ជាតិ
ប្រាសាទ«ថ្នល់ដាច់»សង់អំពីឥដ្ឋ ជាបុរាណស្ថាននៅខេត្តសៀមរាប
03, Jul 2021 , 3:22 pm        
រូបភាព
ដោយ៖ ឡុង តូន 
 
សៀមរាប ៖  ដ្បិតពុំសូវមានទេសចរ មកទស្សនាជាហូរហែក្ដី តែប្រាសាទថ្នល់ដាច់ នៅតែជាបុរាណស្ថានមួយដែលមានសារសំខាន់ សម្រាប់អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងជាពិសេសផ្នែកស្ថាបត្យកម្ម។ ប្រាសាទថ្នល់ដាច់ អ្នកខ្លះហៅប្រាសាទក្រវិល។ ឯអ្នកខ្លះទៀតហៅប្រាសាទទំនប់អន្លង់ក្រវិល ជាប្រាសាទដែលសង់អំពីឥដ្ឋ លើទីទួលតូចមួយ និងមានស្នាមគូទឹកនៅព័ទ្ធជុំវិញ។


 
ប្រាសាទថ្នល់ដាច់ ស្ថិតនៅក្នុងបរិវេណវត្តប្រាសាទទំនប់អន្លង់ក្រវិល ហៅវត្តក្រវិល ក្នុងភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រាសាទនេះ ពុំមានសិលាចារឹក ដែលអាចផ្ដល់កាលបរិច្ឆេទនៃការកសាងច្បាស់លាស់ តែយោងលើក្បាច់ចម្លាក់នៅតាមផ្ដែរ និងសសរពេជ្រ អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាមួយចំនួនបានប៉ាន់ស្មានថា ប្រហែលជាសំណង់នាពាក់កណ្ដាលសតវត្សរ៍ទី១០ នៃគ.ស (រចនាបថ ប្រែរូប) ហើយក៏អាចជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ 
 
ប្រាសាទនេះមានប្រាង្គ៣ សង់តំរៀបគ្នាលើខឿនតែមួយ បែរទៅទិសខាងកើត។ ចំណែកអគារមួយ ដែលស្ថិតនៅជ្រុងអាគ្នេយ៍  ជាទូទៅអ្នកសិក្សាបុរាណវិទ្យាតែងហៅថា ​«បណ្ណាល័យ»​​។ លើសពីនេះ ទោះបីស៊ុមទ្វារនៃរោងទង ដែលកប់ដីស្ទើរជិតអស់ទៅហើយក្ដី តែបើធៀបរវាងជញ្ជាំងខាងក្រៅ ឃើញថារោងទងដែលសង់ព័ទ្ធជុំវិញប្រាសាទនេះ​ មានទទឹងប្រហែលមួយម៉ែត្រ។
 
ស្ថាបត្យកម្មនៃសំណង់របស់ប្រាសាទថ្នល់ដាច់ មានលក្ខណៈពិសេសជាងប្រាសាទអំពីឥដ្ឋផ្សេងៗទៀត គឺមានប្រាង្គ៣ សង់តភ្ជាប់គ្នាដោយជញ្ជាំងឥដ្ឋ ព្រមទាំងលម្អដោយបង្អួចដែលមានរន្ធខ្យល់រាងច័ក្កច័ន។  ផ្នែកខាងក្រោយ (ទិសខាងលិច) នៃប្រាង្គកណ្ដាលមានមណ្ឌបលយចេញទៅខាងក្រៅបន្តិច តែបិទភ្ជិតដោយទ្វារបញ្ឆោត។
 
រីឯ ជើងទៀនដែលលម្អតាមបង្អួចនៃ«បណ្ណាល័យ» និងបង្អួចបញ្ឆោតនៃរោងទង មានលក្ខណៈជ្រុងៗ និងមានក្បាច់លម្អ។ តាមការសង្កេត ទេវស្ថានមួយនេះ ក៏ទំនងជាសង់ពុំទាន់ចប់សព្វគ្រប់ ព្រោះស៊ុមទ្វារខ្លះ នៅពុំទាន់មានការសម្អាតរួចរាល់។ ចំណែកគ្រឿងបង្គំផ្សេងៗទៀត ដូចជា ផ្ដែរ សសរពេជ្រ ស៊ុមទ្វារ ក៏នៅតែប្រើប្រាស់ថ្មភក់ដូចសំណង់នៅទីដទៃ៕ 









Tag:
 ប្រាសាទថ្នល់ដាច់
 បុរាណស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com