COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩ «ដែលតា» ដោយឡែក និងចត្តាឡីស័ក២១ថ្ងៃ
01, Jul 2021 , 9:54 am        
រូបភាព
ភ្នំពេញ៖ ពីកិច្ចប្រជុំតាមអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដានេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរព្យាបាលអ្នកជំងឺកូវីដ-១៩ «ដែលតា» ដោយឡែក និងដាក់ចត្តាឡីស័ក២១ថ្ងៃ។


 
សម្ដេច ហ៊ុន សែន បញ្ជាក់ថា វីរុសបំប្លែងថ្មី «ដែលតា»នេះ ជាគ្រោះថ្នាក់ធំបំផុត ដែលត្រូវការយកចិត្តទុកដាក់ទប់ស្កាត់ឱ្យទាន់ពេលវេលា។ ដូច្នេះការព្យាបាល និងចត្តាឡីស័ក ក៏ត្រូវម៉ឹងមាត់លើអ្នកជំងឺកូវីដ-១៩ «ដែលតា»នេះ។
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឱ្យអាជ្ញាធរតាមព្រំដែន ពង្រឹងវិធានការទប់ស្កាត់កូវីដ-១៩ បំប្លែងថ្មី «ដែលតា» ឱ្យមានប្រសិទ្ធភាព។ ជាពិសេសច្រកព្រំដែនថៃ ព្រោះថៃកំពុងផ្ទុះវីរុសបំប្លែងថ្មី «ដែលតា» នេះខ្លាំង។ 
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរច្រកព្រំដែនថៃ ទាក់ទងទៅអាជ្ញាធរថៃ ដើម្បីសម្របសម្រួលឱ្យពលរដ្ឋខ្មែរ ដែលទៅធ្វើការ និងរស់នៅទីនោះ កុំទាន់សម្រុកមកកម្ពុជា ។ ជាពិសេសស្នើឱ្យអាជ្ញាធរថៃ ជួយរៀបចំ និងបន្តឱ្យពលរដ្ឋខ្មែរ នៅទីនោះសិន ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩ បំប្លែងថ្មីទាំងអស់គ្នា។
 
ដើម្បីទប់ស្កាត់កូវីដ-១៩នេះ សម្ដេច ក៏បញ្ជាឱ្យមន្ត្រីសុខាភិបាល បញ្ជូនឧបករណ៍តេស្តរកកូវីដ-១៩ ឱ្យបានគ្រប់គ្រាន់ទៅអាជ្ញាធរតាមព្រំដែន ខណៈដែលសម្ដេច ទទួលបានព័ត៌មានថា អាជ្ញាធរតាមព្រំដែនខ្លះ គ្មានឧបករណ៍តេស្តរកកូវីដ-១៩ ។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន ចាត់ទុកជាការធ្វេសប្រហែសរបស់មន្ត្រីក្រសួងសុខាភិបាល ដែលមិនផ្ដល់ឧបករណ៍តាមបណ្ដាខេត្តជាប់ព្រំដែន។
 
បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី បានដាក់ចេញវិធានការកាត់បន្ថយទំហំតំបន់ដែលឆ្លង និងការឆ្លងកូវីដ-១៩ ឱ្យមកទំហំទាប តាមរយៈវិធានការសុខាភិបាល អប់រំ និងច្បាប់ជាដើម។ សម្ដេច ក៏បញ្ជាឱ្យមន្ត្រីសុខាភិបាល ខិតខំរកវិធីព្យាបាលអ្នកឆ្លងឱ្យឆាប់ជាសះស្បើយ និងកាត់បន្ថយអ្នកស្លាប់មកកម្រិតទាប និងឈានទៅគ្មានអ្នកស្លាប់។ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com