ជាតិ
ខ្នងផ្សា ទទួលបានភ្ញៀវទេសចរចាក់វ៉ាក់សាំងកូវីដ-១៩ហើយ ១២០០នាក់ នាចុងសប្តាហ៍មុន
22, Jun 2021 , 9:59 pm        
រូបភាព
រូបភាព៖ លោក ហៀង ហេង
រូបភាព៖ លោក ហៀង ហេង
ដោយ: ថ្មីៗ
ទេសចរចំនួន១២០០នាក់បានឡើងខ្នងផ្សា កាលពីថ្ងៃទី១៨-២០មិថុនា កន្លងទៅនេះ។ ចំនួនភ្ញៀវនេះបានធ្វើឱ្យខេត្តកំពង់ស្ពឺឈរនៅលំដាប់លេខ៣ ជាខេត្តដែលមានទេសចរច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ និងកំពត។ ដ្បិតថាទេសចរមានច្រើនលើសលប់ឡើងខ្នងផ្សា

 
ប៉ុន្តែវិធានសុវត្ថិភាពមួយចំនួននៅតែត្រូវបានអនុវត្ត។ ភ្ញៀវទេសចរសម្រុកទៅលេងខ្នងផ្សាច្រើននេះ បានធ្វើឱ្យកន្លែងដាក់ឡាន ម៉ូតូ ក្នុងសហគមន៍មានសភាពចង្អៀត។ យ៉ាងណាមិញភ្ញៀវទេសចរ ដែលឡើងខ្នងផ្សា ត្រូវអនុវត្តវិធានសុវត្ថិភាព ដូចជា កត់ត្រាព័ត៌មានផ្ទាល់ខ្លួនជាមួយសហគមន៍ វ៉ាស់កម្ដៅ និងបង្ហាញប័ណ្ណចាក់វ៉ាក់សាំង សម្រាប់អ្នកចាក់វ៉ាក់សាំងហើយ។ ប៉ុន្តែការរក្សាគម្លាតមិនត្រូវបានអនុវត្តនោះទេ។ 
 
លោក រស់ សុខ ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា ៖ « មុនគាត់ឡើងទៅ នៅសហគមន៍ និងស្នាក់ការមន្ទីរបរិស្ថាន គេកត់ឈ្មោះពួកគាត់ វ៉ាស់កម្ដៅ មុនឱ្យប្រជាសហគមន៍ ជូនឡើងភ្នំ »។ 


 លោក ហៀង ហេង អ្នកទេសចរ ទៅខ្នងផ្សាកាលពីថ្ងៃទី ១៨ ដល់ ២០ មិថុនា
 
លោក ហៀង ហេង ដែលបានឡើងភ្នំខ្នងផ្សា ជាមួយមិត្តភ័ក្ត្រប្រហែល២០នាក់ កាលពីថ្ងៃទី ១៨ដល់ ២០ មិថុនា បានលើកឡើងថា ក្រុមរបស់លោកត្រូវបង្ហាញ កាតចាក់វ៉ាក់សាំង ទៅកាន់សហគមន៍សិន ទើបអាចឡើងទៅកាន់ភ្នំបាន។ ប៉ុន្តែសម្រាប់ការបោះតង់សម្រាកនៅលើភ្នំ មិនត្រូវបានរក្សាគម្លាតនោះទេ។ 
 
លោក ហេង បានលើកឡើងថា៖ « បរិស្ថានអីស្អាតដោយសារមានធុងសំរាម  តែក៏មិនច្រើនប៉ុន្មានដែរ។ សំរាមខ្លះគេដុតចោល ហើយខ្លះទៀតសហគមន៍យកចុះមកវិញ ហើយបន្ទប់ទឹកក៏មានដែរ តែភ្ញៀវត្រូវដួសទឹកដោយខ្លួនឯង »។
 
គិតត្រឹមសប្តាហ៍ទី៣ ខែមិថុនានេះ ខេត្តកំពង់ស្ពឺមានភ្ញៀចទេសចរដើរកម្សាន្តចំនួន ១២, ៣២០នាក់ ខណៈទេសចរទូទាំងប្រទេសក្នុងបរិបទកូវីដ-១៩នេះ មានចំនួន ១០៩, ៩០៥នាក់៕
 
 
 

Tag:
 ThmeyThmey25
  ខ្នងផ្សា
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com