អន្តរជាតិ
តៃវ៉ាន់រិះគន់ហុងកុងបន្ទាប់ពីមន្ត្រីរបស់ខ្លួនត្រូវបណ្តេញចេញ
22, Jun 2021 , 11:03 am        
រូបភាព
ការិយាល័យតំណាងតៃវ៉ាន់នៅទីក្រុងហុងកុង។ រូបថត AP
ការិយាល័យតំណាងតៃវ៉ាន់នៅទីក្រុងហុងកុង។ រូបថត AP
ដោយ ចាន់ ស៊ីណា
 
តៃវ៉ាន់ នៅថ្ងៃទី២១ ខែមិថុនា បានរិះគន់ហុងកុងខ្លាំងៗក្នុងជម្លោះដែលផ្ដោតលើការទាមទារឱ្យគោរពនយោបាយចិនតែមួយ។ លើសពីនោះ តៃវ៉ាន់ដកមន្ត្រីរបស់ខ្លួនប្រចាំការិយាល័យប្រចាំហុងកុងចេញពីទីក្រុងនេះផងដែរ។

 
មន្ត្រីតៃវ៉ាន់ជាច្រើនដែលធ្វើការនៅការិយាល័យតំណាងតៃវ៉ាន់នៅហុងកុង បានចាប់ផ្តើមចាកចេញពីហុងកុងនៅថ្ងៃទី២០ ខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលហុងកុងបានទាមទារឱ្យមន្ត្រីតៃវ៉ាន់ចុះហត្ថលេខាលើឯកសារមួយដើម្បីគាំទ្រគោលនយោបាយចិនតែមួយ។ តៃវ៉ាន់ ចាត់ទុកសកម្មភាពរបស់ហុងកុងដែលជាតំបន់មានស្វ័យភាពកម្រិតខ្ពស់ ជារឿងមិនសមរម្យ។
 
«គោលបំណងរបស់ពួកគេចង់ឱ្យសេចក្តីថ្លៃថ្នូរនៃជាតិរបស់យើងថមថយ និងបង្ខំឱ្យមន្ត្រីយើងឱនក្បាលគោរពប៉េកាំង»។ ប្រធានក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ លោក Chiu Tai-san បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះនៅថ្ងៃទិ២១ ខែមិថុនា។ លោកបន្ថែមទៀតថា បន្ទាប់ពីមានសំណើមិនសមហេតុផលពីរដ្ឋាភិបាលហុងកុង តៃវ៉ាន់មិនអាចបញ្ជូនមន្ត្រីរបស់ខ្លួនទៅបន្តការងារនៅហុងកុងបានទៅទៀតទេ និងត្រូវដកមន្ត្រីណាដែលមានទិដ្ឋាការការងារជិតផុតកំណត់មកវិញទាំងអស់។
 
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាដដែល បញ្ជាក់ថា ការិយាល័យតៃវ៉ាន់នៅហុងកុងនឹងបន្តដំណើរការ ប៉ុន្តែតៃវ៉ាន់នឹងចាត់វិធានការចាំបាច់ណាមួយ ប្រសិនបើវត្តមាននៅហុងកុងនៅតែបន្តរងការគំរាម។ ត្រង់ចំណុចនេះដែរ លោក Chiu មិនបានបញ្ជាក់លម្អិតទេ។ 
 
មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ដែលដឹងពីបញ្ហានេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលហុងកុងបានទាមទារឱ្យមន្ត្រីតៃវ៉ាន់ដែលបដិសេធមិនចុះហត្ថលេខាលើឯកសារនឹងត្រូវចាកចេញហុងកុងនៅថ្ងៃទី២១ ខែមិថុនា។
 
សូមរំឭកថា នៅខែឧសភា ហុងកុងបានផ្អាកដំណើរការការិយាល័យតំណាងពាណិជ្ជកម្មរបស់ខ្លួននៅតៃវ៉ាន់ ដោយចោទប្រកាន់អាជ្ញាធរតៃវ៉ាន់ថាមានការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងហុងកុង ព្រមទាំងបានចូលរួមជួយក្រុមបាតុករជាច្រើនទៀតផង។ ក្រុងម៉ាកាវ ក៏បានផ្អាកដំណើរការការិយាល័យរបស់ខ្លួននៅតៃវ៉ាន់នៅថ្ងៃទី១៦ ខែមិថុនាផងដែរ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com