ជាតិ
កុំធ្វើជារាជសីហ៍បានតែជាមួយគ្នាឯង
02, Jul 2021 , 6:49 pm        
រូបភាព
កុំធ្វើជារាជសីហ៍ បានតែជាមួយគ្នាឯង ឬបានតែជាមួយជាតិសាសន៍ឯង តែក្លាយជាកណ្តុរត្រូវទឹកជាមួយអ្នកដទៃ ឬជាមួយជាតិសាសន៍ដទៃ។

    

មិនថាគ្រួសារ ឬប្រទេសជាតិទាំងមូលនោះទេ គឺទាមទារឲ្យមានការរួបរួមគ្នាជាធ្លុងមួយ ទើបសត្រូវខាងក្រៅ មិនអាចឈ្លានពានបាន។ ត្រូវចៀសឲ្យបានចំពោះការធ្វើឫកជាអ្នកក្លាហាន នៅក្នុងផ្ទៃក្នុងខ្លួនឯង តែក្លាយជាជនកំសាកជាមួយបដិបក្ខខាងក្រៅ។     
 
ការរួបរួមគ្នាក្នុងគ្រួសារ នាំឲ្យគ្រួសារ ថ្កំថ្កើង និងមានសុភមង្គល។ សាមគ្គីជាមួយជាតិសាសន៍ឯង នាំឲ្យប្រទេសជាតិ មានភាពរុងរឿង រឹងមាំង ហើយមិនងាយមានបរទេសណា អាចបំបែកបំបាក់ និងឈ្លានពានបាននោះទេ។

ជាមួយគ្នាឯង ជាមួយមិត្តភក្តិឯង ជាមួយក្រុមគ្រួសារសាច់ញាតិឯង ជាមួយជាតិសាសន៍ឯង ត្រូវចេះអនុគ្រោះឲ្យគ្នា ចេះជួយគ្នា ចេះការពារគ្នា និង មិនត្រូវប្រឹងយកឈ្នះចាញ់គ្នាឡើយ។ តែផ្ទុយមកវិញ ត្រូវក្លាហាន តស៊ូ មិនចុះញ៉មជាមួយអ្នកដទៃ ជាមួយជាតិសាសន៍ដទៃ ដែលមកឈ្លានពាន ឬបង្ករឿង។    
 
អ្នកខ្លះ ខ្លាំងបានតែជាមួយក្រុមគ្រួសារសាច់ញាតិឯង តែជាមួយអ្នកដទៃ ស្ងាត់មាត់ច្រៀប សូម្បីក្អក ក៏មិនហ៊ានក្អកផង ហើយទោះបីជាពេលខ្លះ គេ ជាអ្នកបង្ករឿងមុន ឬគេ ជាអ្នកខុសក៏ដោយ ក៏មិនហ៊ានតវ៉ាជាមួយគេដែរ។ អ្នកខ្លះ ក្អេងក្អាងបានតែជាមួយជាតិសាសន៍ឯង បំពានបានតែជាតិសាសន៍ឯង ជិះជាន់បានតែជាតិសាសន៍ឯង តែជាមួយជាតិសាសន៍ដទៃ កុំថាឡើយដល់ទៅហ៊ានតតាំងជាមួយគេ ត្រឹមតែធ្វើឫកឲ្យស្មើនឹងគេ ស្ទើរតែមិនហ៊ានផង។ 
 
ប្រទេសជាតិទន់ខ្សោយ ទឹកដីបាត់បង់ ជួនកាល គឺដោយសារតែពលរដ្ឋ និង មេដឹកនាំនៃប្រទេសនោះ ខ្លាំងបានតែជាតិសាសន៍ឯង និង ប្រឹងឈ្លោះយកឈ្នះយកចាញ់តែជាមួយជាតិសាសន៍ឯង។ បើចង់ធ្វើខ្លាំងមែន គួរតែខ្លាំងជាមួយអ្នកដទៃ ជាមួយជាតិសាសន៍ដទៃ ដែលមកឈ្លានពាន នោះទើបសមជាអ្នកខ្លាំងពិតប្រាកដ និងអាចការពារជាតិសាសន៍ខ្លួនឯង ឲ្យនៅគង់វង្ស ហើយជាតិសាសន៍ដទៃ មិនហ៊ានមើលងាយ មិនងាយឈ្លានពាន។   
 
តាមពិត ការធ្វើខ្លាំងជាមួយគ្រួសារសាច់ញាតិខ្លួនឯង ការធ្វើខ្លាំងជាមួយជាតិសាសន៍ខ្លួនឯង តែមិនហ៊ានជាមួយអ្នកដទៃ មិនហ៊ានជាមួយជាតិសាសន៍ដទៃ គឺគ្រាន់តែជារឿង ដែលគួរឲ្យខ្មាសអៀនប៉ុណ្ណោះ។ អ្នកទាំងនោះ ប្រៀបដូចជា រាជសីហ៍ ដែលបញ្ចេញចង្គូមគ្រហឹមដាក់បានតែគ្នាឯង និងដេញចាប់ហែកស៊ីបានតែគ្នាឯង តែនៅចំពោះមុខសត្រូវ នឹងប្រែក្លាយជាកណ្តុរត្រូវទឹក៕   
 
 
 
 

Tag:
 ទស្សនៈអំពីសាមគ្គី
© រក្សាសិទ្ធិដោយ thmeythmey.com