ជាតិ
សង្គមជាតិ
បណ្ដាទូត និងNGO ចាត់ទុកការឃុំសកម្មជនបរិស្ថាន៣នាក់ ជាការបំបិទសំឡេង ហើយត្រូវដោះលែងវិញ
22, Jun 2021 , 1:58 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវតី ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី សមាជិកនៃចលនាមាតាធម្មជាតិ
ពីឆ្វេងដៃទៅ៖ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវតី ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី សមាជិកនៃចលនាមាតាធម្មជាតិ
ភ្នំពេញ៖ បណ្ដាអង្គទូតនៅកម្ពុជា និងអង្គការសង្គមស៊ីវិល ចាត់ទុកការឃាត់ និងឃុំខ្លួនសកម្មជនបរិស្ថាន៣នាក់ ជាការបំបិទសំឡេង អ្នកឈឺឆ្អាលលើបញ្ហាសង្គម ។ ពួកគេទាមទារឱ្យដោះលែងសកម្មជនទាំងនោះ។ សកម្មជនបរិស្ថាន៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។


 
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy យល់ឃើញថា សកម្មភាពរបស់យុវជនបរិស្ថាន ដែលធ្វើការលើបញ្ហាសង្គមនេះ មិនគួររង់ការចោទប្រកាន់នោះទេ។ សម្រាប់លោកទូតអាមេរិក ការចោទប្រកាន់លើពួកគេ គឺជាការបំបិទសំឡេង។ តាមរយៈបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួន លោក Patrick Murphy បានសរសេរជាភាសាអង់គ្លេសក្នុងន័យដូច្នេះ៖«ពិតជាមានកង្វល់ខ្លាំងណាស់ នៅពេលដែលឮដំណឹងពីការចាប់ខ្លួន ក្រុមសកម្មជនបរិស្ថានបន្ថែមទៀត។ ការចងក្រងឯកសារបំពុលបរិស្ថាន គឺបម្រើប្រយោជន៍សាធារណៈ ហើយវាមិនមែនជាអំពើភេរវកម្មនោះទេ។ យើងជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដោយមិនត្រូវបិទសំឡេងពួកគេនោះឡើយ»។
 
ដោយឡែកស្ថានទូតស៊ុយអែត ក៏បានលើកឡើងដែរថា សកម្មភាពយុវជនបរិស្ថានទាំងនេះ គួរតែទទួលបានការលើកទឹកចិត្ត ជាជាងការប្រើប្រាស់ច្បាប់មកលើពួកគេ។ «ស៊ុយអែត មានការព្រួយបារម្ភជុំវិញការប្រើប្រាស់ច្បាប់ប្រឆាំងលើយុវជនធ្វើការងារបរិស្ថាន កាលពីពេលថ្មីៗនេះ។ ទំនាក់ទំនងស៊ីវិល, ដំណើរការផ្ដល់ព័ត៌មាន , តម្លាភាព និងកិច្ចសន្ទនា គឺជាធាតុផ្សំសំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍ។ ដូច្នេះការផ្សាភ្ជាប់ជាមួយយុវជន គឺផ្នែកមួយនៃអនាគត ដែលគួរតែត្រូវលើកទឹកចិត្ត»។ នេះបើតាមសំណេរនៅហ្វេសប៊ុកស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។
 
កាលពីថ្ងៃទី១៦ មិថុនា អាជ្ញាធរបានឃាត់ខ្លួនសកម្មជនបរិស្ថាន៤រូប ប៉ុន្តែក្រោយមកក៏មានការដោះលែងយុវជនម្នាក់វិញ ឈ្មោះ សិដ្ឋ ឈីវលីម៉េង។ ចំណែកសកម្មជនបរិស្ថាន៣រូបទៀត ដែលកំពុងរងបទចោទប្រកាន់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២១ មិថុនា។ ក្នុងនោះកញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៊ី ត្រូវបានតុលាការចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត រងការចោទប្រកាន់ពីបទរួមគំនិតក្បត់។ បទចោទពួកគេទាំងនេះ យោងតាមមាត្រា៤៣៧ និង៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខជាប់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល។
 
ជុំវិញករណីខាងលើនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា តុលាការអនុវត្តតាមនីតិវិធីច្បាប់ ស្របតាមបទល្មើសដែលបានរកឃើញ និងមានអង្គហេតុច្បាស់លាស់។ ត្រង់ចំណុចនេះ លោក ផៃ ស៊ីផាន បានឆ្លើយតបទៅបណ្ដាអង្គទូតនានាថា ទូតទាំងអស់នៅកម្ពុជា គួរតែបំពេញការងារការទូតរបស់ខ្លួនឲ្យបានល្អ ខណៈដែលកម្ពុជា ក៏អនុវត្តច្បាប់ ដើម្បីគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែរ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«នៅពេលដែលគេដាក់បន្ទុក តុលាការជាអ្នកចាត់ចែងនូវអង្គហេតុ។ ដូច្នេះបើគ្មានអង្គហេតុទេ គេ(តុលាការ) ក៏មិនរក្សាការឃុំខ្លួនអីទេ។ ហើយបើមានអង្គហេតុ តែអត់មានអង្គច្បាប់ ក៏គេមិនយកទៅធ្វើអីដែរ»។
 
ផ្ទុយពីការបកស្រាយរបស់អ្នកនាំពាក្យរដ្ឋាភិបាលនេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែចាត់ទុកការឃាត់ និងឃុំខ្លួនសកម្មជនបរិស្ថាន ជាការបំបិទសិទ្ធិបញ្ចេញមតិ និងគំរាមកំហែង ដល់អ្នកដែលឈឺឆ្អាលលើបញ្ហាសង្គម។ លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ស្នើឱ្យអន្តរជាតិ ជួយអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងសកម្មជនទាំង៣នាក់នេះ។
 
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា៖«រដ្ឋាភិបាលកម្ពុជាបានបង្កើនយុទ្ធនាការរបស់ខ្លួន ដើម្បីបំបិទមាត់សកម្មជនតស៊ូមតិដើម្បីការពារបរិស្ថាន។ ដូច្នេះរដ្ឋាភិបាលបរទេស ក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជាម្ចាស់ជំនួយអន្តរជាតិទាំងអស់ គួរតែចេញអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ទម្លាក់បទចោទប្រកាន់មិនសមហេតុផលរបស់ពួកគេ ដែលប្រឆាំងនឹងសកម្មជនបរិស្ថាន និងថ្កោលទោសជាសាធារណៈ ចំពោះវិធានការជាបន្តបន្ទាប់ ដើម្បីរឹតបន្តឹងសិទ្ធិសេរីភាពរបស់ក្រុមសកម្មជននេះ»។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពន្យល់ពីហេតុផល នៃបទចោទលើសកម្មជនបរិស្ថានទាំង៣រូបនេះបានទេ។
 
តែយ៉ាងណារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៣រូបនេះ មិនមែនដោយសារតែពួកគេ ធ្វើការងារលើបញ្ហាបរិស្ថានទេ ប៉ុន្តែវាទាក់ទងនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ 
 
«សមត្ថកិច្ចគេ មានភស្តុតាង មានមូលដ្ឋានច្បាស់លាស់ចេញពីការស្រាវជ្រាវ ការស៊ើបអង្កេតមក។ ចំណែកឯសកម្មភាពបរិស្ថាននេះ វាគ្រាន់តែជារូបភាពទេ ក៏ប៉ុន្តែនៅពីក្រោយហ្នឹង គឺជាសកម្មភាពនៃការប្រព្រឹត្តបទល្មើស ដែលសមត្ថកិច្ចមានមូលដ្ឋានភស្តុតាងច្បាស់លាស់»។ នេះជាការបញ្ជាក់របស់លោក ជិន ម៉ាលីន។
 
របាយការណ៍ពីអគ្គស្នងការនគរបាលជាតិ ដែលឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៣រូបនេះ បានបញ្ជាក់ថា ក្រុមសកម្មជននេះ មានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចហ្សង់ត្រូ ហ្គន់សាឡេស ដេវីដសិន (Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ ដែលត្រូវបានកម្ពុជា បណ្ដេញចេញ។ 
 
ចំពោះគ្រប់សកម្មភាពរបស់ពួកគេវិញ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន ធ្វើជាលេសញុះញង់ដល់សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរលំរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះក្រុមសកម្មជននេះ ធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្មផ្គត់ផ្គង់ដោយជនបរទេស។ នេះបើតាមរបាយការណ៍ដដែល។
 
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មានថ្មីយ៉ាងដូច្នេះថា៖ «មិនអាចបញ្ជាក់ឲ្យលម្អិតពីសកម្មភាពរបស់ក្រុមសកម្មជនទាំង៣នាក់នោះទេថា ដំណើរការនៃផ្លាស់ប្ដូរព័ត៌មាន ហរិញ្ញវត្ថុ ផែកការផ្សេងៗដែលជាភស្ភុតាងឡើយ មានតែខាងតុលាការទេមានសិទ្ធិដឹង។ តែយើងមានភស្តុតាងច្បាស់លាស់ពីការប្រព្រឹត្តិបទល្មើសទើបអាចឃាត់ខ្លួនពួកគេបាន ប៉ុន្តែភស្តុតាងទាំងនោះយកជាការបាន ឬមិនបានកម្រិតណា តុលាការជាអ្នកសម្រេច»។
 
កាលពីខែឧសភា ២០២១ នេះ តុលាការក៏បានសម្រេចផ្តន្ទាទោសសមាជិកមាតាធម្មជាតិ៣រូបដែរ ក្នុងនោះកញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ឱ្យជាប់ពន្ធនាគារ១៨ខែ ។ ចំណែកលោក ថុន រដ្ឋា ត្រូវជាប់ពន្ធនាគារ២០ខែ។ សមាជិកនៃចលនាមាតាធម្មជាតិទាំងនេះ ជាប់ចោទពី«បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ពួកគេទាំងនេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣ កញ្ញា ២០២០ ពាក់ព័ន្ធនឹងយុទ្ធនាការគ្រោងធ្វើដំណើរពីវត្តភ្នំ ទៅកាន់ផ្ទះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអន្តរគមន៍ បញ្ឈប់ការលុបបឹងតាមោក។
 
គួរបញ្ជាក់បន្តិចថា អាឡិចហ្សង់ត្រូ ហ្គន់សាឡេស ដេវីដសិន ជនជាតិអេស្បាញ ជាស្ថាបនិកអង្គការមាតាធម្មជាតិ ដែលមានទីស្នាក់ការកណ្តាលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ អង្គការនេះ ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចោល កាលពីថ្ងៃទី១៥ កញ្ញា ២០១៧ បន្ទាប់ពីបានបណ្តេញលោក អាឡិច ចេញពីកម្ពុជា កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៥។ ការបណ្ដេញ អាឡិច ចេញនេះ ធ្វើឡើងក្រោយពីជនជាតិអេស្បាញ ដែលស្រលាញ់ធម្មជាតិរូបនេះ បានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង ក៏ដូចជាប្រឆាំងការបូមខ្សាច់នៅក្នុងខេត្តកោះកុងជាដើម ។ 
 
លើសពីនេះទៀត អាឡិច និងសកម្មជនជាច្រើន ក៏ធ្លាប់រារាំងក្បួនរថយន្តមួយ មិនឲ្យចូលទៅពិនិត្យទីតាំង ដែលគ្រោងធ្វើទំនប់វារីអគ្គិសនីក្នុងតំបន់អារ៉ែង ខេត្តកោះកុងទៀតផង។ សកម្មភាពរបស់ អាឡិច ទាំងនេះហើយ ត្រូវបានអាជ្ញាធរអះអាងថា ល្មើសច្បាប់នៅកម្ពុជា។ ចំណែកប្រមុខរដ្ឋាភិបាល ក៏មិនសប្បាយចិត្តចំពោះទង្វើនេះដែរ ទើបមានការបណ្ដេញ អាឡិច ចេញពីកម្ពុជានេះ៕
 

Tag:
 សកម្មជនបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com