ជាតិ
សម្តេច ហ៊ុន សែន៖ បក្សនយោបាយអាស៊ាន-រុស្ស៊ី ត្រូវបន្តរួមគ្នាទាត់ចោលស្មារតីសង្គ្រាមត្រជាក់
29, Jun 2021 , 3:49 pm        
រូបភាព
សម្តេចចូលរួមកិច្ចពិភាក្សាបក្សនយោបាយរុស្ស៊ី-អាស៊ាន នៅចំថ្ងៃទី១០នៃការធ្វើចត្តាឡីស័ក ក្រោយសម្តេចអះអាង​ថា បានប៉ះពាល់ដោយប្រយោលអ្នកកើតកូវីដ-១៩
សម្តេចចូលរួមកិច្ចពិភាក្សាបក្សនយោបាយរុស្ស៊ី-អាស៊ាន នៅចំថ្ងៃទី១០នៃការធ្វើចត្តាឡីស័ក ក្រោយសម្តេចអះអាង​ថា បានប៉ះពាល់ដោយប្រយោលអ្នកកើតកូវីដ-១៩
ដោយ: រួបរួម
ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បាន​ធ្វើឲ្យស្ថានភាព​កាន់តែស្មុគស្មាញ ខណៈដែលស្មារតីល្បែងផលបូកសូន្យនៃសង្គ្រាមត្រជាក់ថ្មី កំពុងលេចឡើង​ ហើយសណ្តាប់ធ្នាប់ពិភពលោកកំពុង​ត្រូវបាន​បែងចែក។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាកិច្ចពិភាក្សាតុមូលតាមប្រព័ន្ធអនឡាញ ជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃបណ្តាប្រទេសអាស៊ាន-រុស្ស៊ី រសៀលថ្ងៃទី២៩ ខែមិថុនា នេះ។ 




សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​រដ្ឋ និងរដ្ឋកំពុង​ត្រូវបាន​កំណត់​ដោយ​ការបែងចែក​ភូមិសាស្ត្រនយោបាយ។ ភាពមិនពិ​តប្រាកដ​ប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ បាន​ជំរុញ​ឲ្យមាន​ការដាក់គំនាបលើខ្លួនឯង និងសិទ្ធិ​ក្នុងការ​ជ្រើសរើស​ផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍ។

ករណីនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃកិច្ចពិភាក្សារវាងបណ្តាមេដឹកនាំបក្សនយោបាយរុស្ស៊ី-អាស៊ាន តាម​រយៈការ​បញ្ជ្រាបតួនាទី​យ៉ាង​សំខាន់​របស់​គណបក្សនយោបាយ​ក្នុង​ការ​ថែរក្សា​សណ្តាប់ធ្នាប់ពិភពលោក ជៀសវាង​ការបែកបាក់គ្នា​ ដោយទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់។

នាអំឡុងនៃការធ្វើចត្តាឡីស័កថ្ងៃទី១០ ប្រធានគណបក្សប្រជាជនកម្ពុជា បានចែករំលែកវិធីដែលគណបក្សនយោបាយរុស្ស៊ី-អាស៊ាន ត្រូវរួមគ្នាដោះស្រាយ។ ចំណុចទាំងនោះមានដូចជា ការផ្តោតលើកិច្ចការចំពោះមុខលើការយុទ្ធនាការប្រឆាំងកូវីដ-១៩ ដោយជៀសវាងផលរំខានផ្នែកនយោបាយ ការជំរុញការងារវិនិយោគ ការពង្រឹងយុទ្ធសាស្ត្រ​ក្នុងក្របខណ្ឌស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ពង្រឹងការយោគយល់គ្នាទៅវិញទៅមកដោយបើកចំហរ កិច្ចសហប្រតិបត្តិការជាក់ស្តែងលើបញ្ហានានាក្នុងនោះមានសន្តិសុខអ៊ីនធ័រណិត បម្រែបម្រួលអាកាសធាតុ រួមទាំងទំនាក់ទំនងវប្បធម៌ផងដែរ។



កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមប្រធានបទ តួនាទីនៃកម្លាំងគណបក្សរុស្ស៊ី និងអាស៊ានប្រកបដោយការទទួលខុសត្រូវក្នុងការពង្រឹងស្ថាបន្យកម្ម សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ក្នុងឱកាស ២៥ឆ្នាំដៃគូ។

នាកិច្ចប្រជុំនេះ លោក Dmitry Medvedev អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី និងជាប្រធានគណបក្សរុស្ស៊ីរួបរួម បានបើកថ្លែងស្វាគមន៍ ដោយអះអាងពីការព្យាយាមពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងរុស្ស៊ី ជាមួយបណ្តាគណបក្សនយោបាយនៅតំបន់អាស៊ាន។



ក្រៅពីសម្តេចនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះដែរមាន លោក Thongloun Sisoulith ពីឡាវ, លោក Ahmad Zahid Hamidi ពីម៉ាឡេស៊ី, លោក Manny Pacquiao ពីហ្វីលីពីន រួមទាំងថ្នាក់ដឹកនាំវៀតណាមផងដែរ។

ក្នុងការថ្លែង​របស់ខ្លួន សម្តេច ហ៊ុន សែន ក៏បាន​ស្វាគមន៍វត្តមាន​លោក Pacquiao ប្រធានគណបក្សប្រជាធិបតេយ្យហ្វីលីពីន ផងដែរ ដោយសម្តេចលើកឡើងថា លោក Pacquiao មិនត្រឹមតែជោគជ័យក្នុងអាជីពប្រដាល់ប៉ុណ្ណោះទេ ហើយក៏ជោគជ័យក្នុងនយោបាយថែមទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com