អន្តរជាតិ
មីយ៉ាន់ម៉ា ចង់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថែមពីរុស្ស៊ីនិងចិន ខណៈករណីឆ្លងហក់ឡើង
30, Jun 2021 , 4:19 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu ជាមួយអគ្គមេបញ្ជាការយោធាមីយ៉ាន់ម់ា លោក មីន អ៊ុងឡាំង។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu ជាមួយអគ្គមេបញ្ជាការយោធាមីយ៉ាន់ម់ា លោក មីន អ៊ុងឡាំង។ រូបភាព៖ Reuters
មីយ៉ាន់ម៉ា កំពុងចរចាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីចិន និងរុស្ស៊ី សម្រាប់ផ្តល់ឱ្យប្រជាជនខ្លួន ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស។ ករណីឆ្លងនៅមីយ៉ាន់ម៉ា បានហក់ឡើងខ្ពស់នៅប៉ុន្មានថ្ងៃមកនេះ។

 
នៅក្នុងកិច្ចសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មានRIA ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានអះអាងថា មីយ៉ាន់ម៉ា កំពុងពិនិត្យលើការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៧លានដូសបន្ថែមទៀត ពីរុស្ស៊ី សម្រាប់ផ្តល់ឱ្យប្រជាជន។ បើតាមលោកមីន អ៊ុងឡាំង ដំបូងឡើយ មីយ៉ាន់ម៉ា គ្រោងទិញតែ ២លានដូសប៉ុណ្ណោះ។ 
 
«យើងបានចរចាទិញវ៉ាក់សាំងបន្ថែមទៀតពីរុស្ស៊ី»។ ប្រមុខយោធាមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់បែបនេះ។ យ៉ាងណាមិញ លោក មីន អ៊ុងឡាំង មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំងរបស់រុស្ស៊ីឡើយ ថាតើមីយ៉ាន់ម៉ាទិញវ៉ាក់សាំង Sputnik V ដែលចាក់ពីរដូស ឬវ៉ាក់សាំង Sputnik Light ដែលចាក់ត្រឹមតែមួយដូស។ 
 
ក្នុងកិច្ចសម្ភាសដដែលនេះ លោកមីន អ៊ុងឡាំង ក៏បានលើកឡើងពីវ៉ាក់សាំងចិន និងឥណ្ឌាផងដែរ។ ប្រមុខយោធារូបនេះ បានបន្តថា ឥណ្ឌា កន្លងមក ដែលធ្លាប់បានផ្គត់ផ្គង់វ៉ាក់សាំងឱ្យមីយ៉ាន់ម៉ា មិនអាចបន្តផ្តល់ឱ្យបានទៀតឡើយ ដោយសារតែឥណ្ឌាពេលនេះ កំពុងតែផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ដែរ។
 
ក្រៅពីឥណ្ឌា ចិន ក៏ធ្លាប់បានដឹកជញ្ជូនវ៉ាក់សាំងឱ្យមីយ៉ាន់ម៉ាដែរ។  ប្រមុខយោធាមីយ៉ាន់ម៉ាអះអាងថា មីយ៉ាន់ម៉ា នឹងបន្តចរចាទិញវ៉ាក់សាំងពីចិនបន្ថែមទៀត។ ចំនួនវ៉ាក់សាំង ដែលត្រូវទិញបន្ថែមពីចិន ក៏មិនត្រូវបានលោក មីន អ៊ុងឡាំង បញ្ជាក់បន្ថែមផងដែរ។ 
 
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ត្រឹមថ្ងៃទី២៩ ខែមិថុនា ករណីឆ្លងកូវីដ-១៩ សរុបជាង ១៥ម៉ឺនករណី និងអ្នកស្លាប់មានជាង ៣ពាន់នាក់។ ប៉ុន្តែក្រុមអ្នកជំនាញសុខាភិបាល យល់ថា ចំនួនពិតប្រាកដនៃករណីឆ្លងកូវីដ-១៩ នៅមីយ៉ាន់ម៉ាអាចនឹងខ្ពស់ជាងនេះ ព្រោះចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ា បានមិនអាចធ្វើតេស្តរកជំងឺកូវីដ-១៩ លើប្រជាជនបានគ្រប់គ្រាន់ឡើយ។ 
 
គួររំលឹកថា មួយរយៈចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩ បានហក់ឡើងវិញនៅមីយ៉ាន់ម៉ា ជាពិសេសតំបន់ជាប់ព្រំដែនជាមួយឥណ្ឌា។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលយោធា បានបិទតំបន់មួយចំនួននៅជាប់ព្រំដែននោះ ដើម្បីទប់ស្កាត់ការរីកសាយនៃជំងឺកូវីដ-១៩៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com