កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ឆែកប៉ះដាណឺម៉ាក មុនអ៊ុយក្រែនប៉ះតោកំណាចអង់គ្លេស
03, Jul 2021 , 1:29 pm        
រូបភាព
ការប្រកួតប្រជែង​វគ្គ​៨ក្រុម​ចុងក្រោយនៃ Euro 2020 នារាត្រីនេះ ជាការប៉ះគ្នា​រវាងសាធារណរដ្ឋឆែក និង ដាណឺម៉ាក​នៅក្រុងបាគូ មុនពេល​ដែលអ៊ុយក្រែន តទល់ជាមួយអង់គ្លេស នៅ​ទីក្រុងរ៉ូម។ ក្រុម​ដែលឈ្នះនឹងឡើង​ទៅ​ប្រជែងគ្នា​នៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

 
ឆែកប៉ះដាណឺម៉ាកនាកីឡដ្ឋាន Baku Olimpiya Stadionu វេលាម៉ោង១១យប់
 
ឆែកបានទម្លាក់ហូឡង់ក្នុងលទ្ធផល ២-០ រីឯដាណឺម៉ាកធ្វើឲ្យវេលស៍ខកចិត្តក្នុងលទ្ធផល ៤-០។ ពួក​គេត្រូវជួបគ្នា នៅវគ្គ៨ ក្រុម​ចុងក្រោយជាលើកទី២ ដោយកាលពីឆ្នាំ​២០០៤ ឆែកបានយកឈ្នះក្នុងលទ្ធផល ៣-០។ 
​ឆែក​របស់​លោក Jaroslav Silhavy មិនមានបញ្ហាកីឡាករនោះឡើយ ដោយខ្សែប្រយុទ្ធ Patrik Shick ព្យាយាម​​រកគ្រាប់បាល់ បន្ថែមទៀត​តាម​វីរបុរស Milan Baros ដែលរកបាន​៥គ្រាប់នៅ​ឆ្នាំ២០០៤។  Tomas Holes Tomas Soucek Lukas Masopust ចំណែកខ្សែការពារដែលត្រូវប្រុងប្រយ័ត្នខ្ពស់គឺ Vladimir Coufai ដែលទទួលបានកាតលឿងកាលពី​ប្រកួត ជាមួយហូឡង់។ 
 
បន្ទាប់ពីប៉ះទង្គិចផ្លូវចិត្តក្រោយពេល Christian Erickson បានដួលសន្លប់ ដាណឺម៉ាកក្រោម​ការដឹកនាំ​របស់​លោក Kasper Hjulmand កាន់តែមាន​ការប្រកួតដ៏ទាក់ទាញ។ ដាណឺម៉ាក មិន​ព្រួយបារម្ភលើ​បញ្ហាកីឡាករឡើយដោយខ្សែប្រយុទ្ធ Kasper Dolberg និង Mikkel Damsgaard សុទ្ធតែមាន​ទម្រង់​លេង​ប្រសើរឡើង។ ចាប់តាំងពីឆ្នាំ ១៩៩៨  ក្រុមទាំងពីរ​ធ្លាប់បានជួបគ្នាចំនួន ១១លើក ដោយឆែកយកឈ្នះ ២លើក ស្មើ ៦លើក និងចាញ់៣ លើក។ 




 
អ៊ុយក្រែនប៉ះអង់គ្លេសនាកីឡដ្ឋាន Stadio Olimpico ទីក្រុងរ៉ូម វេលាម៉ោង ២អាធ្រាត្រ
 
អ៊ុយក្រែនគឺជាក្រុមដែលហៀបនឹងធ្លាក់ចេញពីព្រឹត្តិការណ៍ Euro 2020 នេះប៉ុន្តែពួកបែរជាមានសំណាងក្រោយ អេស្ប៉ាញបានបំបាក់ស្កូវ៉ាគី ៥-០ ដោយជួយឲ្យពួកគេឡើងទៅកាន់វគ្គ​១៦ក្រុមចុងក្រោយជាលើកទីពីរ។  បន្ទាប់មក ពួកគេ​បាន​បន្តទម្លាក់ស៊ុយអែត ២-១ រីឯតោកំណាច​អង់គ្លេស ទម្លាក់អាល្លឺម៉ង់ក្នុងលទ្ធផល ២-០។ 
 
ក្រុមទាំងពីរ​ធ្លាប់បានធ្វើការប្រកួតគ្នាចំនួន៧លើក ដោយ​អង់គ្លេសក៏ធ្លាប់បានចាញ់អ៊ុយក្រែន១លើក​ផងដែរ​កាលឆ្នាំ២០០៩ នៃព្រឹត្តិការណ៍ការប្រកួតជម្រុះ World Cup ចំណែកការប្រកួត ៦ផ្សេងទៀតអង់គ្លេសឈ្នះ ៤ដង និងស្មើ១ដង ដោយ ភាគច្រើនជាការប្រកួតជម្រុះ World Cup តែម្តង។
 
អ៊ុយក្រែនដឹកនាំដោយលោក Andriy Shevcenko គឺមិនមានកីឡករដែលជាប់បម្រាមរឺរបួសឡើយ ខណៈលោករំពឹង ខ្លាំង លើខ្សែប្រយុទ្ធដ៏មុតស្រួច Roman Yaremchuk ព្រមទាំង Andriy Yarmolenko អមដោយខ្សែបម្រើវ័យក្មេង Oleksandr Zinchenko ព្រមទាំងខ្សែការពារដ៏រឹងមាំ Illia Zabarnyi, Sergey Krivtsov និង Mykola Matviyeko។ លោក Shevcenko ថាក៏នឹងប្រើទម្រង់ដូចកាលប៉ះស៊ុយអែតដដែល។


 
សម្រាប់អង់គ្លេសដែលដឹកនាំដោយលោក Gareth Southgate កីឡាករដែលទទួលកាតលឿងនាប្រកួតទល់អាល្លឺម៉ង់នឹងត្រូវប្រុងប្រយ័ត្នខ្ពស់ គឺ Kelvin Phillips ,Declan Rice រួមទាំង Harry Maguire ប៉ុន្តែពួកគេនឹងបង្ហាញ​ទម្រង់លេងដ៏ល្អពីខ្សែប្រយុទ្ធ Raheem Sterling និង Harry kane គាំទ្រដោយខ្សែបម្រើ Mason Mount និង Jordan Henderson រួមជាមួយរណាំងការពារដ៏រឹងមាំ John Stone Kyle Walker និង Kieran Trippier ។
 
ក្រុមដែល​ឈ្នះការប្រកួតទាំងពីរនេះ នឹងត្រូវឡើង​ប៉ះគ្នា​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley នាថ្ងៃទី៨ ខែកក្កដា៕



Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com