អន្តរជាតិ
អង់គ្លេសជឿថា កម្ពុជានឹងជួយខ្លួនឱ្យភ្ជាប់ទំនាក់ទនងកាន់តែជិតស្និទ្ធជាមួយអាស៊ាន
25, Jun 2021 , 4:53 pm        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab ជាមួយសមភាគីកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab ជាមួយសមភាគីកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
ប្រមុខការទូតអង់គ្លេស លោក Dominic Raab ជឿជាក់ថា ភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានរបស់កម្ពុជានៅឆ្នាំក្រោយ នឹងជួយត្រួសត្រាយផ្លូវឱ្យអង់គ្លេស ដើម្បីភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់បន្ថែមទៀត។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសរូបនេះ ក៏បានបញ្ជាក់ពីឆន្ទះរបស់ខ្លួន ក្នុងការជួយការកម្ពុជា ក្នុងការធ្វើជាប្រធានផ្លាស់វេនអាស៊ានឱ្យទទួលបានជោគជ័យផងដែរ។

 
 
ក្នុងទស្សនកិច្ចមកកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានជជែកជាមួយសមភាគីកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ពីបញ្ហាជាច្រើន ក្នុងនោះក៏មានប្រធានបទអាស៊ានផងដែរ។ 
 
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីជាភាសាអង់គ្លេស (https://cambodianess.com/article/uk-looks-to-cambodia-to-smooth-asean-link) (Cambodianess, ThmeyThmey in English) ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា លោក Raab បានបង្ហាញឆន្ទះរបស់ខ្លួន ក្នុងការជួយកម្ពុជា ដើម្បីធានាឱ្យបានជោគជ័យ ក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាន។
 
«យើងមិនមែនមកទីនេះ ដើម្បីប្រាប់អ្នកឱ្យធ្វើអ្វីឡើយ ប៉ុន្តែខ្ញុំមកទីនេះ ដើម្បីចង់ដឹងពីតម្រូវការចាំបាច់របស់រដ្ឋាភិបាលកម្ពុជា ដែលជាអ្នកតំណាងដ៏ល្អរបស់ប្រជាជនកម្ពុជា»។ ប្រមុខការទូតអង់គ្លេសវ័យ ៤៧ឆ្នាំ បានសង្កាត់ធ្ងន់បែបនេះ ដោយបន្ថែមថា នៅកន្លែងណាដែលមានមិត្ត អង់គ្លេសនឹងពិនិត្យលើសំណើសម្រាប់ការគាំទ្រ និងផ្តល់ប្រឹក្សាលើអ្វីដែលប្រទេសទាំងនោះចង់បាន។ 
 
ក្នុងកិច្ចសម្ភាសដដែល រដ្ឋមន្រ្តីការបរទេសអង់គ្លេស ត្រូវបានសួរសំណួរទាក់ទិននឹងការអនុញ្ញាតឱ្យចូលជាដៃគូពិភាក្សាទី១១របស់អាស៊ាន។ ជាចម្លើយ លោកRaab បានបង្ហាញក្តីជឿជាក់របស់ខ្លួនថា អង់គ្លេសនឹងក្លាយជាដៃគូពិភាក្សាទី១១ របស់អាស៊ាន ហើយរដ្ឋាភិបាលនឹងធានាឱ្យគោលដៅនោះក្លាយជាការពិត។ 
 
ដោយស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក Raab បានអះអាងថា កម្ពុជាបានគាំទ្រអង់គ្លេសឱ្យក្លាយជាដៃគូពិភាក្សាទី១១ របស់អាស៊ាន ហើយនេះជាសញ្ញាដ៏ល្អមួយពីមេដឹកនាំរបស់អាស៊ាន។
 
ដើម្បីរឹតចំណងទំនាក់ទំនងជាមួយអាស៊ាន ប្រមុខការទូតអង់គ្លេស គ្រោងអញ្ជើញរដ្ឋមន្រ្តីការបរទេសអាស៊ានឱ្យចូលរួម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ផងដែរ។ បើតាមលោក Raab កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 លើកទីពីរ  នឹងធ្វើឡើងនៅប៉ុន្មានខែទៀតឆ ហើយលោកក៏កំពុងទទួលមតិពីរដ្ឋមន្រ្តីការបរទេសអាស៊ាន លើការអញ្ជើញឱ្យចូលក្នុងកិច្ចប្រជុំនោះផងដែរ។ 
 
បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប អង់គ្លេស បានដាក់គោលដៅពង្រីកឥទ្ធិពល និងតួនាទីរបស់ខ្លួនមកតំបន់ឥណ្ឌូ-បាស៊ីហ្វិក ស្របពេលចិន កំពុងពង្រីកដែនអំណាចរបស់ខ្លួនដែរ។ ទន្ទឹមនេះ ប្រមុខការទូតអង់គ្លេស ក៏បានច្រានចោលគោលនយោបាយបែបសង្រ្គាមត្រជាក់ផងដែរ ព្រោះវាមិនសក្តិសមជាមួយផលប្រយោជន៍របស់អង់គ្លេសក្នុងពេលបច្ចុប្បន្ន។  
 
គួររំលឹកថា អាស៊ាន បានទទួលសំណើពីអង់គ្លេសជាដៃគូពិភាក្សាទី១១ របស់អាស៊ានរួចហើយ បន្ទាប់ពីបានដាក់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ មក។ សេចក្តីសម្រេចលើការអនុញ្ញាតឱ្យចូលជាដៃគូពិភាក្សានេះ អាចនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ ដែលព្រុយណេ ជាប្រធានផ្លាស់វេនរបស់អាស៊ាន។ 
 
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាប្រធានផ្លាស់វេនអាស៊ាន នៅឆ្នាំ២០២២។ បញ្ហាជាច្រើនដែលកម្ពុជាត្រូវជួបប្រទះ និងដោះស្រាយក្នុងអំឡុងពេលនោះមានដូចជា បញ្ហាសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ-១៩, វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា, និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម៕ 
 

Tag:
 អង់គ្លេស
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com