ជាតិ
សង្គមជាតិ
ក្រុមហ៊ុន និងសហគ្រាសឯកជន អាចទិញឧបករណ៍តេស្តរហ័សរកកូវីដ-១៩ ពីក្រសួងប្រៃសណីយ៍
02, Jul 2021 , 10:45 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសចែកចាយលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩(Covid-19 Rapid Antigen Test) សម្រាប់ម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នផ្សេងៗ ក្នុងតម្លៃ៣,៧ដុល្លារ។ 

 
ក្រសួងប្រៃសណីយ៍ លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ជូនទៅម្ចាស់ក្រុមហ៊ុន និងស្ថាប័នណា ដែលមានបំណងចង់យកសំណាកលើបុគ្គលិក និយោជិត កម្មកររបស់ខ្លួនតែប៉ុណ្ណោះ។ ក្រសួងមិនអនុញ្ញាតឲ្យម្ចាស់ក្រុមហ៊ុននានាទិញហើយ លក់បន្តឡើយ។ 
 
បើតាមក្រសួងប្រៃសណីយ៍ ក្រោយពីទិញឧបករណ៍នោះហើយ ក្រសួង នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ បណ្តុះបណ្តាលលើការយកសំណាកតាមរយៈឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុនប្រគល់ឧបករណ៍នេះ។ 
 
ក្នុងកិច្ចប្រជុំពិសេសជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១ ខែកក្កដា សម្តេច ហ៊ុន សែន បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ ដាក់លក់ឧបករណ៍តេស្តរហ័សនេះ ហើយជួយបង្រៀនដល់ក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យឯកជន ឲ្យចេះប្រើប្រាស់ឧបករណ៍នេះ ដើម្បីជាកម្លាំងចលករក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ។
 
បន្ថែមពីនេះ សម្ដេច ក៏បញ្ជាឲ្យថ្នាក់ដឹកនាំផ្នែកសុខាភិបាល ដែលទទួលបន្ទុកឃ្លាំងស្តុកសម្ភារសុខាភិបាល បញ្ចេញឧបករណ៍តេស្តរហ័សរកជំងឺកូវីដ-១៩ ចំនួន១លានគ្រឿង សម្រាប់ផ្តល់ឲ្យខេត្តមួយនូវឧបករណ៍តេស្តរហ័ស១ម៉ឺនគ្រឿង។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សជាង១លានទៀត នឹងមកដល់កម្ពុជានៅថ្ងៃទី២ ខែកក្កដានេះ។
 
សម្រាប់ម្ចាស់ក្រុមហ៊ុន និងស្ថាប័ននានាដែលចង់ទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ អាចទាក់ទងមកក្រសួងប្រៃសណីយ៍ តាមរយៈតេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ១២៣/ ០៦៧ ៨១៨ ៧៨២/០១៧ ៨៤៨ ១០៨ ឬ០៧៧ ៨៦៧ ៩៥៧។ 
 
 
 

Tag:
 ឧបករណ៍
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com