កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ដករូបមន្តគ្រាប់បាល់ចំណេញក្រៅដី ដើម្បីឱ្យការប្រកួតកាន់តែស្វិតស្វាញ
25, Jun 2021 , 11:01 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នឹងដករូបមន្តគ្រាប់បាល់ក្រៅដី (away goal)  ចេញពីគ្រប់ការប្រកួតរបស់ខ្លួនចាប់ពីរដូវកាលក្រោយទៅ។ UEFA សម្រេចប្តូរច្បាប់ចាស់នេះ ដើម្បីក្រុមទាំងសងខាងមានការប្រកួតកាន់តែស្វិតស្វាញដោយមិនរំពឹងចំនួនគ្រាប់បាល់តិចឬច្រើន។ ការបន្ថែមម៉ោង ឬកាត់ក្តីដោយប៉េណាល់ទីនឹងត្រូវប្រើ បើក្រុមសងខាងឈ្នះឬស្មើដូចគ្នាទាំងពីរជើង។


 
ច្បាប់ away goal ត្រូវបានប្រើតាំងពីឆ្នាំ១៩៦៥ម្ល៉េះ សម្រាប់ការប្រកួតដែលប្តូរទឹកដីគ្នាពីរជើង ដោយផ្តល់ភាពចំណេញដល់ក្រុមដែលរកបានគ្រាប់បាល់បញ្ចូលច្រើននៅជើងទី១។ ប្រសិននៅជើងទី២ មានចំនួនគ្រាប់ដូចគ្នានឹងជើងទី១ ក្រុមទាំងពីរនឹងឈានទៅរកពេលវេលាបន្ថែមម៉ោង និងរហូតដល់កាត់សេចក្តីប៉េណាំងទីរកឈ្នះចាញ់។
 
ក្រុមគ្រូបង្វឹក និងកីឡាករ បានទាមទារឱ្យប្តូររូបមន្តនេះចេញវិញដោយស្នើទៅ UEFA កាលពីខែឧសភាកន្លងទៅ។ ពួកគេយល់ថា រូបមន្តនេះ ធ្វើឱ្យក្រុមដែលរកបានគ្រាប់ច្រើននៅជើងទី១ ប្រើក្បួនចតឡានក្រុងនៅមុខទីនៅជំនួបជើងទី២ ដោយមិនប្រជែងយកគ្រាប់បាល់បន្ថែម ដែលនាំឱ្យការប្រកួតមិនសូវមានការប្រជែង និងមិនសូវល្អមើល។
 
ក្រោយការស្នើ លោក Aleksander Ceferin ប្រធាន UEFA ក៏យល់ឃើញដូច្នេះ ហើយសម្រេចប្តូរច្បាប់នេះចេញ ដោយគិតចាប់ពីរដូវកាលក្រោយ ២០២១-២២ តទៅ។ ដូច្នេះមានន័យថាការប្រកួត Champions League, Europa League, Europa Conference League និង Women's Champions League នឹងលែងប្រើច្បាប់នេះទៀតហើយ។
 
បើតាមលោក Aleksander Ceferin រូបមន្តថ្មី ក្រុមទាំងពីរប្រកួតប្តូរទឹកដីគ្នាទៅវិញទៅមកធម្មតា ដោយគិតតែលទ្ធផលឈ្នះចាញ់ប៉ុណ្ណោះ។ បើឈ្នះ ឬចាញ់ទាំងពីរជើងក្រុមទាំងពីរត្រូវបន្ថែមម៉ោង១៥នាទី២ដង ឬកាត់សេចក្តីឈ្នះចាញ់ដោយបាល់ទាត់ប៉េណាល់ទីតែម្តង៕
 

Tag:
 UEFA
  away goal
© រក្សាសិទ្ធិដោយ thmeythmey.com