កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ស្កុតឡែនធ្លាក់ចេញ ខណៈអង់គ្លេស ក្រូអាស៊ី និងឆែក ឆ្ពោះទៅកាន់វគ្គ១៦ក្រុម
23, Jun 2021 , 4:37 am        
រូបភាព
ប្រភពរូបថត៖ UEFA Euro 2020
ប្រភពរូបថត៖ UEFA Euro 2020
ដោយ: រួបរួម
ពូល D នៃព្រឹត្តិការណ៍ Euro 2020 មានរហូតដល់ទៅ៣ក្រុមដែលទទួលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយ។ អង់គ្លេសក្លាយក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូល ក្រោយឈ្នះសាធារណរដ្ឋឆែក ១-០ ខណៈក្រូអាស៊ីឡើងលេខ២ ក្រោយទម្លាក់ស្កុតឡែន ៣-១។ ទោះបីបរាជ័យ ឆែកនៅតែស្ថិតក្នុងចំណោមលេខ៣ដែលល្អជាងគេ។

 
នាកីឡដ្ឋាន Wembley ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បានស៊ុតបាល់បញ្ចូលទីនៅនាទី១២ លើសាធារណរដ្ឋឆែក ក្រោយការបញ្ជូនរបស់ Jack Grealish ហើយលទ្ធផល ១-០ នេះ ត្រូវរក្សារហូតដល់បញ្ចប់ការប្រកួត។
 


រីឯការប្រកួតនាពេលតំណាលគ្នា ក្រូអាស៊ី បានទម្លាក់ស្កុតឡែនក្នុងលទ្ធផល ៣-១។ Nikola Vlasic រកបានគ្រាប់នាំមុខសម្រាប់ក្រូអាស៊ីនៅនាទី១៧ ហើយ Callum McGregor តាមស្មើវិញសម្រាប់ស្កុតឡែននៅនាទី៤២។ ក្រូអាស៊ី បន្ថែមបាន២គ្រាប់ទៀតនៅតង់ទីពីរដែលសម្រេចបានជាបន្តបន្ទាប់ពីសំណាក់ Luka Modric និង Ivan Perisic។
 
 

សម្រាប់ការប្រកួតទាំងពីរចុងក្រោយនៃពូល D នេះ ខ្សែប្រយុទ្ធអង់គ្លេស Bukayo Saka និងខ្សែបម្រើក្រូអាស៊ី Nikola Vlasic ក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត Star of the Match។
 

អង់គ្លេសក្លាយជាក្រុមលេខ១ក្នុងពូល D ដោយមាន៧ពិន្ទុ។ ក្រូអាស៊ី បានលេខ២ និងសាធារណរដ្ឋឆែក បានលេខ៣ ដោយក្រុមទាំងពីរមាន៤ពិន្ទុ និងផលសងគ្រាប់បាល់ +១ ដូចគ្នា ប៉ុន្តែក្រូអាស៊ី បានស៊ុតបាល់បញ្ចូលទីសរុប៤គ្រាប់ ខណៈឆែកមានតែ៣គ្រាប់។
 
ឆែក ដែលមាន៤ពិន្ទុ (+១) ស្ថិតក្នុងចំណោមលេខ៣ល្អជាងគេ រួមជាមួយស្វីសក្នុងពូល A ដែលមាន ៤ពិន្ទុ (-១)។ អ៊ុយក្រែន ៣ពិន្ទុ (-១) ពីពូល C និងហ្វាំងឡង់ ៣ពិន្ទុ (-២) ពីពូល B កំពុងរង់ចាំអ៊ុតក្រុមលេខ៣ពីពូល E និង F ព្រោះក្នុងចំណោមលេខ៣ចំនួន៦ក្រុម ២ក្រុមត្រូវធ្លាក់ចេញ។
សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ អង់គ្លេសនឹងត្រូវប៉ះជាមួយក្រុមលេខ២ពូល F ខណៈក្រូអាស៊ី ត្រូវតទល់ជាមួយក្រុមលេខ២ពូល E។ ក្រុមលេខ៣ឆែក នឹងដឹងពីគូប្រជែងខ្លួន ក្រោយបញ្ចប់ការប្រកួតគ្រប់ពូល។

ស្កុតឡែន មានតែ១ពិន្ទុពីការប្រកួត៣លើកក្នុងពូល ហើយបានក្លាយជាក្រុមទី៤ដែលបានហាលអាវពីព្រឹត្តិការណ៍ Euro 2020 បន្ទាប់ពីតួកគី ម៉ាសេដ្វានខាងជើង និងរុស្ស៊ី។
 
មកដល់ពេលនេះ ក្រុមដែលទទួលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយមាន អ៊ីតាលី បែលហ្ស៊ិក ហូឡង់ អង់គ្លេស វេសល៍ ដាណឺម៉ាក អូទ្រីស ក្រូអាស៊ី ស្វីស សាធារណរដ្ឋឆែក រួមទាំងស៊ុយអែត និងបារាំង ផងដែរ៕
 
 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com