កីឡាអន្តរជាតិ
អន្តរជាតិ
ផ្លូវនៅហូឡង់ ប្រែពណ៌ទឹកក្រូចទាំងស្រុង ដើម្បីគាំទ្រជម្រើសជាតិនៅ Euro 2020
22, Jun 2021 , 10:01 am        
រូបភាព
តាមដងផ្លូវនានានៅទូទាំងប្រទេសហូឡង់ត្រូវបានប្រែទៅជាពណ៌ទឹកក្រូច ដើម្បីជាការគំាទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍ Euro 2020។ ហូឡង់ឈ្នះទាំង៣ប្រកួតជាប់គ្នាក្នុងវគ្គសន្សំពិន្ទុតាមពូល។


 
ជំនួបចុងក្រោយពូល C ហូឡង់បានបន្តយកឈ្នះម៉ាសេដ្វានដោយលទ្ធផល ៣-០ ដែលសម្រេចទីបានដោយ Memphis Depay និងប្រធានក្រុម Georginio Wijnaldum ពីគ្រាប់ម្នាក់ឯង។
នេះជាការទទួលបានជ័យជម្នះទាំង៣ប្រកួតក្នុងវគ្គសន្សំពិន្ទុរបស់ក្រុមរហស្សនាមទឹកក្រូច ក្នុងនោះជំនួបដំបូងពួកគេឈ្នះអ៊ុយក្រែន ៣-២ មុនឈ្នះអូទ្រីស ២-០ នៅជំនួបលើកទី២។ ហូឡង់រកបាន៩ពិន្ទុពេញឈរកំពូលតារាងពូល C តាមពីក្រោយដោយអូទ្រីសដែលមាន៦ពិន្ទុក្រោយឈ្នះអ៊ុយក្រែន ១-០។ ហូឡង់ និងអូទ្រីសបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។
 
នៅឯប្រទេសហូឡង់ឯណោះវិញ ទង់ជាតិ និងបដាពណ៌ទឹកក្រូច ត្រូវបានប្រើដើម្បីគ្របលើផ្លូវ ដើម្បីគាំទ្រដល់ក្រុមជម្រើសជាតិ។ ផ្ទះទាំងអស់នៅលើដងផ្លូវត្រូវបានរុំដោយផ្លាស្ទិកពណ៌ទឹកក្រូចនិងទង់ជាតិហូឡង់។ ពាក្យស្លោកលាបពាសពេញ ខណៈទង់ជាតិពណ៌ទឹកក្រូចតូចៗរាប់ពាន់បានលាតសន្ធឹងលើដងផ្លូវទាំងមូល។


 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Danny van Dijk ដែលជាប្រជាជនហូឡង់ បានប្រាប់ថាការប្រែដងផ្លូវឱ្យទៅជាពណ៌ទឹកក្រូចនេះ មានរយៈពេលជាង១ខែមកហើយមុនការប្រកួតពានរង្វាន់អឺរ៉ុបចាប់ផ្តើម។ លោក Van Dijk បញ្ជាក់ថា អ្នកនៅតំបន់នោះរាប់សិបនាក់បាននាំគ្នាតុបតែង ដោយឆ្លៀតពេលក្រោយសម្រាកពីការងារ និងប្រើថវិការផ្ទាល់ខ្លួន។
 
លោក Raymond Zwennes វ័យ៣៧ឆ្នាំ ក៏បានរៀបរាប់ដែរថា ការតុបតែងតាមដងផ្លូវនេះមិនចំណាយប្រាក់តិចនោះទេ ប៉ុន្តែយ៉ាងណាលោកមិនរួចរានោះទេក្នុងការបង្ហាញពីការគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន។
 
«យើងបានធ្វើការនៅទីនេះប្រហែល៦សប្តាហ៍ ហើយការចំណាយខ្ញុំពិបាកនឹងប្រាប់អ្នកណាស់ ប៉ុន្តែវាពិតជាមានតម្លៃដល់ម៉ឺនដុល្លារដែរ»។ នេះជាការអះអាងរបស់លោក Raymond៕
 

Tag:
 Euro 2020
  ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com