អន្តរជាតិ
ចិន ជំទាស់ជាថ្មីលើគម្រោងបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរជប៉ុន
24, Jun 2021 , 3:31 pm        
រូបភាព
រោងចក្រនុយក្លេអ៊ែរជប៉ុន Fukushima។ រូបភាព៖ CGTN
រោងចក្រនុយក្លេអ៊ែរជប៉ុន Fukushima។ រូបភាព៖ CGTN
ដោយៈ ចាន់ ស៊ីណា 

ចិន នៅថ្ងៃទី២៣ ខែមិថុនា បានបង្ហាញពីក្តីបារម្ភចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលជប៉ុនលើគម្រោងបញ្ចេញទឹកដែលបន្សុទ្ធរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ បើតាមចិន ទឹកដែលរំដោះចេញពីរោងចក្រនោះ នឹងធ្វើឱ្យប៉ះពាល់បរិស្ថាន អាហារ និងសុខភាពមនុស្ស។

 
 
ពីកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៤៧ នៅក្រុងហ្សឺណែវ រដ្ឋាភិបាលចិន បានលើកឡើងជាថ្មីពីគម្រោងបញ្ចេញទឹកដែលបន្សុទ្ធរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima។ ទឹកដែលមានសារធាតុវិទ្យុសកម្មប្រមាណ ១,២៥លានតោន ត្រូវស្តុកក្នុងរោងចក្រ Fukushima តាំងពីឆ្នាំ២០១១ មក ក្រោយហេតុការណ៍រញ្ជួយដី។ 
 
ទឹកនេះ ក៏រួមទាំងទឹកធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ ទាំងទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលកន្លែងស្តុកជារៀងរាល់ថ្ងៃ។ ការសម្រេចចិត្តរបស់ជប៉ុន ធ្វើឡើងបន្ទាប់ពីអាងស្តុកទឹករោងចក្រនុយក្លេអ៊ែរជិតពេញ។ 
 
ទាក់ទិននឹងគម្រោងមួយនេះ តំណាងរងរបស់ចិនប្រចាំនៅអង្គកាសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ លោក Jiang Duan បានបញ្ជាក់ពីសិទ្ធិទាក់ទិនសុខភាពថា ឧបទ្ទវហេតុនៅរោងចក្រនុយក្លេអ៊ែរ Fukushima បានបង្កឱ្យលេចសារធាតុវិទ្យុសកម្មជាច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានក្នុងសមុទ្រ សុវត្ថិភាពអាហារ និងសុខភាពរបស់មនុស្សជាដើម។ 
 
«ទោះបីមានការសង្ស័យ និងការជំទាស់ពីក្នុងស្រុក និងក្រៅប្រទេសក៏ដោយ ជប៉ុនបានសម្រេចចិត្តជាឯកតោភាគីក្នុងការបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ»។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានស្រង់សម្តីរបស់ប្រមុខបេសកកម្មចិនបែបនេះ ដោយបន្ថែមទៀតថា ការសម្រេចចិត្តរបស់ជប៉ុននោះ គឺមិនបានពិភាក្សាជាមួយបណ្តាប្រទេសជិតខាង និងសហគមន៍អន្តរជាតិឡើយ។ ក្នុងន័យនេះ ចិនបានចាត់ទុកទង្វើរបស់ជប៉ុន ជាការមិនទទួលខុសត្រូវ។ 
 
បើតាមលោក Jiang ក្រុមអ្នកជំនាញរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏បានបង្ហាញពីក្តីបារម្ភ នឹងបញ្ហានេះដែរ។ ក្នុងន័យនេះ ចិន បានអំពាវនាវឱ្យជប៉ុនទម្លាក់ចោលការសម្រេចរបស់ខ្លួនភ្លាមៗ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ។ ក្នុងវេទិការដដែលនេះ កូរ៉េខាងត្បូង ក៏បានបង្ហាញការព្រួយបារម្ភដូចចិនផងដែរ ទាក់ទិននឹងការបញ្ចេញទឹក ដែលបន្សុទ្ធរួច ចូលទៅក្នុងសមុទ្រ។ 
 
គួរបញ្ជាក់ថា ក្រសួងការបរទេសចិននៅខែមេសាកន្លងទៅ បានចាត់ទុកការសម្រចចិត្តជាឯកតោភាគីរបស់ជប៉ុនក្នុងការរំដោះទឹកទៅក្នុងសមុទ្រ គឺជាការមិនទទួលខុសត្រូវ។ លើសពីនេះ ក្រសួងការបរទេសចិន ក៏ធ្លាប់បានបញ្ជាក់ថា ទឹកដែលចេញពីរោងចក្រ Fukushima មានវិទ្យុសកម្មខ្លាំង បន្ទាប់ពីគ្រោះរញ្ជួយដី និងមានភាពខុសគ្នាឆ្ងាយពីទឹកដែលចេញពីរោងចក្រនុយក្លេអ៊ែរធម្មតា៕
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com