ជាតិ
រយៈពេល៦ខែ ឆ្នាំនេះអ្នកឡើងភ្នំឱរ៉ាល់មានតែ២.៧ពាន់នាក់ ថយចុះជិត៥០ភាគរយ
03, Jul 2021 , 9:59 pm        
រូបភាព
រូបភាពពីលោក ឈឺន ឈីម មគ្គុទេសក៍ទេសចរភ្នំឱរ៉ាល់
រូបភាពពីលោក ឈឺន ឈីម មគ្គុទេសក៍ទេសចរភ្នំឱរ៉ាល់
ដោយ: ថ្មីៗ
ភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់រយៈពេល៦ខែ ក្នុងឆ្នាំ២០២១ មានចំនួន ២,៧៥៣នាក់ ក្នុង​​នោះ​មានភ្ញៀវអន្តជាតិផ្ទៃក្នុង១១៥នាក់។ តួលេខនេះ ថយចុះប្រមាណ ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានទេសចររហូតដល់ ៥,៥០០នាក់។


 
បើតាម លោក ឈឺន ឈីមមគ្គុទេសក៍ទេសចរភ្នំឱរ៉ាល់ ការថយចុះភ្ញៀវ ឡើងភ្នំឱរ៉ាល់រយៈពេល ៦ខែមកនេះគឺបណ្ដាលមកពីការរីករាតត្បាតនៃជំងឺកូវីដ-១៩​ ដែលត្រូវឱ្យសហគមន៍ផ្អាកទទួលភ្ញៀវប្រមាណ១ខែ។  « ភ្ញៀវបុកមកច្រើនចន្លោះពីខែមករា ដល់ខែមីនា ហើយដើមខែមេសា ក៏មានភ្ញៀវខ្លះដែរប៉ុន្តែពីពាក់កណ្ដាលខែមេសា ដល់ខែឱសភា គឺស្ងាត់ភ្ញៀវតែម្ដង »។ នេះជាការបញ្ជាក់បន្ថែមរបស់មគ្គុទេសក៍ទេសចររូបនេះ។
 
ក្រោយបើកទទួលភ្ញៀវទេសចរ​វិញ សហគមន៍ចាប់ផ្ដើមនាំភ្ញៀវឡើងភ្នំជាបន្តបន្ទាប់ប៉ុន្តែ​ត្រូវស្ថិតក្រោមការអនុវត្តវិធានសុវត្ថិភាព ដោយមិនអនុញ្ញាតឱ្យភ្ញៀវទេសចរស្និទ្ធស្នាល​ជា​មួយប្រជាសហគមន៍នោះទេ។ បន្ថែមពីនេះ ភ្ញៀវទេសចរត្រូវបំពេញឯកសាពីប្រវត្តិធ្វើដំណើរនិងកត់ត្រា ព័ត៌មានផ្ទាល់ខ្លួន នៅទីស្នាក់ការសហគមន៍។
 
គួរបញ្ជាក់ផងដែរសហគមន៍នៅភ្នំឱរ៉ាល់ បានផ្អាកជូនភ្ញៀវទេសចរឡើងភ្នំ ចាប់តាំងពីថ្ងៃទី៧ មេសាដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
 
សហគមន៍ចាប់ផ្ដើមទទួលភ្ញៀវទេសចរវិញ កាលពីថ្ងៃទី៣១ ខែឧសភា។ ការបើកទទួលទេសចរនេះ បានផ្ដល់ប្រាក់ចំណូលឡើងវិញដល់ប្រជាសហគមន៍ក្រៅពីការធ្វើកសិកម្ម៕

Tag:
 ឱរ៉ាល់
  កំពង់ស្ពឺ
  ឈឺន ឈីម
© រក្សាសិទ្ធិដោយ thmeythmey.com