ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
រដ្ឋ បានចំណាយថវិកា៣៥០លានដុល្លារ សម្រាប់ជួយគ្រួសារក្រីក្រ ក្នុងវិបត្តិកូវីដ-១៩
27, Jun 2021 , 3:39 pm        
រូបភាព
ក្រុមមន្រី្តក្រសួងសង្គមកិច្ចចុះពិនិត្យគ្រួសារក្រីក្រនៅខេត្តមណ្ឌលគិរី (រូបពីក្រសួងសង្គមកិច្ច)
ក្រុមមន្រី្តក្រសួងសង្គមកិច្ចចុះពិនិត្យគ្រួសារក្រីក្រនៅខេត្តមណ្ឌលគិរី (រូបពីក្រសួងសង្គមកិច្ច)
 
ភ្នំពេញ៖ រដ្ឋាភិបាល បានចំណាយថវិកា៣៥០ ដុល្លារហើយ សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងវិបត្តិកូវីដ-១៩។ នេះបើតាមលោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។



លោក វង្ស៊ី វិស្សុត បានបញ្ជាក់ថា ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ៦០ម៉ឺនគ្រួសារ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋ ក្នុងអំឡុងពេលកូវីដ-១៩នេះ។ បើតាមលោក វង្សី វិស្សុត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅជុំទី៨នេះ ត្រូវបញ្ចប់នៅក្នុងខែមិថុនា។

ថ្លែងប្រាប់អ្នកសារព័តមាន នៅក្នុង​ពិធី​ទទួល​វ៉ាក់សាំង​១​លាន​ដូ​ស​ពី​ចិន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា «មកដល់ថ្ងៃនេះ ចំណាយខ្ទង់៣៥០លានដុល្លារហើយ ទៅលើគ្រួសារប្រហែលជា៦០ម៉ឺនគ្រួសារ។ឥឡូវនេះយើងកំពុងពិនិត្យពិភាក្សា ដើម្បីរៀបចំដាក់ចេញវិធានការជុំទី៩ ក្នុងការជួយទៅដល់អ្នកក្រ អ្នករកស៉ី ធុរកិច្ចដែលពិបាក ហើយខ្ញុំរំពឹងថាជំនួយសង្គមនឹងបន្ដទៀត»។

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​អនុវត្ត​កម្មវិធី​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ដោយសារ​ជំងឺ​កូ​វីដ​-១៩ កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០ ដើម្បីជួយដោះស្រាយជីវភាពួកគេ។ ចំពោះការផ្ដល់ប្រាក់ឧបត្ថម្ភនេះ រដ្ឋាភិបាល ក៏បានបែងចែក​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ ជា​២​កម្រិតដែរ គឺ អ្នកក្រីក្រ​កម្រិត​១ សំដៅលើ​អ្នកក្រីក្រ​ខ្លាំង និង អ្នកក្រីក្រ​កម្រិត​២ សំដៅលើ​អ្នកក្រីក្រ​ល្មម​។

លើសពីនេះ គ្រួសារក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក៏មានការបែងចែកជា​៣​តំបន់​ទៀត គឺ នៅ​រាជធានី​ភ្នំពេញ នៅ​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ និង នៅ​ជនបទ​។ ពួកគេត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ ជា​លក្ខណៈ​គ្រួសារ​ទាំងមូល និង​ជា​លក្ខណៈ​បុគ្គល ​ពីរដ្ឋាភិបាល។

ក្នុងនោះអ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ នៅរាជធានីភ្នំពេញ ទទួលបាន​ប្រាក់ឧបត្ថម្ភ​១២​ម៉ឺន​រៀល​ដូចគ្នា ក្នុង​១​គ្រួសារ ទាំងកម្រិត១ និងកម្រិត២។ ប៉ុន្តែលក្ខណៈបុគ្គលនៃសមាជិកគ្រួសារ នៅកម្រិត១ អាចទទួលបានប្រាក់ពី៤០,០០០រៀល ដល់៥២,០០០រៀលក្នុងម្នាក់ ខណៈកម្រិត២ ទទួលបានពី២៨,០០០រៀល ដល់៣៦,០០០រៀលក្នុងម្នាក់។
 
នៅ​ទីប្រជុំជន ក្រៅពី​រាជធានី​ភ្នំពេញ ​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ ទទួលបាន​ប្រាក់ឧបត្ថម្ភ​១២​ម៉ឺន​រៀល ក្នុង​គ្រួសារ​នីមួយៗ ដោយ​មិន​បែងចែក​កម្រិត​១ ឬ​កម្រិត​២​ឡើយ​។ ឯ​សមាជិក ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​១ ទទួលបាន​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ហើយ​សមាជិក ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​២ ទទួលបាន​២​ម៉ឺន​៨​ពាន់​រៀល ក្នុង​ម្នាក់ៗ​។​

​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ដែល​ស្ថិតក្នុង​កម្រិត​១​និង​កម្រិត​២ ទទួលបាន​ប្រាក់ឧបត្ថម្ភ​៨​ម៉ឺន​រៀល​ដូចគ្នា ក្នុង​១​គ្រួសារ​។ ចំពោះ​សមាជិក ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​១ ទទួលបាន​២​ម៉ឺន​៤​ពាន់​រៀល​ក្នុង​ម្នាក់ៗ ហើយ​សមាជិក​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​២ ទទួលបាន​១​ម៉ឺន​៦​ពាន់​រៀល​ក្នុង​ម្នាក់ៗ​៕
អត្ថបទទាក់ទង



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com