កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ វេលស៍ ប៉ះ ដាណឺម៉ាក នាម៉ោង១១យប់ នៅវគ្គ១៦ក្រុមចុងក្រោយ
26, Jun 2021 , 5:30 pm        
រូបភាព
ដោយ: រួបរួម
វេលស៍ លេខ២ពូល A និងដាណឺម៉ាក លេខ២ពូល B ត្រូវតទល់គ្នានៅកីឡដ្ឋាន Johan Cruijff ក្រុងអាំស្ទែរដាម នាការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នាវេលាម៉ោង១១យប់ថ្ងៃសៅរ៍ ទី២៦ ខែមិថុនា នេះ។



នាការបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ២០១៦ វេសល៍ បានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហេតុដូច្នេះពួកគេរំពឹងទទួលបានលទ្ធផលបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីក៏មិនងាយស្រួលនោះដែរ ព្រោះដាណឺម៉ាក ម្ចាស់ជើងឯកឆ្នាំ១៩៩២ បានបង្កភាពភ្ញាក់ផ្អើលរួចមកហើយក្នុងវគ្គជម្រុះ ដោយចាញ់ពីរប្រកួតដំបូង ប៉ុន្តែផ្តល់ការខកចិត្តសម្រាប់រុស្ស៊ីក្នុងលទ្ធផល ៤-១ ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ២ក្នុងពូល។

វេលស៍នឹងមិនមានវត្តមានខ្សែបម្រើ Ethan Ampadu ឡើយ ដោយសារតែជាប់ពិន័យ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Gareth Bale និង Aaron Ramsey នៅតែជាកម្លាំងដ៏សំខាន់របស់លោកគ្រូបង្វឹក Robert Page។ ដោយគិតទាំងព្រឹត្តិការណ៍ Euro 2016 និង Euro 2020 កីឡាករឆ្នើមទាំងពីរ មានឱកាសរួមគ្នាវាយសម្រុកទៅលើកគូប្រកួតដល់ទៅ៩៧លើក។

ក្រៅពីខ្សែបម្រើ Christian Eriksen ដែលបន្តនៅក្រៅក្រុម បន្ទាប់ពីមានបញ្ហាគាំងបេះដូងនាជំនួបជាមួយហ្វាំង ដាណឺម៉ាកដែលដឹកនាំដោយលោក Kasper Hjulmand មិនមានបញ្ហាកីឡាករអ្វីផ្សេងទៀត ខណៈខ្សែបម្រើ Pierre-Emile Hojbjerg កំពុងលេចធ្លោ តាមរយៈការបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assist) ដល់ទៅ៣គ្រាប់នាជ័យជម្នះ ៤-១ លើរុស្ស៊ី ដោយគ្មានកីឡាករដាណឺម៉ាករូបណា មានប្រវត្តិបែបនេះឡើយទាំងក្នុង Euro និង World Cup។

ប្រវត្តិជួបគ្នា៖
ក្រុមទាំងពីរធ្លាប់គ្នា១០លើក ដោយដាណឺម៉ាកឈ្នះ៦លើក និងវេលស៍ឈ្នះ៤លើក។ សម្រាប់ព្រឹត្តិការណ៍ Euro ពួកគេប៉ះគ្នា ៤លើក ដោយឈ្នះ២លើកទៅវិញទៅមករៀងៗខ្លួន។ ការប៉ះគ្នាចុងក្រោយ គឺការប្រកួតពូល B នៃពានរង្វាន់ UEFA Nations League ឆ្នាំ២០១៨ ដោយដាណឺម៉ាកឈ្នះទាំងពីរជើងក្នុងលទ្ធផល ២-០ និង ២-១។

ប្រកួតជម្រុះក្នុងពូល៖

វេលស៍ ជាក្រុមលេខ២នៅក្នុងពូល A ដោយមានលទ្ធផលស្មើស្វីស ១-១, ឈ្នះតួកគី ២-០ តែចាញ់អ៊ីតាលី ១-០ ខណៈ ដាណឺម៉ាក ជាក្រុមលេខ២ពូល B ដោយបើកឆាកចាញ់ហ្វាំងឡង់ ១-០, ចាញ់បែលហ្ស៊ិក ២-១ ប៉ុន្តែផ្តល់ភាពភ្ញាក់ផ្អើលជាមួយនឹងជ័យជម្នះ ៤-១ លើរុស្ស៊ី នាជំនួបចុងក្រោយក្នុងពូល។

សម្រាប់ការប្រកួតយប់នេះ ក្រុមដែលទទួលបានជ័យជម្នះនឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៅក្រុងបាគូ នាថ្ងៃទី៣ ខែកក្កដា ដោយរង់ចាំអ៊ុតមើលជំនួបរវាងហូឡង់ និងសាធារណរដ្ឋឆែក៕

 



Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com