COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យទិញថ្នាំពីចិន ដើម្បីព្យាបាលកូវីដ-១៩
01, Jul 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល ទិញថ្នាំពីចិនថែមទៀត ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។ បើតាមប្រមុខរដ្ឋាភិបាល ថ្នាំពេទ្យចិន មានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺ។


«ខ្ញុំក៏លេបដែរ ហើយខ្ញុំលេបថ្នាំចិនមុនចេញដំណើរទៅណា ត្រូវលេបថ្នាំហ្នឹង ទោះបីមិនឈឺក៏ដោយ តែ លេបការពារវាបន្ថែម»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាឱ្យក្រសួងសុខាភិបាលទិញថ្នាំពីឲ្យច្រើនមក ព្រោះមានអ្នកជំងរាប់ពាន់នាក់ កំពុងសម្រាកនៅកន្លែងព្យាបាល។
 
បើតាមសម្ដេច ហ៊ុន សែន បណ្ដាប្រទេសនៅលើពិភពលោក ដូចជា អារ៉ាប់អេមីរ៉េត និងនៅមជ្ឈិមបូព៌ា ជាដើម ក៏បានទិញថ្នាំចិននេះ យកទៅប្រើប្រាស់ និងព្យាបាលផងដែរ។
 
ក្រៅពីទិញថ្នាំចិននេះ ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៀតផង។ ថ្លែងកិច្ចប្រជុំតាមអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ស្តីពីវិធានការកូវីដ-១៩ ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដានេះ សម្ដេច ហ៊ុន សែន បង្ហាញជំហរមិនខ្វល់ពីការរិះគន់លើរដ្ឋាភិបាលឡើយ ក្រោមហេតុផលថា គ្មានអ្នកណាជួយកម្ពុជា ជាងចិននោះទេ។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានបញ្ជាកជាថ្មីថា បើកម្ពុជា មិនពឹងចិនទេ តើឱ្យកម្ពុជាទៅពឹងអ្នកណា?
 
« យកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ រីឯប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ »។ នេះជាការបញ្ជាក់របស់សម្ដេច ដែលបានបន្ថែមថា ប្រទេសខ្លះ សន្យាជួយនេះ ឬជួយនោះ ប៉ុន្តែមិនឃើញផ្ដល់មកឱ្យកម្ពុជាឡើយ ក្រៅតែពីជំនួយចិន។
 
កម្ពុជាមានវ៉ាក់សាំងសរុប១១,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ចំនួន៧,៥លានដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៣,២លានដូស និងវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស  ដែលជាជំនួយពីយន្តការCOVAX។
 
បើតាមគម្រោង កម្ពុជា នឹងមានវ៉ាក់សាំងចំនួន ២០លានដូសនៅត្រឹមខែសីហា ឆ្នាំ២០២១ សម្រាប់ចាក់វ៉ាក់សាំងឱ្យពលរដ្ឋ១០លាននាក់ តាមផែនការកំណត់។ កម្ពុជា បានត្រៀមថវិកា១៧០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងមកចាក់ជូនពលរដ្ឋនេះ។នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២៦ មិថុនា។
 
គិតត្រឹមថ្ងៃទី១ កក្កដា ពលរដ្ឋជាង៤,២ លាននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្មើ៤២,០៣ ភាគរយ នៃផែនការចាក់វ៉ាក់សាំងលើពលរដ្ឋ១០លាននាក់។ ក្នុងចំណោមអ្នកទាំងនេះ មានពលរដ្ឋ៣លាននាក់ហើយ ដែលបានចាក់ដូសទី២។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com