អន្តរជាតិ
មន្រ្តីប៉ូលិសថៃ ត្រៀមកម្លាំងទប់ទល់នឹងការប្រមូលផ្តុំរំឭកខួបបដិវត្តប្រជាធិបតេយ្យ
22, Jun 2021 , 7:59 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ឈួ ស៊ាវយីងជាវ 
 
ប៉ូលិសទីក្រុងបាងកក បានរៀបចំកម្លាំងខ្លួនរួចរាល់ដើម្បីតាមដានឃ្លាំមើលក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគ្រោងជួបជុំនៅថ្ងៃទី២៤ ខែមិថុនា ដើម្បីរំឭកដល់ការធ្វើបដិវត្តន៍ឆ្នាំ១៩៣២។ ប៉ុន្តែប៉ូលិសព្រមានថា ការជួបជុំអាចជាបំពានវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ។

 
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ជាខួបលើកទី៨៩ នៃបដិវត្តន៍ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២ ដែលបានផ្លាស់ប្តូរថៃពីរាជានិយមផ្តាច់ការទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើតាមស្នងការរងរបស់ការិយាល័យប៉ូលិសក្រុងបាងកក លោក Piya Tawichai  ក្រុមគាំទ្រប្រជាធិបតេយ្យចំនួន៤ ត្រូវបានរំពឹងនឹងរៀបចំធ្វើបាតុកម្មនៅថ្ងៃនោះ។
 
បាតុករ គ្រោងជួបជុំនៅកន្លែងសំខាន់ៗដូចជាខាងមុខអាគាររដ្ឋាភិបាល និងវិមានប្រជាធិបតេយ្យ។ ក្រុមបាតុករ ក៏មិនភ្លេចទាមទារឱ្យលោក ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែងនាយករដ្ឋមន្រ្តីផងដែរ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ក្រោយពីការប្រកាសគម្រោងបាតុកម្ម លោក Piya បញ្ជាក់ថា ក្រុមប៉ូលិសបានរៀបចំសម្រាប់ទប់ទល់នឹងការប្រមូលផ្តុំរួចរាល់ហើយ។ លោកក៏បានព្រមានដល់ប្រជាជនក្រុងបាងកកពីការចូលរួមការជួបជុំ ព្រោះរាជធានីស្ថិតក្រោមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលហាមឃាត់ការប្រមូលផ្តុំ និងការជួបជុំនានា។ មន្រ្តីប៉ូលិសក្រុងបាងកក បញ្ជាក់ថា ប្រសិនបើច្បាប់នេះត្រូវបានបំពាន អ្នករៀបចំបាតុកម្មនឹងចាត់ការតាមផ្លូវច្បាប់។
 
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ មនុស្សសរុបចំនួន១៥០នាក់ត្រូវចាប់ខ្លួន ដោយរួមមាន ពីបទជាប់ទាក់ទាងនឹងការប្រមូលផ្តុំនយោបាយ និងការញុះញុង់ឱ្យមានការប្រមូលផ្តុំតាមប្រព័ន្ធសង្គម៕
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com