២០។ នេះជាការអះអាងរបស់លោក Sheikh Khalid bin Khalifa bin Abdulaziz Al Thani នាយករដ្ឋមន្ត្រីកាតា។


កាតា ជាប្រទេសតំបន់អារ៉ាប់ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលទទួលរ៉ាប់រងធ្វើម្ចាស់ផ្ទះ World Cup។ ពួកគេ ត្រូវរៀបចំការប្រកួតរយៈពេលមួយខែ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២។ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បញ្ជាក់ថា ការប្រកួតនឹងត្រូវធ្វើឡើងដោយមានអ្នកគាំទ្រពេញកីឡដ្ឋានតែម្តងទោះនៅមានកូវីដ-១៩ក្តី។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្រ្តីកាតាលោក Sheikh Khalid bin Khalifa bin Abdulaziz Al Thani កំណត់ឱ្យតែអ្នកគាំទ្រដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ទើបឱ្យចូលក្នុងកីឡដ្ឋានប្រកួតបាន។ ការធ្វើបែបនេះព្រោះលោក Al Thani ចង់ធានាដំណើរការព្រឹត្តិការណ៍លំដាប់ពិលោកជាប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានជោគជ័យគ្រប់ជ្រុងជ្រោយ។
 
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីកាតារូបនេះ កំពុងចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ដើម្បីទិញវ៉ាក់សាំងចំនួន១លានដូសទុកចាក់ជូនអ្នកគាំទ្រដែលធ្វើដំណើរទៅប្រទេសកាតាក្នុងគោលបំណងទស្សនា World Cup ផងដែរ។
 
កាតា ដែលនឹងត្រូវរៀបចំពានរង្វាន់កីឡាបាល់ទាត់តំបន់អារ៉ាប់ Arab Cup ឆ្នាំ ២០២១ ក្នុងក្រុងដូហា នាខែធ្នូខាងមុខ នឹងយកព្រឹត្តិការណ៍នេះដើម្បីឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរបស់ខ្លួនដើម្បីរៀបចំការប្រកួតធំៗជាបន្តបន្ទាប់៕
 

Tag:
 World Cup
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com