COVID-19
ជាតិ
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប សាទរនឹងកំណើនទេសចរ តែក៏បារម្ភពីការឆ្លងនៃកូ​វីដ​​-១៩
03, Jul 2021 , 12:59 pm        
រូបភាព
ដោយ:
ខេត្តកែប បានស្វាគមន៍ទេសចរជិត ២ម៉ឺននាក់ នៅរយៈពេល ៣សប្តាហ៍ដំបូង នៃខែមិថុនាកន្លងទៅ។ លោក សោម ចិន្តាប្រធានមន្ទីរទេសចរណ៍ខេត្តកែប  បានសាទរចំពោះកំណើនទេសចរនេះ ក៏ប៉ុន្តែលោកក៏បារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ដែរ ខណៈភ្ញៀវទេសចរ​​​មួយចំនួនមិនគោរពវិធានសុវត្ថិភាព។ ករណីឆ្លងនៅរយៈពេលចុងក្រោយនេះ កាន់តែខ្លាំងក្លាឡើង ដោយ អ្នកឆ្លងថ្មីមានកាន់តែច្រើន​ ហើយចំនួនអ្នកស្លាប់ ក៏រឹតតែហក់ឡើងខ្ពស់។

រយៈពេល៣សប្តាហ៍នៃខែមិថុនា ខេត្តកែបទទួលបានទេសចរជិត ២ម៉ឺននាក់ដើរកម្សាន្ត។ ចំនួនភ្ញៀវទេសចរនេះ បានធ្វើឱ្យអាជីវករក្នុងវិស័យទេសចរណ៍ នៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ទទួលបានចំណូលមកវិញ។ ប៉ុន្តែកំណើនភ្ញៀវជាហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩។  លោក សោម ចិន្តា ប្រធានមន្ទីទេសចរណ៍ខេត្តកែប លើកឡើងថា ភ្ញៀវទេសចរ ខ្លះមិនអនុវត្តវិធានសុវត្ថិភាព ដែលធ្វើឱ្យលោក​បារម្ភពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង។
 
«ភ្ញៀវនៅតែមានច្រើន មែនទែនទៅយើងអត់ចង់បានភ្ញៀវច្រើនពេកទេ ប៉ុន្តែគាត់ចេះតែមក។ ភ្ញៀវខ្លះណែនាំហើយធ្វើតាម អ្នកខ្លះទៀតអត់ស្ដាប់ អ្នកខ្លះមិនរក្សាគម្លាត។ យើងមិនអាចទៅមើលគាត់បានគ្រប់ជ្រុងជ្រោយបានទេ អ៊ីចឹងគាត់ត្រូវចេះរក្សាសុវត្ថិភាពដោយខ្លួនឯង »។ នេះជាការបញ្ជាក់របស់លោក សោម ចិន្តា ដោយបន្តអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានឱ្យ អនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន មិនត្រូវប្រហែសជាដាច់ខាត ។​

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប

ជាមួយគ្នានេះដែរភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តកែបត្រូវឆ្លងកាត់ការត្រួតពិនិត្យដូចជាការវ៉ាស់កម្ដៅ និង ការសួរនាំពីអាជ្ញារធរនៅព្រំប្រទល់ខេត្តកំពត និងខេត្តកែប។ចំណែកការកម្សាន្តពេលរាត្រី ភោជនីយដ្ឋាន និងការលក់គ្រឿងស្រវឹងត្រូវផ្អាកចាប់ពីម៉ោង៨យប់ ដោយអនុវត្តតាមបំរាមគោចរណ៍ របស់រដ្ឋបាលខេត្តកែប ។

​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៥៣ ៩២៨​នាក់ ក្នុងនោះ ២៩១៦ នាក់​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន  ៤៦១២៣​នាក់ និង​ស្លាប់​សរុប  ៦៩៦ នាក់​៕ 


 

Tag:
 ទេសចរ
 សោម ចិន្តា
© រក្សាសិទ្ធិដោយ thmeythmey.com