អន្តរជាតិ
អាមេរិកថា ការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ចិន ជារឿងគួរឱ្យបារម្ភ
02, Jul 2021 , 5:29 pm        
រូបភាព
មីស៊ីលបំពាក់នុយក្លេអ៊ែររបស់ចិនឈ្មោះ Dongfeng ក្នុងក្បួនព្យុហយាត្រាកន្លងមក។ រូបថត Xinhua
មីស៊ីលបំពាក់នុយក្លេអ៊ែររបស់ចិនឈ្មោះ Dongfeng ក្នុងក្បួនព្យុហយាត្រាកន្លងមក។ រូបថត Xinhua
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១ ខែកក្កដា បានបង្ហាញក្ដីបារម្ភទៅនឹងការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ចិន។ អាមេរិកស្នើឱ្យចិនចូលរួមជាមួយខ្លួនក្នុងការកាត់បន្ថយការរត់ប្រណាំងសព្វាវុធដែលអាចបង្កអស្ថិរភាពពិភពលោក។

 
នាសន្និសីទសារព័ត៌មានថ្ងៃទី១ ខែកក្កដា លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និយាយថា ចិនបានបង្កើនកម្លាំងនុយក្លេអ៊ែររបស់ខ្លួនរហូតលែងអាចបិទបាំងបាន ហើយចិនហាក់កំពុងងាកចេញពីផ្លូវកន្លងមកដែលព្យាយាមលាក់បាំងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ឬអាចហៅថា យុទ្ធសាស្រ្តមិនសម្ញែងនោះ។ លោក Price និយាយបែបនេះដើម្បីឆ្លើយសំណួរទាក់ទងរបាយការណ៍មួយរបស់កាសែត Washington Post ។
 
កាសែតនេះ បានស្រង់រូបភាពផ្កាយរណបបង្ហាញដែលបង្ហាញពីការសាងសង់ឃ្លាំងដាក់មីស៊ីលប្រមាណ១០០កន្លែងនៅវាលខ្សាច់ភាគខាងលិចចិន។ 
 
«របាយការណ៍នេះ និងការវិវត្តផ្សេងទៀតទំនងមានន័យថា អាវុធនុយក្លេអ៊ែររបស់ចិន នឹងកើនឡើងលឿន និងដល់កម្រិតខ្ពស់ជាងការរំពឹងទុកទៅទៀត។» លោក Price ដោយចាត់ទុកការពង្រឹងកម្លាំងនេះ ជារឿងគួរឱ្យបារម្ភ និងបង្កើតជាសំណួរទាក់ទងបំណងរបស់ទីក្រុងប៉េកាំង។ លោកបន្តថា សកម្មភាពរបស់ចិន នឹងធ្វើឱ្យអាមេរិកបោះជំហានទៅរកវិធានការជាក់ស្ដែងដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ។ អ្នកនាំពាក្យរូបនេះ ក៏ស្នើឱ្យទីក្រុងប៉េកាំងធ្វើការជាមួយវ៉ាស៊ីនតោនលើវិធានការជាក់ស្ដែងនេះសំដៅកាត់បន្ថយការប្រណាំងប្រជែងផ្នែកអាវុធដែលជ្រួលច្របល់ផងដែរ។
 
ត្រង់នេះ លោក Price ក៏ឆ្លៀតរំឭកដល់នយោបាយប្រធានាធិបតី ចូ បៃឌិន ដែលប្រកាន់យកយុទ្ធសាស្រ្តស្ថិរភាពក្នុងការចរចាជាមួយសមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ។ មន្ត្រីក្រសួងការបរទេសដដែលអះអាងថា អាមេរិកក៏ប្រកាន់ជំហរដូចគ្នានេះជាមួយចិនដែលមហាអំណាចនុយក្លេអ៊ែរផងដែរ។
 
ក្នុងរបាយការណ៍ទៅកាន់សភានៅឆ្នាំ២០២០ មន្ទីរបញ្ចកោណប៉ាន់ស្មានថា ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ២០០គ្រាប់ ហើយអាចបង្កើនថែមទៀត ព្រោះចិនកំពុងធ្វើទំនើបកម្មយោធាផង។ ចំណែកអាមេរិក ត្រូវប៉ាន់ស្មានថា មានប្រមាណ៣៨០០ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយក្នុងនោះក្បាលគ្រាប់១៣៥៧ ត្រូវបានពង្រាយនៅតាមទីតាំងនានានៅត្រឹមថ្ងៃទី១ ខែមីនា។
 
កន្លងមក អាមេរិក ក៏ធ្លាប់ហៅចិនឱ្យចូលតុចរចាជាមួយខ្លួន និងរុស្ស៊ីលើការកាត់បន្ថយនុយក្លែអ៊ែរនេះដែរ។ ប៉ុន្តែទីក្រុងប៉េកាំងបដិសេធ ដោយលើកហេតុផលថា នុយក្លេអ៊ែររបស់ខ្លួនមានចំនួនតិចណាស់បើធៀបនឹងអ្វីដែលវ៉ាស៊ីនតោន និងមូស្គូមាន៕
 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com