អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN៖ គ្រោះរាំងស្ងួត អាចជាជំងឺឆ្លងសកល បន្ទាប់ពីជំងឺកូវីដ-១៩
26, Jun 2021 , 11:39 am        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
កង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ និងគ្រោះរាំងស្ងួត កំពុងក្លាយជាបញ្ហាធំដែលជះឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតមនុស្សនិងសត្វ ដោយសារការកើនឡើងកម្ដៅសកលលោក។ កង្វះទឹកស្អាត និងគ្រោះរាំងស្ងួត អាចក្លាយជាបញ្ហាចម្បងមួយទៀត បន្ទាប់ពីជំងឺកូវីដ-១៩​ បញ្ចប់ទៅ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា។



គិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៧ គ្រោះរាំងស្ងួត បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចពិភពលោក យ៉ាងហោចណាស់ ១២៤ពាន់លានដុល្លារ និងប៉ះពាល់ដល់មនុស្សជាង ១,៥ពាន់លាននាក់។ យ៉ាងណាមិញ របាយការណ៍ UN ដដែលនេះ ក៏បានបន្ថែមផងដែរថា ទំហំនៃការប៉ះពាល់ វាអាចនឹងធំជាងនេះ។

ការឡើងកម្ដៅផែនដី បានធ្វើឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់ខ្លាំងនៅតំបន់អឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច។ បើតាមអង្គការសហប្រជាជាតិ ប្រទេសប្រហែល១៣០ អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅក្នុងសតវត្សរ៍នេះ ដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់បន្តកើនឡើងខ្លាំង។ លើសពីនេះ ប្រទេសចំនួន២៣ ទៀត អាចប្រឈមនឹងកង្វះខាតទឹកស្អាតប្រើប្រាស់ ដោយសារកំណើនប្រជាជន និងខណៈប្រទេសចំនួន៣៨ ផ្សេងទៀត អាចរងគ្រោះដោយបញ្ហាទាំង២ តែម្តង។

ទាក់ទិននឹងបញ្ហានេះ លោកស្រី Mami Mizutori អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានលើកឡើងថា គ្រោះរាំងស្ងួត ដែលប្រៀបដូចជាវីរុស អាចបង្កផលវិបាករយៈពេលយូរ និងប៉ះពាល់ក្នុងទំហំធំ។

«គ្រោះរាំងស្ងួតកំពុងតែក្លាយជាជំងឺរាតត្បាតបន្ទាប់ពីជំងឺកូវីដ-១៩ ហើយវាមិនមានវ៉ាក់សាំងបង្ការឡើយ»។ លោកស្រី Mizutori បានព្រមានបែបនេះ នៅក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ មុនរបាយការណ៍UN ចេញផ្សាយ ដោយបន្ថែមថា គ្រោះរាំងស្ងួតអាចជះឥទ្ធិពលដោយប្រយោលដល់បណ្តាប្រទេសទផ្សេងទៀត តាមរយៈអសន្តិសុខស្បៀងអាហារ និងការឡើងថ្លៃម្ហូបអាហារជាដើម។

អង្គការសហប្រជាជាតិ ក៏បានប៉ាន់ប្រមាណទុកផងដែរថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចនឹងវាយប្រហារលើទ្វីបអាហ្រ្វ៊ិក, ទ្វីបអាមេរិកកណ្តាល និងខាងត្បូង, អាស៊ីកណ្តាល, អឺរ៉ុបខាងត្បូង, អាមេរិក និងម៉ិកស៊ីកូ។

ការសិក្សាស្រាវជ្រាវដោយឡែកមួយ ដែលត្រូវបានចុះផ្សាយលើទិនានុប្បវត្តិ Nature Communications ក្នុងសប្តាហ៍នេះ បានបង្ហាញផងដែរថា ការនាំចូលផលិតផលកសិកម្មជាង ៤០ ភាគរយរបស់អឺរ៉ុប អាចនឹងរងគ្រោះខ្លាំងដោយសារគ្រោះរាំងស្ងួតនៅត្រឹមពាក់កណ្តាលសតវត្សរ៍ទី២១នេះ ដែលបង្កដោយបម្រែបម្រួលអាកាសធាតុ៕


Tag:
 UN
  កូវីដ-១៩
  គ្រោះរាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com