អន្តរជាតិ
លោក ស៊ី ជិនភីង ប្តេជ្ញាអភិវឌ្ឍកងទ័ពចិនឱ្យក្លាយជាយោធាលំដាប់ពិភពលោក
01, Jul 2021 , 3:29 pm        
រូបភាព
ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ រូបភាព៖ Xinhua
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោកស៊ី ជិនភីង នៅថ្ងៃទី១ ខែកក្កដា បានជំរុញឱ្យចិនធ្វើទំនើបកម្មយោធាបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេស ការពារស្ថិរភាពតំបន់។ មិនតែប៉ុណ្ណោះ លោកស៊ី ក៏បានប្តេជ្ញាអភិវឌ្ឍកងទ័ពចិន ឱ្យក្លាយជាយោធាលំដាប់ពិភពលោក ឱ្យដូចប្រទេសមហាអំណាចផ្សេងទៀតដែរ។

 
ថ្លែងនៅចំពោះមុខមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តជាច្រើនរូប និងសមាជិកបក្សជាច្រើនពាន់នាក់ផ្សេងទៀត លោកស៊ី ជិនភីង ដែលជាប្រធានាធិបតីចិនផងនោះ បានជំរុញឱ្យចិនពន្លឿនការធ្វើទំនើបកម្មយោធារបស់ខ្លួន ដើម្បីឱ្យក្លាយជាយោធាលំដាប់ពិភពលោក។ 
 
«យើង ត្រូវតែពន្លឿនការធ្វើទំនើបកម្មលើកម្លាំងការពារជាតិ និងកងទ័ព»។ អគ្គលេខាធិការបក្ស បានសង្កត់ធ្ងន់បែបនេះនៅក្នុងខួប ១០០ឆ្នាំនៃបក្សកុម្មុយនីស្តចិននៅទីលានធានអានមិន ដោយបន្ថែមថា ប្រទេសខ្លាំង ត្រូវតែមានកម្លាំងយោធាខ្លាំងដើម្បីធានាសន្តិសុខសម្រាប់ប្រទេស។ 
 
បើតាមលោក ស៊ី យោធាចិន បានសម្រេចគោលដៅជាច្រើនរបស់ខ្លួន ដែលតំណាងឱ្យបក្សកុម្មុយនីស្តចិន និងប្រជាជន។ ក្នុងន័យនេះ អគ្គលេខាធិការបក្ស បានចាត់ទុកយោធាចិន ជាសសរស្តម្ភដ៏សំខាន់មួយក្នុងការការពារប្រទេស, សេចក្តីថ្លៃថ្នូរ, សន្តិភាពក្នុងតំបន់ និងលើពិភពលោក។ 
 
ក្នុងសុន្ទរកថាដែលមានរយៈពេលជាង ១ម៉ោង លោកស៊ី បានបន្តថា ចិន នឹងបន្តអនុវត្តតាមការគិតគូរបស់បក្ស ដើម្បីពង្រឹងកម្លាំងយោធា ក៏ដូចជាយុទ្ធសាស្រ្តយោធានៅក្នុងយុគសម័យថ្មី។ ទាក់ទិននឹងបញ្ហានេះ លោកប្រធានាធិបតីចិន លើកឡើងទៀតថា ចិន នឹងអភិវឌ្ឍកម្លាំងយោធារបស់ខ្លួនឱ្យស្ថិតក្នុងលំដាប់ពិភពលោក តាមរយៈការបំពាក់សម្ភារយោធា ការហ្វឹកហាត់ បច្ចេកវិទ្យា ដើម្បីការពារអធិបតេយ្យជាតិរបស់ចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។
 
ទន្ទឹមនេះ មេដឹកនាំចិនរូបនេះ ក៏បានអះអាងផងដែរថា ចិនមិនបានប្រកាន់ខ្ជាប់កាយវិការបែបអនុត្ដរភាពឡើយ ផ្ទុយទៅវិញ ចិនតែងតែគិតគូពីអនាគតរបស់មនុស្សជាតិ។ ចិនតែងតែការពារសន្តិភាព ការអភិវឌ្ឍ និងរក្សាសណ្តាប់ធ្នាប់ពិភពលោក។ 
 
គួរបញ្ជាក់ថា ចិន គឺជាប្រទេសទីពីរ ដែលបានចំណាយថវិកាយោធាច្រើនជាងគេបំផុត បន្ទាប់ពីអាមេរិក។ ថវិកាយោធាប្រចាំឆ្នាំ២០២០ ចិនមានចំនួនប្រមាណ ២៥២លានដុល្លារ ខណៈពេលកងទ័ពចិនមានរហូតដល់ជាង ២លាននាក់ឯណោះ៕
 

Tag:
 ចិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com