អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិជប៉ុន៖ សន្តិសុខតៃវ៉ាន់ជាប់ទាក់ទងដោយផ្ទាល់ជាមួយជប៉ុន
25, Jun 2021 , 12:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិជប៉ុន Nobuo Kishi ។ រូបថត AFP
រដ្ឋមន្ត្រីការពារជាតិជប៉ុន Nobuo Kishi ។ រូបថត AFP
ដោយ៖ ចាន់ ស៊ីណា

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi អះអាងថា សន្តិសុខតៃវ៉ាន់ជាប់ទាក់ទងផ្ទាល់ជាមួយសន្តិសុខរបស់ជប៉ុន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bloomberg News លោក Kishi អះអាងថា កម្លាំងយោធាចិនកាន់តែកើនឡើង ធៀបនឹងកម្លាំងហយោធារបស់តៃវ៉ាន់។

 
«សន្តិភាព និងស្ថិរភាពតៃវ៉ាន់ ជាប់ទាក់ទងផ្ទាល់ជាមួយជប៉ុន ហើយយើងកំពុងតាមដានយ៉ាងម៉ត់ចត់រវាងចិន និងតៃវ៉ាន់ ក៏ដូចជាសកម្មភាពយោធាចិន»។ លោក Nobou Kishi បានអះអាងបែបនេះក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bloomberg News នៅថ្ងៃទី២៤ ខែមិថុនា។ 
 
ប្រមុខការពារជាតិជប៉ុនរូបនេះ បន្ថែមថា ចិនកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង ដែលធ្វើឱ្យតុល្យភាពយោធាផ្អៀងទៅរកខាងចិនខ្លាំងដូចគ្នា។ ក្នុងកិច្ចសម្ភាសនេះ លោក Kishi មិនបញ្ជាក់ឱ្យច្បាស់ពីអ្វីដែលចាត់ទុកជាទំនាក់ទំនងផ្ទាល់នោះឡើយ ហើយក៏មិននិយាយពីគោលនយោបាយជាក់លាក់របស់ជប៉ុនជាមួយតៃវ៉ាន់ដែរ។
 
ប៉ុន្តែកាលពីដើមខែមិថុនា លោក Kishi បានប្រាប់សមាជិកសភាសហភាពអឺរ៉ុបថា ចិនកំពុងពង្រីកថវិកាការពារជាតិរបស់ខ្លួនយ៉ាងខ្លាំង ហើយសហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាតែមួយដើម្បីដោះស្រាយបញ្ហាចិននេះ។
 
បញ្ហាកោះតៃវ៉ាន់ ជាប្រធានក្ដៅ និងជាចំណុចសំខាន់សម្រាប់សន្តិសុខតំបន់ទាំងមូល។ ស្ថានភាពតៃវ៉ាន់ឡើងកម្ដៅខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ រាប់ចាប់ពីលោកស្រី Tsai Ing-wen ក្លាយជាមេដឹកនាំតៃវ៉ាន់មក។ ទីក្រុងប៉េកាំងចោទរដ្ឋបាលលោកស្រី Tsai ថា ព្យាយាមបំបែកខ្លួន ហើយក៏បង្កើនសម្ពាធយោធាកាន់តែខ្លាំងលើកោះមួយនេះ។ សកម្មភាពរបស់ចិន ធ្វើឱ្យអាមេរិកនៅមិនស្ងៀមឡើយ។ ដ្បិតគ្មានទំនាក់ទំនងការទូតផ្លូវការ អាមេរិកជាខ្នងបង្អែកដ៏ធំរបស់តៃវ៉ាន់។
 
នៅថ្ងៃទី២៣ ខែមិថុនា នាវាចម្បាំងអាមេរិកមួយគ្រឿង បានបើកឆ្លងកាត់ដែនសមុទ្រតៃវ៉ាន់ បន្ទាប់ពីយន្តហោះចម្បាំងចិនចំនួន២៨គ្រឿងហោះក្រវែលតៃវ៉ាន់៕ 
 

Tag:
 តៃវ៉ាន់
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com