កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖តោកំណាចអង់គ្លេសស្វាគមន៍ឥន្ទ្រីដែកអាល្លឺម៉ង់ មុនស៊ុយអែតប៉ះអ៊ុយក្រែន
29, Jun 2021 , 6:29 pm        
រូបភាព
ដោយ៖ជា យូគៀង

វគ្គ១៦ចុងក្រោយនៃពានរង្វាន់ Euro 2020 នៅសល់ការប្រកួត២ទៀតនារាត្រីនេះ ដោយតោកំណាចអង់គ្លេស លេខ១ ក្នុងពូល D ជួបតទល់ជាមួយក្រុមខ្លាំងឥន្ទ្រីដែកអាល្លឺម៉ង់ លេខ២ ពូល F មុនពេលស៊ុយអែត លេខពូល E ប៉ះជាមួយ អ៊ុយក្រែន ក្រុមលេខ៣ល្អពូល C។

 
អង់គ្លេសស្វាគមន៍អាល្លឺម៉ង់នាកីឡដ្ឋាន Wembley វេលាម៉ោង ១១យប់ តោកំណាចអង់គ្លេស មិនដែលធ្លាប់ឈ្នះពានរង្វាន់ Euro ខណៈឥន្ទ្រីដែកអាល្លឺម៉ង់ជាក្រុមជើងឯក៣សម័យកាល។ ក្រុមទាំងពីរ ធ្លាប់បានប្រកួតគ្នា ជាច្រើនលើកច្រើនសារ រួចមកហើយស្ទើរគ្រប់ព្រឹត្តិការណ៍ រួមទាំងជំនួបមិត្តភាពអន្តរជាតិផងដែរ។ សម្រាប់ការប្រកួតនៅក្នុងពូល អង់គ្លេសបានយកឈ្នះលើក្រូអាស៊ី ឆែក និងស្មើជាមួយស្កុតឡែន រីឯអាល្លឺម៉ង់បានយកឈ្នះ ព័រទុយហ្គាល់ ស្មើជាមួយហុងគ្រី ប៉ុន្តែចាញ់បារាំង។
 
បើរាប់ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០១៧ អង់គ្លេសយកឈ្នះអាល្លឺម៉ង់ ៤លើក ស្មើ១លើក និងចាញ់៦លើក ដោយ៤ជំនួបចុងក្រោយជាការប្រកួតមិត្តភាពអន្តរជាតិ។ សម្រាប់ស្ថិតិ៥ប្រកួតចុងក្រោយ អង់គ្លេស ឈ្នះ៤ ស្មើ១ ចំណែកអាល្លឺម៉ង់ ឈ្នះ២ ស្មើ២ និងចាញ់១។
 


ក្រុមទាំងពីរមិនមានបញ្ហារបួស ឬជាប់បម្រាមលើកីឡាករណា១ឡើយ។ កីឡាករសំខាន់ របស់អង់គ្លេស មានដូចជា Raheem Sterling, Harry Kane, Phil Foden ដែលជាប្រយុទ្ធមុតស្រួច និងរនាំងការពារដ៏រឹងមាំមានដូចជា John Stone, Harry Maguire, Kyle Walker ព្រមទាំង Reece Jame។ ចំណែកអាល្លឺម៉ង់ខ្សែប្រយុទ្ធដែលកំពុងឡើងទម្រង់ មាន Kai Havertz, Serge Gnabry ចាប់ដៃជាមួយកីឡាករជើងចាស់ Thomas Muller អមជាមួយនឹងតំបន់កណ្តាលដ៏ល្អ Ilkay Gundogan, Toni Kroos, Robin Gosens និង Joshua Kimmich ។
 
ក្រុមដែរឈ្នះការប្រកួតក្នុងរាត្រីនេះនិងត្រូវឡើងទៅកាន់វគ្គ៨ក្រុមជាបន្តទៀតដោយនឹងត្រូវជួបក្រុមឈ្នះរវាងក្រុមស៊ុយអែតនិងអ៊ុយក្រែន។
ស៊ុយអែតប៉ះអ៊ុយក្រែននាកីឡដ្ឋាន Hampdem Park វេលាម៉ោង២អាធ្រាត្រ ស៊ុយអែតគឺជាក្រុមធ្លាប់ឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro កាលពីឆ្នាំ ១៩៩២ ដោយកាលនោះពួកគេបានចាញ់ក្រោមថ្វីជើងរបស់អាល្លឺម៉ង់ក្នុងលទ្ធផល ៣-២ ក្រោយមកពួកគេឆ្លងមិនផុតវគ្គ១៦ក្រុមឡើយ។ 
 


ស៊ុយអែត ក្រុមលេខ១ក្នុងពូល E ត្រូវជួបតទល់ជាមួយអ៊ុយក្រែនដែល ជាក្រុមសំណាងបំផុតដោយ ពួកគេឈរជាក្រុមលេខ៣ល្អចុងក្រោយគេ ក្រោយស្លូវ៉ាគីបានចាញ់អេស៉្បាញរហូតដល់ ៥-០ ហើយបានជួយឲ្យអ៊ុយក្រែនឡើងមកកាន់វគ្គ១៦ ក្រុមនេះជាលើកដំបូង។ 
 
ក្រុមទាំងពីរធ្លាប់ជួបគ្នា៤លើកប៉ុណ្ណោះដោយ ភាគច្រើនជាការប្រកួតមិត្តភាព និងមួយប្រកួតក្នុងព្រឹត្តិការណ៍ Euro 2012 ដោយកាលណោះ អ៊ុយក្រែនបានឈ្នះ ២-១ ចំណែក៣ប្រកួតផ្សេងទៀតស៊ុយអែតចាញ់ទាំងអស់។
 
ស៊ុយអែតដឹកនាំដោយលោក Janne Andersson មានកីឡាករដែលលេចធ្លោគឺខ្សែប្រយុទ្ធវ័យក្មេង Alexander Isak និងកីឡាកររៀមច្បង Marcus Berg ដែលអមដោយខ្សែបម្រើដ៏ល្អ Emil Forsberg ចាំជួយគាំទ្រនៅតំបន់កណ្តាល។ ចំណែកអ៊ុយក្រែនខ្សែប្រយុទ្ធដ៏មុតស្រួច Roman Yaremchuk ចាប់ដៃគូរជាមួយ Ruslan Malinovsky ដែលអមដោយកីឡាករប្រធានក្រុមវ័យក្មេង Oleksandr Zinchenko នៅតំបន់កណ្តាល។
 
ក្រុមដែលឈ្នះការប្រកួតក្នុងរាត្រីនេះ ត្រូវបន្តដំណើរទៅជួបក្រុមដែរឈ្នះការប្រកួតរវាងតោកំណាចអង់គ្លេស និងក្រុមឥន្ទ្រីដែកអាល្លឺម៉ង់៕




 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com