អន្តរជាតិ
ភ្លើងឆេះព្រៃបំផ្លាញក្រុងតូចមួយនៅកាណាដា បន្ទាប់ពីសីតុណ្ហភាពក្ដៅខ្លាំងមិនធ្លាប់មាន
02, Jul 2021 , 12:29 pm        
រូបភាព
ភ្លើងឆេះព្រៃក្នុងខេត្ត British Columbia ។ រូបថតពីអង្គភាពពន្លត់អគ្គិភ័យខេត្ត British Columbia
ភ្លើងឆេះព្រៃក្នុងខេត្ត British Columbia ។ រូបថតពីអង្គភាពពន្លត់អគ្គិភ័យខេត្ត British Columbia
ដោយ៖ ឈួ ស៊ាវយីងជាវ 
 
ភ្លើងឆេះព្រៃដែលកើតក្រោយការឡើងកម្ដៅមិនធ្លាប់មាននៅកាណាដា បានបំផ្លាញក្រុងមួយស្ទើរទាំងស្រុងក្នុងខេត្ត British Columbia ។ អាជ្ញាធរខេត្តនេះ នៅថ្ងៃទី១ ខែកក្កដា ក៏ចេញបញ្ជាឱ្យប្រជាជនជម្លៀសខ្លួន ស្របពេលភ្លើងឆេះព្រៃជាច្រើនទៀតកំពុងកើតឡើងនៅផ្នែកនានាក្នុងខេត្តនេះ។

 
 
នៅកាណាដា សីតុណ្ហភាពឡើងដល់កម្រិតក្ដៅបំផុតរហូតបំបែកកំណត់ត្រារយៈពេល៣ថ្ងៃមកហើយ។កម្ដៅឡើងខ្ពស់ ក៏បណ្តាលទៅជាភ្លើងឆេះព្រៃដែលបំផ្លាញទីក្រុងលីថុននៅភាគខាងលិចប្រទេសស្ទើរតែទាំងស្រុង និងបំផ្លាញស្ថានីយវារីអគ្គិសនីក្បែរនោះផង។ មនុស្សជាង ១០០០នាក់ រស់នៅតំបន់ជុំវិញទីក្រុងលីថុននៃខេត្ត British Columbia ត្រូវបានជម្លៀសចេញពីផ្ទះចាប់ពីល្ងាចថ្ងៃទី៣០ ខែមិថុនាមក។
 
នាយករដ្ឋមន្រ្តីនៃខេត្ត British Columbia លោក Jphn Horgan ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១ ខែកក្កដា ថា មូលហេតុពិតប្រាកដអគ្គិភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោកបន្តថា 
 អគ្គិភ័យថ្មីប្រមាណ៦២កន្លែង ត្រូវបានរាយការណ៍បន្តបន្ទាប់នៅខេត្ត British Columbia ។
 
ភ្លើងឆេះព្រៃយ៉ាងអាក្រក់នេះ ធ្វើឱ្យខូតខាតរចនាសម្ព័ន្ធ បំផ្លិចបំផ្លាញស្ថានីយ៍ថាមពលវារីអគ្គិសនី កាត់ផ្តាច់មហាវិថីនានាចូលទីក្រុងលីថុន។ នៅថ្ងៃទី១ ខែកក្កដា អភិបាលក្រុងលីថុនលោក Jan Polderman បញ្ជាឱ្យមនុស្សទាំងអស់ក្នុងទីក្រុងប្រមាណ២៥០នាក់ចាកចេញពីគេហដ្ឋានជាបន្ទាន់ផងដែរ។
 
«វាជារឿងគួរឱ្យខ្លាចណាស់។ ទីក្រុងទាំងមូលកំពុងតែឆាបឆេះ»។ លោក Polderman ថ្លែងប្រាប់សារព័ត៌មាន CBC មុនបន្តថា រយៈពេលត្រឹមតែ១៥នាទីនៃការឱ្យសញ្ញាអាសន្ន ស្រាប់តែមានភ្លើងឆេះគ្រប់ទីកន្លែងភ្លាម។
 
ខ្យល់បោកបក់ខ្លាំងដែលមានកម្លាំងរហូតដល់៧១គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យភ្លើងឆេះរីករាលដាលកាន់តែអាក្រក់ថែមទៀត។ សីតុណ្ហភាពក្ដៅខ្លាំងរហូតដល់៤៩,៦អង្សា ធ្វើឱ្យប្រជាជនកាណាដាយ៉ាងហោច ៤៨៦នាក់បានស្លាប់ក្នុងរយៈពេល៥ថ្ងៃកន្លងទៅនេះ៕
 
 
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com