កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ស្វីសប៉ះអេស្ប៉ាញ មុនជំនួបក្រុមមិនទាន់ចាញ់ បែលហ្ស៊ិក-អ៊ីតាលី
02, Jul 2021 , 5:59 pm        
រូបភាព
ដោយ៖ជា យូគៀង

វគ្គ៨ក្រុមចុងក្រោយព្រឹត្តិការណ៍ Euro 2020 ចាប់ផ្តើមនារាត្រីនេះដោយស្វីសត្រូវប៉ះអេស្ប៉ាញ មុនការប្រកួតរវាងបែលហ្ស៊ិក និងអ៊ីតាលីដែលជាក្រុមមិនទាន់ស្គាល់ចាញ់ដូចគ្នា។

 

ស្វីសប៉ះអេស្ប៉ាញវគ្គ៨ ក្រុមនាកីឡដ្ឋាន Saint Petersburg វេលាម៉ោង ១១ យប់ 

ស្វីសបង្ហាញវត្តមាននៅវគ្គ៨ក្រុមចុងក្រោយជាលើកដំបូង ក្រោយបានទម្លាក់ជើងឯករងបារាំងដោយបាល់ប៉េណាល់ទី ខណៈគោក្រហមអេស្ប៉ាញដែលជាម្ចាស់ជើងឯក៣ជំនាន់ បានធ្វើឲ្យក្រូអាស៊ី ហាលអាវក្នុងលទ្ធផល ៥-៣ ក្រោយការប្រកួតដែលបន្លាយពេលដល់១២០នាទី។
 
សម្រាប់ជំនួបនារាត្រីនេះ ស្វីសដែលស្ថិតក្រោមការដឹកនាំរបស់លោក Vladimir Petkovic ត្រូវអវត្តមានប្រធានក្រុម Granit Xhaka ដោយសារជាប់ពិន័យ ប៉ុន្តែខ្សែបម្រើ Xherdan Shaqiri ខ្សែប្រយុទ្ធ Haris Seferovic រួមទាំងកីឡាករវ័យក្មេង Breel Embolo នៅតែជាកម្លាំងដ៏ឆ្នើមក្នុងការបង្កើតប្រវត្តិសាស្ត្រក្រុម។ 


 
ចំណែកក្រុមរបស់លោក Luis Enrique វិញ គ្មានកង្វល់ទាក់ទងនឹងស្ថានភាពកីឡាករនោះឡើយ ដោយ Alvaro Morata Pablo Sarabia និង Ferran Torres ដែលជាខ្សែប្រយុទ្ធដោយមានការគាំទ្រពីខ្សែបម្រើល្អៗដូចជា Koke, Sergio Busquets, Pedri ព្រមទាំងខ្សែការពារដ៏ល្អ Aymeric Laporte Jordi Alba Azpilicueta និង Eric Garcia។ 
 
អេស្ប៉ាញជាក្រុមដែលមានប្រវត្តិឈ្នះស្វីសដោយពួកគេចាញ់ស្វីសតែម្តងតែប៉ុណ្ណោះនៅគ្រប់ការប្រកួតដែលធ្លាប់ជួបគ្នា គិតចាប់ពីឆ្នាំ ១៩៩៤ ការប្រកួត World Cup អេស្ប៉ាញឈ្នះស្វីស ឆ្នាំ ២០១០ អេស្ប៉ាញចាញ់ ក្រោយៗមក អេស្ប៉ាញមិនដែលចាញ់ទៀតឡើយ ដោយស្មើ២ និងឈ្នះ១។
 
ជំនួបបែលហ្ស៊ិក និងអ៊ីតាលីនាកីឡដ្ឋាន Allianz Arena វេលាម៉ោង ២អាធ្រាត្រ 
  


មុននឹងឈានមកដល់វគ្គ៨ក្រុមនេះ អ៊ីតាលីក៏បានឆ្លងកាត់ការប្រកួតដ៏តឹងតែងដូចគ្នាដោយបានទម្លាក់ក្រុមអូទ្រីសនៅវគ្គ ១៦ក្រុមដោយលទ្ធផល ២-១ ក្នុង ១២០ នាទី ខណៈបែលហ្ស៊ិកយកឈ្នះព័រទុយហ្កាល់ ១-០ យ៉ាងលំបាក។ ការប្រកួតក្នុងរាត្រីនេះក្រុមម្ខាងនឹងត្រូវបាត់បង់ឈ្មោះជាក្រុមដែលមិនស្គាល់ពាក្យថាចាញ់ ដោយក្រុមទាំង២នេះ មានស្ថិតិ ១៤ ប្រកួតឈ្នះជាប់ៗគ្នាដូចគ្នាក្នុងព្រឹត្តិការណ៍ Euro 2020 តាំងពីវគ្គជម្រុះដំបូងមក។ 
 
មុនការប្រកួតមកដល់គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini ថា ក្រុមរបស់លោកបន្តលេងរូបមន្តដដែល ខណៈលោក Roberto Matinez គ្រូបង្វឹកបែលហ្ស៊ិកគិតថា អ៊ីតាលីនឹងព្យាយាមសម្រុកនៅដើមវគ្គទី១ ដូចនេះក្រុមរបស់លោក នឹងប្រមូលអារម្មណ៍ឲ្យបានខ្ពស់។
 
គិតចាប់ពីឆ្នាំ ១៩៩១ មកដល់ឆ្នាំ ២០១៦ បែលហ្ស៊ិកធ្លាប់បានជួបគ្នាជាមួយអ៊ីតាលី ៧លើករួចមកហើយ បែលហ្ស៊ិកយកឈ្នះ២លើកតែ ដោយក្រៅពីនេះគឺ ស្មើ២ និងចាញ់៣។ 
 
សម្រាប់បែលហ្ស៊ិក ខ្សែការពារ Timothy Castagne ត្រូវអវត្តមានដោយសារបញ្ហារបួស ខណៈ Kevin De Bruyne និង Eden Hazard មិនទាន់ច្បាស់លាស់ ប៉ុន្តែ Romelu Lukaku, Thorgan Hazard,Yannick Carrasco អាចដាក់សម្ពាធ បានគ្រប់ពេលលើអ៊ីតាលី ហើយ Thomas Vermaelen, Jan Vertonghen, Toby Alderweireld ជារនាំងដ៏រឹងមាំ។
 
ចំពោះអ៊ីតាលី មានតែខ្សែការពារ Alessandro Florenzi និង Giorgio Chiellini តែពីរនាក់គត់ដែលកំពុងជួបបញ្ហារបួស ខណៈតំបន់ប្រយុទ្ធ Ciro Imobile, Lorenzo Insigne នៅពេញជើងទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ Nicolo Barella, Giovanni Di Lorenzo និង Matteo Pessina ត្រូវលេងឲ្យប្រុងប្រយ័ត្ន ព្រោះបានត្រូវទទួលការពិន័យ ពួកគេប្រឈមអវត្តមានបើអ៊ីតាលី ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ក្រុមដែលទទួលជ័យជម្នះពីរការប្រកួតទាំងពីរនឹងត្រូវឡើងទៅប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley នាថ្ងៃទី៧ ខែកក្កដា៕




 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com