ជាតិ
កូនផ្សោតទើបកើតមួយក្បាល បង្ហាញខ្លួននៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី
03, Jul 2021 , 12:29 pm        
រូបភាព
ដោយ៖ ប៉ូ សុភា ​
 
ភ្នំពេញ៖ កូនផ្សោតថ្មី១មួយក្បាល មានអាយុទើបមួយសប្ដាហ៍  ត្រូវបានក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញហែលជាមួយហ្វូងសត្វផ្សោតធំចំនួន៩ក្បាល ក្នុងតំបន់អន្លង់សត្វផ្សោតកាំពីនៃខេត្តក្រចេះ។ នេះជាកូនផ្សោតទី៥ហើយ ដែលក្រុមជំនាញបានរកឃើញប្រចាំឆ្នាំ២០២១ ចាប់តាំងពីខែមករាដល់ខែមិថុនា។

 
កូនផ្សោតទី៥ ក្នុងតំបន់អន្លង់សត្វផ្សោតកាំពីខេត្តក្រចេះ ត្រូវបានអ្នកជំនាញ និងកត់ត្រាចូលបញ្ជីកំណត់ត្រាកំណើតថ្មី នៅថ្ងៃទី២៨ ខែមិថុនា។ កាលពីឆ្នាំ២០២០ សត្វផ្សោតថ្មីសរុបចំនួន៩ក្បាល ត្រូវបានចូលបញ្ជី ខណៈសត្វផ្សោតថ្មីសរុបចំនួន១៣ក្បាលត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០១៩។ បើតាមអង្គការ WWFប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា។
 
ទន្ទឹមនឹងការកើតថ្មីជាបន្តបន្ទាប់របស់សត្វប្រភេទនេះ  កត្តាគំរាមកំហែងដូចជាបទល្មើស និងការនេសាទខុសច្បាប់ ដែលប៉ះពាល់ដល់ការរស់នៅ និងអាយុជីវិតរបស់ពួកវានៅតែមាន។ «ស្ថានភាពបែបនេះ ចាំបាច់ទាមទារនូវវិធានការរួមគ្នា និងខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកល ឲ្យជៀសផុតពីការឈានទៅផុតពូជ»។ នេះជាការបញ្ជាក់របស់អង្គការ WWF។​
 
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជបំផុត។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និង អង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា៕


រូបភាពដោយ អង្គការWWF

 

Tag:
 កូនផ្សោតទី៥
  WWF
  អន្លង់សត្វផ្សោតកាំពី
© រក្សាសិទ្ធិដោយ thmeythmey.com