អន្តរជាតិ
ប្រជាជនអ៊ីស្រាអែល ត្រូវពាក់ម៉ាសនៅកន្លែងបិទជិតឡើងវិញ ក្រោយករណីឆ្លងកូវីដ-១៩ ហក់ឡើង
25, Jun 2021 , 6:29 pm        
រូបភាព
ប្រជាជនអ៊ីស្រាអែល ដើរនៅក្នុងផ្សារមួយដោយមិនពាក់ម៉ាស់។ រូបភាព៖ AFP
ប្រជាជនអ៊ីស្រាអែល ដើរនៅក្នុងផ្សារមួយដោយមិនពាក់ម៉ាស់។ រូបភាព៖ AFP
ក្រសួងសុខាភិបាលអ៊ីស្រាអែល នៅថ្ងៃទី២៥ ខែមិថុនា បានស្នើឱ្យប្រជាជនខ្លួន ពាក់ម៉ាស់ជាថ្មីនៅកន្លែងបិទជិត និងមានមនុស្សច្រើន បន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ បានកើនឡើងជាថ្មី។


 
ជាប្រទេសមួយ ដែលជោគជ័យលើកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អ៊ីស្រាអែលបានរាយការណ៍ពីការកើនឡើងករណីឆ្លងជំងឺកូវីដ-១៩ ដែលមានលើស១០០ករណី ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ។ នៅថ្ងៃទី២៤ ខែមិថុនា អ៊ីស្រាអែលមានករណីឆ្លងប្រចាំថ្ងៃចំនួន ២២៧ករណី។ 
 
ដោយបារម្ភពីការឆ្លងអាចហក់ឡើងខ្ពស់ លោក Nachman Ash ប្រធានក្រុមការងារឆ្លើយតបជំងឺឆ្លងសកល ប្រាប់វិទ្យុមួយថា ការដាក់ចេញវិធានការឱ្យប្រជាជនពាក់ម៉ាស់នៅទីសាធារណៈនេះ ធ្វើឡើងដោយសារតែ អាជ្ញាធរអ៊ីស្រាអែល បានមើលឃើញករណីឆ្លងកូវីដ-១៩ បានកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ អ៊ីស្រាអែល ក៏បានជំរុញឱ្យប្រជាជនខ្លួន ពាក់ម៉ាស់នៅកន្លែងសាធារណៈ ដែលបិទជិតផងដែរ។ 
 
«ប្រសិនបើទីក្រុងពីរ មានករណីឆ្លងច្រើន យើងមានទីក្រុងផ្សេងទៀត ដែលជំងឺកូវីដ-១៩ ក៏កើនឡើងផងដែរ»។ លោក Ash បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ការហក់ឡើងនៃករណីឆ្លងចុងក្រោយនេះ អាចបណ្តាលមកពីវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ ដែលតា។ ការដាក់ចេញវិធានការឱ្យពាក់ម៉ាស់របស់អ៊ីស្រាអែល ជាការដើរថយក្រោយមួយ បន្ទាប់រដ្ឋាភិបាលបានលុបចោលចំណាត់ការមួយនេះ តាំងពីថ្ងៃទី១៥ ខែមិថុនាមកម្លេះ។ 
 
បើទោះមានករណីឆ្លងហក់ឡើងខ្ពស់ក៏ដោយ ចំនួនអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យ មិនបានកើនឡើងខ្ពស់ឡើយ។ ក្នុងន័យនេះ ប្រធានក្រុមការងារឆ្លើយតបជំងឺឆ្លងសកលរបស់អ៊ីស្រាអែល សង្ឃឹមថា វ៉ាក់សាំង នឹងជួយការពារប្រជាជនខ្លួន។ មកទល់ពេលនេះ ប្រជាជនអ៊ីស្រាអែលប្រមាណ ៥,២លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ ដោយប្រើវ៉ាក់សាំង Pfizer ។
 
ស្របពេលករណីឆ្លងកំពុងតែហក់ឡើង កម្មវិធីរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដែលអាចមានអ្នកចូលរួមជាច្រើនពាន់នាក់ ត្រូវបារព្ធឡើងនៅរសៀលថ្ងៃទី២៥ ខែមិថុនាដដែល។ 
គិតត្រឹមថ្ងៃទី ២៤ ខែមិថុនា អ៊ីស្រាអែល មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៨៤ម៉ឺនករណី និងអ្នកស្លាប់មានជាង ៦ពាន់នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនប្រមាណ ៨៣ម៉ឺននាក់៕ 
 

Tag:
 អ៊ីស្រាអែល
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com